ភ្នំពេញៈ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីព្រឹកថ្ងៃចន្ទ បានបរិច្ចាគថវិកា ១០៥,០៣១ ដុល្លារ ដែលបានមកពីទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរនៅខេត្តសៀមរាបកាលពីដើមឆ្នាំ ២០១៩ មកជូនដល់អង្គការសង្គមស៊ីវិលចំនួន ១១ ស្ថាប័នក្នុងគោលដៅមនុស្សធម៌ ហើយកម្មវិធីនេះបានធ្វើនៅឯសណ្ឋាគារហ៊ីម៉ាវ៉ារីរាជធានីភ្នំពេញដែលមានការចួលរួមពីក្រុមហ៊ុនជាម្ចាស់ឧបត្ថម្ភព្រមទាំងថ្នាក់ដឹកនាំកីឡាផងដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយកគ្រប់គ្រងកម្មវិធីកីឡាបានចូលរួមប្រគល់ទឹកប្រាក់នេះដល់បណ្ដាអង្គការនានាដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌ជួយដល់សង្គម។
នៅក្នុងពិធីនោះលោកក៏បានប្រកាសដែរថា លោកនឹងបង្កើតឲ្យមានព្រឹត្តិការណ៍កីឡាដទៃទៀតដើម្បីស្វែងរកថវិកាសម្រាប់ការងារមនុស្សធម៌បែបនេះដោយលោកគ្រោងនឹងបង្កើតកីឡាឡើងភ្នំ ឬកីឡាលក្ខណៈទេសចរណ៍ដែលជាប្រភេទកីឡាមានអ្នកចូលរួមច្រើនដោយសប្បាយ និង សម្រាប់សុខភាព។
លោក វ៉ាត់ ចំរើន បានថ្លែងថា៖« ថវិកា ១០៥,០៣១ ដុល្លារនេះត្រូវបានចែកចាយផ្តល់ជូនទៅឲ្យកាកបាទក្រហមកម្ពុជាចំនួន ១០,០០០ ដុល្លារ, អង្គការ Cambodia Trust ចំនួន ៣,៦០០ ដុល្លារ, អង្គការ Handicap International Belgium ចំនួន ៣,០០០ ដុល្លារ, អង្គការបេះដូងមាស សម្រាប់អនុវត្តលើគម្រោងចំនួន ១០,០០០ ដុល្លារ រួមទាំងអង្គការផ្សេងៗជាច្រើនទៀតមានមន្ទីរពេទ្យកុមារអង្គរសៀមរាប អង្គការគម្រោងអភិវឌ្ឍយុវជន អង្គការគម្រោងអភិវឌ្ឍអប់រំកីឡាពិការ សហព័ន្ធ CDAF និងមជ្ឈមណ្ឌលថ្មីការពារកុមារជាដើម»។
ចំណែកលោក សែម ផល្លា នាយកប្រតិបត្តិនៃព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍ម៉ារ៉ាតុងនេះមានការនិយមចូលចិត្តពីមហាជនដែលភាគច្រើនមិនមែនកីឡាអាជីព ហើយការចុះឈ្មោះចូលរួមប្រកួតរបស់ពួកគាត់គឺត្រូវបង់ប្រាក់ និងមានទឹកចិត្តដោយស្ម័គ្រចិត្តចូលរួមជាសប្បុរសធម៌ ដើម្បីជួយអង្គការសង្គមនានា»។
លោក សែម ផល្លា បាននិយាយបន្តថា៖ «កន្លងមកព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាធ្លាប់បានចូលរួមផ្តល់ជាថវិកាជួយដល់អង្គការសង្គមជារៀងរាល់ឆ្នាំ ពិសេសគឺមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរជាដើម»៕