ភ្នំពេញៈ អ្នក​ប្រដាល់​គុន​ខ្មែរ និង​ប្រដាល់​ថៃ​ចំនួន​ ៨ ​នាក់​នឹង​ដាក់​ឲ្យ​ប្រកួត​ប្រជែង​វគ្គ​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ភេសជ្ជៈ Wurkz ទម្ងន់​ ៦០ ​គីឡូក្រាម​រដូវកាល​ទី​ ៣ នឹង​ចាប់ផ្តើម​នៅលើ​សង្វៀន SEATV នា​ល្ងាច​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នោះ ហើយ​បេក្ខភាព​អ្នកប្រដាល់​ទាំងនេះ​ត្រូវ​បាន​គណៈកម្ម​ការរៀបចំ​ប្រកួត​បង្ហាញ​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ក្នុង​នោះ​កីឡាករ​កម្ពុជា​មាន​ជើងចាស់ និង​ជើង​ថ្មី ប៉ុន្តែ​កីឡាករ​ថៃ​ទាំង​ ៤ ​នាក់​ជា​អ្នក​ចំណូល​ថ្មី​ទាំងអស់​ដោយ​ពួកគេ​ត្រូវ​ប្រកួត​គ្នា​ចំនួន​ ១១ ​សប្តាហ៍​គឺ​ដល់​ថ្ងៃទី​ ៣១ ខែ​មីនា ឆ្នាំ​ ២០១៩ ទើប​បញ្ចប់​។

គណៈកម្មការ​គ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន SEATV លោក ញាន សុធី បាន​ប្រាប់​ថា​សមាសភាព​អ្នក​ប្រដាល់​ខាង​កម្ពុជា​ទាំង​ ៤ ​នាក់​មាន ទី​ ១ កីឡាករ​វ័យក្មេង លន បញ្ញា មកពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ ដែល​មាន​កម្ពស់​ ១,៧០​ ម៉ែត្រ​ធ្លាប់​ប្រកួត​បាន​ ៤១ ​ដង​ឈ្នះ​ ៣៦ ចាញ់​ ៣ និង​ស្មើ​ ២ ហើយ​ទី​ ២ ​កីឡាករ​ជើងចាស់ ចាន់ សំអាត របស់​ក្លិប​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​មាន​កម្ពស់​ ១,៦៧ ​ម៉ែត្រ​ធ្លាប់​ប្រកួត​បាន​ ៧៤ ​ដង​ឈ្នះ​ ៥៦ ចាញ់​ ១៥ និង​ស្មើ​ ៣ ​ដង​។

ចំណែក​ទី​ ៣ ​គឺ​កីឡាករ​ជើងចាស់ ហេង វាសនា មកពី​ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង​មាន​កម្ពស់​ ១,៧០ ​ម៉ែត្រ​ធ្លាប់​ប្រកួត​បាន​ ៥៨ ​ដង ឈ្នះ​ ៤២ ចាញ់​ ១៣ និង​ស្មើ​ ៣ ​ដង ខណៈ​ទី​ ៤ ​កីឡាករ ធឿន ធី មកពី​ក្លិប​អង្គរមានជ័យ ខេត្ត​សៀមរាប​មាន​កម្ពស់​ ១,៧០ ​ម៉ែត្រ ប្រវត្តិ​ប្រកួត​បាន​ចំនួន​ ៣៥ ​ដង ឈ្នះ​ ៣០ ​ដង ចាញ់​ ៣ និង​ស្មើ​ ២ ​ដង​។

ដោយឡែក​សមាសភាព​អ្នក​ប្រដាល់​ថៃ​ទាំង​ ៤ ​នាក់​មាន​ទី​ ១ កីឡាករ Super Man មាន​កម្ពស់​ ១,៦៥ ​ម៉ែត្រ​ធ្លាប់​ប្រកួត​បាន​ ៦៥ ​ដង ឈ្នះ​ ៥០ ​ដង និង​ចាញ់​ ១២ ស្មើ ៣ ​ដង និង​ទី​ ២ ​កីឡាករ Chhai Yor មាន​កម្ពស់​ ១,៦៧ ​ម៉េត្រ ធ្លាប់​ប្រកួត​បាន​ ៧៥ ​ដង ឈ្នះ​ ៥៧ និង​ចាញ់​ ១៨ ​ដង ហើយ​ទី​ ៣ Yorth Katanyou មាន​កម្ពស់​ ១,៦៧ ​ម៉ែត្រ​ប្រកួត​បាន​ ៦០ ​ដង ឈ្នះ​ ៥០ ​ដង ចាញ់​ ១០ ​ដង​។

