
ឌុន រដ្ឋា (ឆ្វេង) រងនូវការវាយពីកីឡាករអីុរ៉ង់ Abol Fazl កាលពីថ្ងៃអាទិត្យ។ យឺន ពន្លក
ភ្នំពេញ: កីឡាករប្រដាល់គុនខ្មែរទម្ងន់ធ្ងន់ ២ នាក់ បានប្រកួតចាញ់កីឡាករបរទេសយ៉ាងគ្រាំគ្រា ក្រោយពី ឌុន រដ្ឋា មកពីក្លិបអេភូថងចាញ់ពិន្ទុកីឡាករ Abol Fazl មកពីប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃអាទិត្យ ទី ៩ ខែធ្នូ ឆ្នាំ ២០១៨ ក្រោយពីការតស៊ូប្រកួតបានចំនួន ៥ ទឹកពេញ ស្របពេលអ្នកលេងក្បាច់កែងវង្ស ណយ បានរង់បរាជ័យដោយសន្លប់។
វង្ស ណយ ដែលមកពីក្លិបកុលបុត្រ គុនខ្មែរ ខណ្ឌទួលគោក បានប្រឹងអស់ពី លទ្ធភាព ប៉ុន្តែត្រូវបានកីឡាករថៃ Phat Many វាយកែងឲ្យសន្លប់ត្រឹមទឹកទី ៤ ក្នុងកម្មវិធីប្រដាល់នៅលើសង្វៀនអាស៊ីអាគ្នេយ៍។
ទិដ្ឋភាពប្រកួតជាក់ស្តែង កីឡាករឌុន រដ្ឋា បានរងនូវការវាយដោយ Abol Fazl ភ្លាមៗនៅទឹកទី ១ ខណៈកីឡាករអ៊ីរ៉ង់រូបនេះបានប្រើកណ្តាប់ដៃ និងស្នៀតជង្គង់ផ្ទួនៗ បណ្តាលឲ្យវង្វេងវង្វាន់ ហើយអាជ្ញាកណ្តាលលោកឡុង វិបុល បានរាប់ទៅលើឌុន រដ្ឋា ចំនួន ២ លើក មុននឹងគេចផុតពីការសន្លប់ក្នុងទឹកទី ១។
នៅពេលការប្រកួតឈានចូលដល់ទឹកទី ២ ឌុន រដ្ឋា ហាក់បីដូចប្រឹងប្រែងបានល្អឡើងវិញ ដោយអាចទប់ទល់ផង និងវាយសម្រុកផង បានយ៉ាងល្អ ហើយកាន់តែល្អឡើងៗ និងមានប្រៀបខ្លះនៅក្នុងទឹកទី ៤។
ការប្រកួតដែលបានឈានចូលដល់ទឹកទី ៤ កីឡាករ Abol Fazl នៅតែបន្ថែមការវាយសម្រុក ដែលបានធ្វើឲ្យឌុន រដ្ឋា ស្ថិតក្នុងសភាពកាន់តែយ៉ាប់ទាំងកម្លាំង និងទាំងបច្ចេកទេស ហើយអាជ្ញាកណ្តាលឡុងវិបុលបានរាប់លើ ឌុន រដ្ឋា ម្តងទៀត។
ប៉ុន្តែ ការតស៊ូប្រកួតរបស់ឌុន រដ្ឋា នៅតែបន្ត និងបានឈានចូលរហូតដល់បញ្ចប់ក្នុងទឹកទី ៥ ហើយលទ្ធផលគឺបានចាញ់ត្រឹមពិន្ទុទាំងគ្រាំគ្រាខ្លួនបំផុត។
ចំណែក វង្ស ណយ ដែលមុនប្រកួតរំពឹងឈ្នះកីឡាករថៃ Phat Many បានរងនូវការបរាជ័យយ៉ាងធ្ងន់ធ្ងរ ហើយបានសុំចុះចាញ់ត្រឹមទឹកទី ៤ ក្រោយពីទទួលរងនូវស្នៀតកែងយ៉ាងពេញទំហឹងពីកីឡាករថៃដែលជាគូប្រកួតរបស់ខ្លួន។
វង្ស ណយ ដែលបានហ្វឹកហាត់ត្រៀមល្អ និងមានស្មារតីរឹងមាំចង់ឈ្នះកីឡាករថៃនៅសង្វៀនអាស៊ីអាគ្នេយ៍នោះ ពិតជាបានប្រឹងអស់ពីលទ្ធភាព ប៉ុន្តែមិនអាចទៅរួចជាមួយ Pha tMany បានឡើយ។
វង្ស ណយ បានប្រាប់ក្រោយប្រកួតថា៖ «កីឡាករថៃ Phat Many ល្អណាស់ ខ្ញុំប្រឹងអស់ពីសមត្ថភាព ប៉ុន្តែមិនអាចយកឈ្នះគេបាន»៕