ភ្នំពេញ៖ ការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លានទម្ងន់ ៦៣,៥ គីឡូក្រាម នៅលើសង្វៀនថោននាថ្ងៃអាទិត្យនេះ ត្រូវបានគេមើលឃើញថា អ្នកប្រដាល់ ឌុម កែវដា ទំនងមានភាគរយច្រើនជាងគេក្នុងការឈ្នះប្រាក់លាន ព្រោះវត្តមានអ្នកប្រជែងចំនួន ៣ នាក់ទៀត មានបទពិសោធនៅតិចជាង និងពុំទាន់ឃើញមានធ្លាប់ឈ្នះខ្សែក្រវាត់នៅឡើយ។
ជាមួយគ្នានេះ ម្ចាស់ខ្សែក្រវាត់ ២ ស្ថាប័ន ឌុម កែវដា បានអះអាងថា រូបគេរំពឹងឈ្នះប្រាក់លាន ប៉ុន្តែជើងថ្មីវ័យក្មេងកីឡាករ ឡុង បេនលឿន កំពុងឡើងកម្លាំង ជាឧបសគ្គធំសម្រាប់រូបគេ ស្របពេលដែលជើងចាស់ វ៉ែន ហុងជីវង្ស ធ្លាប់សន្លប់ក្រោមស្នាដៃរបស់គេនៅទឹកទី៣ ចំណែកវត្តមានជើងថ្មី រិទ្ធ ប៊ុនម៉ៅ គឺគ្មានបញ្ហាលំបាកធំដុំទេក្នុងការយកឈ្នះនោះ។
ឌុម កែវដា ដែលបានសាងឈ្មោះល្បីខ្លាំង ក្នុងឆ្នាំ ២០១៦ និង ២០១៧ ដោយប្រកួតឈ្នះខ្សែក្រវាត់ចំនួន ២ ស្ថាប័ន គឺខារ៉ាបាវ ១ និងគុនខ្មែរអន្តរជាតិ ១ ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម ហើយជាបន្តបន្ទាប់ កែវដា បានក្លាយជាកីឡាករឈរក្នុងលំដាប់ជួរមុខ ដែលបង្ហាញវត្តមានប្រកួតជក់ចិត្ត និងពេញនិយម មិនដែលធ្វើឲ្យខកខាន ឬខូចកម្មវិធីប្រកួតរបស់គេឡើយ។ មិនតែប៉ុណ្ណោះតាមរយៈប្រដាល់ ឌុម កែវដា ទទួលបានក្របខ័ណ្ឌនគរបាលជាតិ និងឡើងប្រកួតបានលុយជួយគ្រួសារ និងធ្វើផ្ទះសំបែងបានសមរម្យទៀតផង។
ឌុម កែវដា និយាយថា៖ «ក្នុងចំណោមកីឡាករ ៣ នាក់នេះ ខ្ញុំគិតថា ឡុង បេនលឿន លំបាកយកឈ្នះជាងគេ ព្រោះកម្លាំងគាត់នៅថេរល្អណាស់ បច្ចេកទេសវាយជង្គង់ល្អ ប៉ុន្តែខ្ញុំនៅតែមានជំនឿថា នឹងយកឈ្នះបាន ព្រោះខ្ញុំស្គាល់ពីក្បាច់ប្រកួត និងមានល្បិចទប់ទល់ តែសុំមិនប្រាប់មុនការប្រកួតនោះទេ»។
កែវដា បន្តថា៖ «ខ្ញុំធ្លាប់ប្រកួតជាមួយ ឡុង បេនលឿន ចំនួន ៣ លើក ដោយឈ្នះ ១ និងចាញ់ ២ លើក គឺចាញ់ផ្នែកកម្លាំង និងស្នៀតជង្គង់នេះតែម្តង ប៉ុន្តែសម្រាប់ វ៉ែន ហុងជីវង្ស ជាអតីតមិត្តរួមក្លិប ខ្ញុំធ្លាប់វ៉ៃគាត់ឲ្យសន្លប់ត្រឹមទឹកទី៣ និងមានឈ្នះពិន្ទុផងដែរ ចំណែក រិទ្ធ ប៊ុនម៉ៅ ខ្ញុំមិនដែលប៉ះទេ ប៉ុន្តែគ្មានឧបសគ្គធំដុំគួរឲ្យខ្លាចនោះឡើយ ហើយតាមរយៈការហ្វឹកហាត់កម្លាំង និងបច្ចេកទេស ខ្ញុំសង្ឃឹមយ៉ាងខ្លាំងថា នឹងដណ្តើមបានប្រាក់លានក្នុងសប្តាហ៍នេះបាន គឺ ៨០ ភាគរយរំពឹងឈ្នះ»។
ចំណែកលោក គង់ ចាន់ធីណា អ្នកគ្រប់គ្រងក្លិបមកុដរាជសីហ៍ បាននិយាយថា៖ «កែវដា អាចឈ្នះដោយរំពឹងខ្ពស់ ព្រោះវាវ៉ៃឆ្លាត ស្នៀតជង្គង់ល្អ កែងល្អ និងវាយសម្រុកខ្លាំង ដកថយបានលឿន ព្រមទាំងមានស្នៀតការពារបានល្អ ហើយការរំពឹងឈ្នះនេះ គឺយើងវ៉ៃតាមបច្ចេកទេសយកពិន្ទុឲ្យចំគោលដៅ ដោយចេញមួយៗឲ្យច្បាស់ គឺធានាឈ្នះបាន»។
ចំពោះ ឡុង បេនលឿន ទើបតែសាងឈ្មោះល្បី ត្រឹម ២ ឆ្នាំ ប៉ុន្តែធ្វើឲ្យជើងចាស់មួយចំនួនចាញ់មិនតិចដែរ ហើយចំពោះការប្រកួតដណ្តើមប្រាក់លាននេះ ឡុង បេនលឿន និយាយថា៖ «ខ្ញុំធានាវ៉ៃអស់ពីសមត្ថភាព ដើម្បីឈ្នះប្រាក់នេះ ប៉ុន្តែមិនហ៊ាននិយាយមុនទេ ព្រោះ ឌុម កែវដា ខ្ញុំធ្លាប់ប៉ះ ដោយឈ្នះ និងចាញ់តឹងតែងបំផុតដូចគ្នា។ យ៉ាងនេះក្តី កែវដា ចាស់វស្សាជាង ព្រមទាំងមានល្បិច និងបទពិសោធល្អជាង»។
ជាមួយគ្នានេះ លោក ជួប វុត្ថា អ្នកគ្រប់គ្រងកីឡាករប្រកួតប្រចាំសង្វៀនថោនប្រាប់ថា គណៈកម្មការផ្គូផ្គងសម្រិតសម្រាំងឲ្យពួកគេជួបគ្នា គឺពិនិត្យលើការអភិវឌ្ឍនូវទិន្នន័យការប្រកួតថ្មីៗ ប៉ុន្តែវាមិនអាចមានសមត្ថភាពស្មើគ្នា ១០០ ភាគរយនោះទេ គឺស្មើតែទម្ងន់ ឯសមត្ថភាពលំបាកកំណត់ឲ្យប៉ុនគ្នាណាស់៕