ភ្នំពេញ៖ ​​អតីត​ក្រុម​ជើង​ឯក ណាហ្គាវើល ​បាន​ត្រៀម​រួច​រាល់ ​នូវ​កម្លាំង​ស្នូល​ដ៏​សំខាន់ៗ​របស់​ខ្លួន ដើម្បី​លេង​មួយ​ទំហឹង ជាមួយ​ក្រុម​ទើប​លើក​ពាន ព្រះខ័នរាជ​ស្វាយរៀង ក្នុង​​ការ​ប្រកួត​បិទ​រដូវកាល​លីក​កំពូល​កម្ពុជា ឆ្នាំ ​២០១៩ នៅ​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​នេះ។

បើ​ទោះបី​ជា​ពេល​នេះ ណាហ្គា​ឈរ​នៅ​លេខ ​៣ មាន ​៥២ ពិន្ទុ តិច​ជាង​ក្រុម​ឈរ​នៅ​លេខ ​២ វិសាខា មាន ​៥៥ ​ពិន្ទុ តែ​ការ​មាន​គ្រប់​បាល់​ចំណាយ​ច្រើន​ជាង វិសាខា ចំនួន ៤​គ្រាប់ នៅ​តែ​ធ្វើ​ឲ្យ​គ្រូ​​ណាហ្គាវើល លោក មាស ចាន់ណា មាន​រំពឹង​តិច​តួច ក្នុង​ការ​ប្រជែង​យក​លេខ ​២ បើ​សិន​ជា​ពួក​គេ អាច​យក​ឈ្នះ​ក្រុម​ស្វាយរៀង ស្រប​ពេល ​វិសាខា ភ្លាត់​ទៅ​ចាញ់​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នោះ។

លោក មាស ចាន់ណា បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ ​«យើង​ពិត​ជា​ចង់​ឈ្នះ​ក្រុម​ស្វាយរៀង សម្រាប់​ការ​ប្រកួត​បិទ​រដូវកាល នេះ។ បើ​ទោះបី​ជា ពេល​នេះ​​យើង​ឈរ​នៅលេខ ​៣ តែ​យើង​ក៏​នៅ​មាន​ឱកាស​អ៊ុត​ដែរ គឺ​មាន​ន័យ​ថា បើ​វិសាខា ភ្លាត់​ចាញ់​ក្រុម​ប៉ូលិស ហើយ​យើង​ឈ្នះ​ស្វាយរៀង នោះ​យើង​នឹង​ទទួល​បាន​លេខ ​២»។

តាម​ប្រវត្តិ​ជួប​គ្នា​ជំនួន ​៥ ​លើក ក្នុង​លីក​កំពូល​កម្ពុជា​នេះ ក្រុម​ស្វាយរៀង មិន​ធ្លាប់​បាន​ឈ្នះ​ណាហ្គាវើល នោះ​ទេ គឺ​ពួក​គេ​បាន​ចាញ់ ៣-១ និង ២-១ កាល​ឆ្នាំ ​២០១៧ រួច​​បន្ត​ចាញ់​ ៤-០ និង​ស្មើ​គ្នា ០-០ កាល​ពី​ឆ្នាំ ​២០១៨។ ឯ​ការ​ជួប​គ្នា​ជើង​ទី ​១ ក្នុង​រដូវកាល​ឆ្នាំ ​២០១៩ នេះ ​ស្វាយ​រៀង បាន​ត្រឹម​ស្មើ ណាហ្គាវើល ០-០ នៅ​លើ​ទឹក​ដី​ខ្លួន​ឯង។

យ៉ាងណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​ចំនួន ​២៥ ​លើក ក្នុង​រដូវកាល​នេះ ស្វាយរៀង មិន​ធ្លាប់​ចាញ់​សោះ ដោយ​ពួក​គេ​បាន​ឈ្នះ​ ២០ និង​ស្មើ ៥ ហើយ​ការ​មាន ​៦៥ ​ពិន្ទុ ​ដាច់​ឆ្ងាយ​ពី​​ក្រុម​ផ្សេងៗ​នេះ បាន​ជួយ​ឲ្យ ក្រុមស្វាយ​រៀង លើក​ពាន​ជា​ផ្លូវ​ការ​តាំង​ពី​ថ្ងៃ​អាទិត្យ សប្តាហ៍​​ទី ​២៥ ក្រោយ​ពេល​ពួក​គេ​បាន​យក​ឈ្នះ​អាស៊ី​អឺរ៉ុប ៦-១។

