លីសបោន៖ ដោយ​នៅ​សល់​តែ​អតីត​ម្ចាស់​ជើង​ឯក ២ ​ក្រុម​ប៉ុណ្ណោះ ដែល​មាន​នៅ​ក្នុង​​ការ​ប្រកួត​ប្រជែង​ក្នុង​នោះ​គ្មាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ហើយ​ក៏​មិន​មាន​​អ្នក​គាំទ្រ​ដែរ ពេល​នេះ​ក្របខ័ណ្ឌ Champions League បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​លីស​បោន នៅ​សប្ដាហ៍​នេះ ដើម្បី​ចាប់​ផ្ដើម​ការ​ប្រកួត​វគ្គ ៨ ​ក្រុម​ចុង​ក្រោយ ជាមួយ​នឹង​ការ​រំពឹង​ដ៏​គួរ​ចាប់​អារម្មណ៍​ថា រូបមន្ត​នៃ​ការ​ប្រកួត​ថ្មី អាច​នឹង​នាំ​ឲ្យ​មាន​ឈ្មោះ​ក្រុម​ជើងឯក​ថ្មី នៅ​លើ​ពាន​រង្វាន់​។​​

ទោះ​ជា​យ៉ាង​ណា ស្រមោល​នៃ​វីរុស​កូរ៉ូណា​កំពុង​លេច​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ក្រោយ​មាន​ការ​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​ថា មនុស្ស ២ ​នាក់ មក​ពី​ក្រុម​ Atletico Madrid របស់​ប្រទេស​អេស្ប៉ាញ ដែល​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ត្រូវ​ទៅ​ប្រទេស​ព័រទុយហ្គាល់ បាន​ធ្វើ​តេស្ត​វិជ្ជមាន​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​នេះ។

ពាក់ព័ន្ធ​នឹង​លទ្ធផល​តេស្ត​នេះ ក្លិប Atletico បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ថា​៖ «​កាល​ពី​ថ្ងៃ​សៅរ៍ សមាជិក​នៃ​ក្រុម​ធំ និង​អ្នក​ពាក់ព័ន្ធ​របស់​ក្លិប​ ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ក្រុង​លីសបោន បាន​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​តម្រូវ​តាម​នីតិវិធី​របស់​សហព័ន្ធ​បាល់​ទាត់​អឺរ៉ុប (UEFA)​។ ក្នុង​ចំណោម​លទ្ធផល​ហ្នឹង​ឃើញ​ថា វិជ្ជមាន ២ ​ករណី ហើយ​អ្នក​ទាំង ២​ នោះ​​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ ក្នុង​ផ្ទះ​របស់​ពួក​គេ​»​។

ក្រុម​អេស្ប៉ាញ Barcelona និង​ក្រុម​ Bayern Munich របស់​អាល្លឺម៉ង់ ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​អឺរ៉ុប​នេះ ៥ ដង​ដូច​គ្នា កំពុង​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​ប្រជែង​​ តែ​គួរ​ឲ្យ​ស្ដាយ​ក្នុង​ចំណោម​ក្រុម​ទាំង ​២ មាន​ក្រុម​តែ ១ ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ឆ្លង​ទៅ​វគ្គ ១/២ ផ្ដាច់​ព្រ័ត្រ ព្រោះ​ត្រូវ​ប្រឈម​​ជាមួយ​គ្នា​ក្នុង​វគ្គ ១/៤ នាកីឡដ្ឋាន Estadio da Luz នៅ​ថ្ងៃ​សុក្រ​នេះ​។

ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​ជំងឺ​កូវីដ ១៩ នាំ​ឲ្យ UEFA សម្រេច​លើក​ការ​ប្រកួត Champions League ទៅ​រដ្ឋធានី​នៃ​ប្រទេស​ព័រទុយហ្គាល់ ​វិញ សម្រាប់​ជុំ​ចុង​ក្រោយ​នេះ ខណៈ​​ទើប​បាន​ចាប់​ផ្ដើម​ឡើង​វិញ​កាល​ពី​ថ្ងៃ​សុក្រ​ ក្រោយ​ស្ថិត​ក្នុង​ភាព​ស្ងៀមស្ងាត់ ​៥ ​ខែ។ មុន​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ វគ្គ​ផ្ដាច់​ព្រ័ត្រ​​​ គ្រោង​ធ្វើ​នៅ​​​ក្រុង​អ៊ីស្ដង់ប៊ូល ប្រទេស​តួកគី ​ចុង​ខែ​ឧសភា​។

ការ​រឹត​បន្តឹង​​ការ​ធ្វើ​ដំណើរ និង​ការ​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចប់​រដូវកាល​​​ មាន​ន័យ​ថា ការ​លេង​គ្រប់​ការ​ប្រកួត​នៅ​កន្លែង​តែ ​១ និង​ការ​លុប​ចោល​​របៀប​ប្រកួត​ ២ ​ជើង​ក្នុង​វគ្គ ១/៤ និង​ ១/២ គឺ​ជា​ដំណោះស្រាយ​តែ ១ ​គត់​។ តែ​យ៉ាង​ណា សេណារីយ៉ូ​នោះ អាច​មាន​ភាព​ច្របូក​ច្របល់​​តិច​តួច ក្រោយ​ការ​ប្រកាស​របស់​​ Atletico​។

ការ​ប្រកួត​ប្រជែង​ Champions League ដ៏​ចម្លែក​បំផុត​នេះ បាន​ឃើញ​រួច​ហើយ​ដែរ​ថា ក្រុម​យក្ស​អេស្ប៉ាញ Real Madrid ដែល​ឈ្នះ​ជើង​ឯក ៤ ​លើក ក្នុង​ចំណោម ៦ ​រដូវកាល​ចុង​ក្រោយ ​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​នេះ ដោយសារ​ក្រុម​​ Manchester City ត្រឹម​វគ្គ ១៦ ​ក្រុម រួម​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​ចាស់​ហង្សក្រហម Liverpool និង​ក្រុម​កំពូល​នៅ​អ៊ីតាលី Juventus ដែល​មិន​គួរ​​ ត្រូវ​បាន​ទម្លាក់​ដោយ​ក្រុម​ Lyon​ ទាំង​កីឡាករ Ronaldo​ លេង​បាន​យ៉ាង​ល្អ ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ជួយ​ក្រុម​ឲ្យ​ឈ្នះ ​នៅ​ជើង​ទី២ តែ​បែរ​ជា​ចាញ់​គ្រាប់​​​បាល់​​ក្រៅ​ផ្ទះ​ទៅ​វិញ​៕ AFP/VN