ភ្នំពេញ៖ ​ក្រុម​កីឡា តុងហ្គីលម៉ូដូ​កម្ពុជា បាន​រក​ឃើញ​​ជោគជ័យ​ថ្មី​មួយ​ទៀត គឺ​ការ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ចំនួន ​៣ ពី​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក ​World ​Chhung Ju Martial ​Art ​Mastershit ​2019 នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​ពួក​គេ​បាន​នាំ​យក​ជយលាភី​នេះ មក​ដល់​មាតុ​ប្រទេស​វិញ កាល​ពី​ថ្ងៃ​អាទិត្យ​បន្ទាប់​ពី​ការ​ប្រកួត​ប្រជែង​អស់​រយៈពេល ​៩ ​ថ្ងៃ។

ថ្នាក​ដឹកនាំ​កីឡាតុងហ្គីល​ម៉ូដូ​នេះ បាន​ចាត់​ទុក​ការ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ពិភព​លោក​លើក​នេះ​ថា ជា​សមិទ្ធផល​ថ្មី​សម្រាប់​ឆ្នាំ ​២០១៩ ប៉ុន្តែ​លោក​ហាក់​មិន​ទាន់​ស្កប់​​ចិត្ត ទៅ​លើ​ការ​ឈ្នះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​នេះ​នៅ​​ឡើយ​ទេ។

លោក​ ជា​ វណ្ណចាន់ត្រា​ អនុ​ប្រធាន​សហព័ន្ធ​កីឡា​តុងហ្គីលម៉ូដូ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត ​ដែល​កីឡា​តុងហ្គីលម៉ូដូ ​ចេញ​ទៅ​ប្រកួត​ប្រជែង​ និង​ទទួល​បាន​លទ្ធផល​ល្អ ​ព្រោះ នេះ​ជា​​ព្រឹត្តិការណ៍​ធំ​ប្រចាំ​ឆ្នាំ ​២០១៩»​​។

លោក​​បាន​​បន្ថែម​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លាំង​បំផុត​ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ពេញ​ចិត្ត​ទាំង​ស្រុង​ចំពោះ​លទ្ធផល​មេដាយ​សំរឹទ្ធ​ទំាង​នេះ​នៅ​ឡើយ​ទេ​។ គោល​បំណង ​និង​ទិសដៅ​របស់​យើង ​​គឺ​យើង​សង្ឃឹម​​ឈ្នះ​បាន​​ដល់​មេដាយ​ប្រាក់​ឯណោះ​ ប៉ុន្តែ​អត្តពលិក​របស់​យើង ​ធ្វើ​មិន​ទាន់​បាន​ល្អ​ដូច​បំណង​»។

យ៉ាង​ណា​ក៏​ដោយ អនុ​ប្រធាន​​សហព័ន្ធ​រូប​នេះ បាន​បញ្ជាក់​ថា​៖ ​«​ទោះ​ជា​យ៉ាង​ណា ​យើង​បាន​បំបែក​កំណត់ត្រា​ កាល​ពី​ឆ្នាំ ​២០១៦​ ដែល​តុងហ្គីលម៉ូដូ​របស់​យើង ​​ដណ្ដើម​បាន​ត្រឹម​​មេដាយ​សំរឹទ្ធ ​១។ ជ័យ​ជម្នះ​នេះ វា​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ប្រកួត​អស់​ពី​សមត្ថភាព​​​របស់​អត្តពលិក​យើង ហើយ​នេះ​ជា​មោទនភាព​មួយ ​ខណៈ​​ដែល​សហព័ន្ធ​តែងតែ​ទទួល​បាន​ការ​គាំទ្រ​ឲ្យ​ដំណើរការ​ភាគ​ច្រើន​ពី​ថ្នាក់​ដឹកនាំ ​និង​ពី​សប្បុរសជន​»​។

តាម​លោក​ ឈួន​ ចន្ថា ជា​​គ្រូបង្វឹក​បាន​ដឹង​ថា ​ការ​ប្រកួត World ​Chhung Ju Martial​Art​Mastershit ​ដែល ​៣ ឆ្នាំ ​មាន​ម្តង​នេះ ​មាន​កីឡា​ចម្រុះ​ ដែល​ជា​ប្រភេទ​ប្រយុទ្ធ​ចំនួន ​២៦ ​ប្រភេទ​ ចូលរួម និង​មក​ពី ​២១ ​ប្រទេស​។​ ដោយ​ឡែក​ ​កម្ពុជា​យើង​ បាន​ដាក់​ប្រភេទ​កីឡា​តុងហ្គីលម៉ូដូ​ ដែល​មាន​កីឡាករ​ ២ នាក់​ កីឡាការិនី ​៣​ នាក់​ ប្រធាន​ប្រតិភូ ​១ ​នាក់​ និង​អាជ្ញា​កណ្តាល​អន្តរជាតិ ​២ ​នាក់ ​ទៅ​ចូលរួម​ដោយ​យើង​​បាន​ចេញ​ដំណើរ​តាំង​ពី​ថ្ងៃទី ​២៣​ ខែ ​សីហា​ ឆ្នាំ ​២០១៩​។​

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា​៖ ​«នេះ​ជា​សមិទ្ធផល​ថ្មី​ក្នុង​ឆ្នាំ ​២០១៩​ ដោយ​កម្ពុជា​ឈ្នះ​មេដាយ​សំរឹទ្ធ ៣ ​គ្រឿង ​ដោយ​ក្នុង​នោះ​កីឡា​តុងហ្គីលម៉ូដូ​​របស់​យើង ឈ្នះ​បាន​មេដាយ​សំរឹទ្ធ ​២ ​លើ​វិញ្ញាសា​ប្រយុទ្ធ​ ​និង​មេដាយ​សំរឹទ្ធ ​១ ​ទៀត យើង​ដណ្តើម​បាន​​លើ​ការ​ប្រកួត​សម្តែង​កាតា​ ដាក់​ពិន្ទុ​»​។

នៅ​ក្នុង​ការ​ប្រកួត​នេះ កីឡាការិនី ​ហុង​ គឹមហួយ​ ដែល​ធ្លាប់​ឈ្នះ​បាន​​មេដាយ​មាស​ពិភព​លោក​ នៅ​ឥណ្ឌា​ កាល​ឆ្នាំ ​២០១៨​ និង​ជា​ម្ចាស់​​មេដាយ​មាស​អាស៊ី​ នៅ​​ថៃ ​ក្នុង​ប្រភេទ​ទម្ងន់ ​៥០ ​គីឡូក្រាម​ កាល​ពី​ឆ្នាំ ​២០១៧​ បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ​១ បន្ទាប់​ពី​នាង​បាន​ឈ្នះ​កីឡាការិនី​នីហ្សេរីយ៉ា ​៨-៣​ និង​បន្ត​​ឈ្នះ​កីឡាការិនី​ម្ចាស់​ផ្ទះ​កូរ៉េ ​៩-៧​ ក្នុង​វគ្គ​ជម្រុះ តែ​គេ​​បាន​​ចាញ់​កីឡាការិនី​ថៃ​ ក្នុង​ពិន្ទុ​ ៥-​២ នៅ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នោះ។​ ជាមួយ​គ្នា​នេះ​កីឡាការិនី​ ស៊ីថា​ ស្រីលីន​ បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ក្នុង​ប្រកួត​​ទម្ងន់ ​៦៥ ​គីឡូ​ ហើយ​​កីឡាករ ​ស្រី​ រាជបុត្រ​ បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​សម្តែង៕ ​