លោក​ មាស ចាន់ណា បាន​បន្ថែម​ថា៖ ​«​ក្រុម​ស្វាយរៀង បាន​លើក​ពាន​រួច​ទៅ​ហើយ ហើយ​គាត់​ក៏​ត្រូវ​ត្រៀម​ប្រកួត​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ជាមួយ​ក្រុម​បឹងកេត ទៀត អ៊ីចឹង​បើ​គាត់​ដាក់​កីឡាករ​ល្អៗ​ឲ្យ​លេង​ទាំង​អស់ ឬ​លេង​មួយ​ទំហឹង ដើម្បី​រក្សា​កំណត់ត្រា​មិន​ដែល​ចាញ់ វាជា​រឿង​របស់​គាត់ ចំណែក​ខាង​ខ្ញុំ ដឹង​តែ​លេង​មួយ​ទំហឹង​ហើយ គឺ​យើង​មិន​បារម្ភ​លើ​ការ​ពិន័យ​កាត​ទៀត​នោះ​ទេ ព្រោះ​នេះ​ជា​ការ​ប្រកួត​បិទ​រដូវកាល អ៊ីចឹង​យើង​នឹង​លេង​ដោយ​បច្ចេកទេស ​១០០ ​ភាគរយ​ពេញ ជាមួយ​ស្វាយរៀង»។

យ៉ាង​ណា​ក៏​ដោយ លោក ជូ សារឿន គ្រូ​ជំនួយ​ក្រុម​ស្វាយរៀង ប្រាប់​ថា ក្រុម​របស់​លោក​អាច​នឹង​ទុក​កីឡាករ​ខ្មែរ​ល្អៗ​មួយ​ចំនួន។ លោក ជូ សារឿន ​បាន​និយាយ​ថា៖ ​«ការ​​ប្រកួត​លើក​ចុង​ក្រោយ​ជាមួយ​ក្រុម​ណាហ្គាវើល ក៏​យើង​ត្រូវ​ការ​ឈ្នះ​ដែរ ប៉ុន្តែ​យើង​ត្រូវ​តែទុក​ជើង​កីឡាករ​ខ្មែរ​ល្អៗ​មួយ​ចំនួន ដើម្បី​ត្រៀម​លេងផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច ជាមួយ​ក្រុម​បឹងកេត»។

ចំណែក​ ក្រុម​​បឹង​កេត ​មាន​សម្ពាធ​​ខ្លាំង​ជាង​ក្រុម​ស្វាយរៀង​ទៅ​ទៀត ព្រោះ​ការ​ប្រកួត​​លើក​នេះ ពួក​គេ​ត្រូវ​​បន្ត​យក​ឈ្នះ​ក្រុម​គិរីវង់​សុខសែន​ជ័យ​ឲ្យ​បាន ទើប​អាច​ទទួល​បាន​លេខ ​៤ ដែល​ពួក​គេ​ កំពុង​គ្រប់គ្រង។ ផ្ទុយ​ទៅ​វិញ បើ​ពួក​គេ​ចាញ់ នោះ​ចំណាត់​ថ្នាក់​លេខ ​៤ នឹង​អាច​ធ្លាក់​ទៅ​លើ​ក្រុម​អង្គរ​ថាយហ្គឺរ វិញ ព្រោះ​អង្គរ​ថាយហ្គឺរ មាន​ភាគរយ​ខ្ពស់​បំផុត ក្នុង​ការ​បន្ត​យក​ឈ្នះ​លើ​ក្រុម​អគ្គិសនី​កម្ពុជា ខណៈ​ពេល​នេះ អង្គរ​ថាយហ្គឺរ មាន ​៤៦ ​ពិន្ទុ តិច​ជាង​បឹងកេត ៣ ពិន្ទុ ប៉ុន្តែ​អង្គរ​ថាយហ្គឺរ មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង បឹងកេត ចំនួន ​៤ ​គ្រាប់៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សុក្រ

-ណាហ្គាវើល v ស្វាយរៀង កីឡដ្ឋាន​ស្តាតចាស់ ៣:៣០

-បឹងកេត v គិរីវង់ កីឡដ្ឋាន​ខេមបូឌា​អ៊ែរវ៉េ ៣:៣០

-ប៉ូលិស v វិសាខា កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ៣:៣០

៣ ​ប្រកួត នៅ​ថ្ងៃ​សៅរ៍

-ភ្នំពេញ​ក្រោន v ខេត្ត​កំពង់ចាម កីឡដ្ឋាន RSN ៣:៣០

-អគ្គិសនី​កម្ពុជា v អង្គរ​ថាយហ្គឺរ កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ៣:៣០

-អាស៊ី​អឺរ៉ុប v ទ័ព កីឡដ្ឋាន AEU Sport Park ៣:៣០​