ចំណែក​ទី​ ៤ គឺ​កីឡាករ​ថៃ Chhav Vallit មាន​កម្ពស់​ ១,៧១ ​ម៉ែត្រ​ធ្លាប់​ប្រកួត​ ៦៧ ​ដង​ឈ្នះ​ ៥៧ និង​ចាញ់​ ១០ ​ដង ហើយ​សម្រាប់​បើកឆាក​នៅ​សប្តាហ៍​នេះ គឺ​កីឡាករ លន បញ្ញា ត្រូវ​ស្វាគមន៍ Chhai Yor ឯ ធឿន ធី ត្រូវ​ប្រជែង​យក​ ៣ ​ពិន្ទុ​ជាមួយ Super Man​។

ចំពោះ​រូបមន្ត​ប្រកួត​ត្រូវ​បាន​លោក រាជ សុផែន ស្នងការ​ប្រកួត​ទទួល​បន្ទុក​បច្ចេកទេស​បាន​ប្រាប់ថា អនុវត្ត​តាម​លើក​មុនៗ​គឺ​ប្រកួត​វគ្គ​ជម្រុះ​ដោយ​កីឡាករ​ម្នាក់ៗ​ជួប​ប្រកួត​ចំនួន​ ៤ ​លើក​ទើប​បូកសរុប​យក​កីឡាករ​ខាង​កម្ពុជា​ម្នាក់ និង​ភាគី​ថៃ​ម្នាក់​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​ ១ និង​លេខ​ ២ ​តែ​ម្តង ខណៈ​ដែល​លេខ​ ១ ​ឈ្នះ​បាន​ខ្សែក្រវាត់ និង​ទឹកប្រាក់​ ៥ ​ពាន់​ដុល្លារ និង​លេខ​ ២ បាន​ពាន​អម​ដោយ​ទឹកប្រាក់​ ៣ ​ពាន់​ដុល្លារ​។

លោក រាជ សុផែន បាន​បញ្ជាក់​ថា​៖ «​ច្បាប់ និង​លក្ខខណ្ឌ​ប្រកួត​គឺ​កីឡាករ​ឈ្នះ​ទទួល​បាន ៣ ​ពិន្ទុ កីឡាករ​ប្រកួត​ចាញ់​បាន​ ១ ​ពិន្ទុ​អវត្តមាន​ ០ ​ពិន្ទុ ហើយ​ករណី​ស្មើ​ពិន្ទុ​គ្នា​ត្រូវ​យក​ភាគផល​នៃ​ការប្រកួត​ជា​មូលដ្ឋាន គឺ​កីឡាករ​ណា​វាយ​គេ​ឲ្យ​សន្លប់​បាន​ច្រើន​ជាង​ចំណាយពេល​ខ្លី​ជាង ប៉ុន្តែ​ក្នុង​ករណី​នៅ​តែ​ស្មើ​ទៀត​ត្រូវ​យក​សីលធម៌ អត្តចរិត​ល្អ និង​វិន័យ​ល្អ​ជា​មូលដ្ឋាន​នៃ​ការវាយតម្លៃ​រក​អ្នកឈ្នះ​»​។

តាម​លក្ខខណ្ឌ​ដែល​បាន​ចែង​សមាគម ឬ​ក្លិប​ដែល​ចូលរួម​ប្រកួត​មាន​តែ​កីឡាករ​ម្នាក់​គត់​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​ពាក្យសុំ​ចូលរួម​ប្រកួត​មាន​កិច្ចសន្យា និង​ប្រវត្តិ​ប្រកួត​ច្បាស់លាស់​ដោយ​មាន​ការពិនិត្យ​សុខភាព និង​ឈាម​ចេញ​ដោយ​គ្រូពេទ្យ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​។

ទាក់ទង​នឹង​បញ្ហា​នេះ​លោក តែម ម៉ឺន បាន​ថ្លែង​ថា​៖ «​ឆ្នាំ​ ២០១៩ ​នេះ​ការប្រកួត​ត្រូវ​បាន​ពង្រឹង​ដោយ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​យ៉ាង​តឹងតែង មិន​អាច​យោគយល់ ឬ​អនុគ្រោះ​បន្តទៀត​បាន​ទេ ពិសេស​បញ្ហា​សុខភាព​កីឡាករ​ត្រូវ​តែ​ពិនិត្យ​ទៅ​លើ​ការហ្វឹកហាត់ ការថែទាំ​សុខភាព​ជា​ចម្បង ដោយ​មាន​លិខិតបញ្ជាក់​ពី​គ្រូពេទ្យ​សហព័ន្ធ​យ៉ាង​ហ្មត់ចត់​»៕