ភ្នំពេញ៖ ​អ្នក​ប្រដាល់​ចិត្ត​សឿង ស៊ឺន ថៃសាន់ ​​បាន​ចាត់​ទុក​ការ​សន្លប់​ធំ ក្រោម​ផ្លែ​កែង​របស់ ធន់ អៀនឡៃ នៅ​លើ​សង្វៀន PNN កាល​ពី​ថ្ងៃ​អាទិត្យ ថា ជា​ករណី​ភ្លាត់ស្នៀត ​ហើយ​បាន​អះអាង​ថា សម្រាប់​ការ​ជួបគ្នា​ជា​ថ្មី​នៅ​​វគ្គ​ជម្រុះ​ ​៨ ​នាក់​ នៃ​​ការ​ប្រកួត​​ជើងឯក ​TV5​ Knock Out Series ​ក្នុង​ប្រភេទ​ទម្ងន់ ​៥៤ ​គីឡូក្រាម ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ នា​យប់​ថ្ងៃ​សៅរ៍​ រូប​គេ​មាន​ការ​ជឿជាក់​ថា អាច​សងសឹក អៀនឡៃ វិញ​បាន។

កីឡាករ​មាន​ប្រវត្តិ​ប្រកួត​​បាន​ ​៥៦ ​ដង ​ឈ្នះ ៤២​ ចាញ់ ១១​ ​និង​ស្មើ​ពិន្ទុ​ ​៣ ដង​ ស៊ឺន ថៃសាន់ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ពុធ​ថា៖ «​​ការ​ចាញ់​ អៀនឡៃ​ ​នៅ​សង្វៀន​ PNN កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ចូល​កែង​បណ្តាល​ឱ្យ​សន្លប់​ធំ​នោះ ជា​ការ​​ភ្លាត់​ស្នៀត​ទេ ប៉ុន្តែ​ការ​ប្រកួត​​លើក​នេះ ​ខ្ញុំ​នឹង​​វ៉ៃ​ដោយ​​ប្រុងប្រយ័ត្ន​ និង​សង្ឃឹម​ឈ្នះ ​៧០ ​ភាគរយ ​តែ​បច្ចេកទេស​ប្រកួត​យ៉ាង​ម៉េច​នោះ ខ្ញុំ​​សុំ​មិន​និយាយ​ទេ ​កុំ​ឱ្យ​ដៃ​គូ​គេ​ដឹង​»។

គួរ​រំឭក​ថា សម្រាប់​ការ​ប្រកួត​ជម្រុះ​តាម​ពូល​ដណ្តើម​ខ្សែ​ក្រវាត់ នៅ​លើ​សង្វៀន PNN កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ ស៊ឺន ថៃសាន់ ដែល​ព្យាយាម​ចូល​ប្តូរ​កណ្តាប់​ដៃ​នោះ ត្រូវ​បាន ធន់ អៀនឡៃ ច្រាស​កែង​ស្តាំ ចូល​​គុម្ព​ត្រចៀក​ពេញ បណ្តាល​ឱ្យ​ដួល​សន្លប់ ដោយ​មាន​ឈាម​នៅ​​ជាប់​ត្រចៀក​ផង​ដែរ។

ការ​បន្ត​ចាញ់​ជា​លើក​ទី​២​ បន្ថែម​ទៅ​លើ​ការ​ចាញ់​ពិន្ទុ រិន ដាវីត នោះ បាន​ធ្វើ​ឱ្យ ស៊ឺន ថៃសាន់ ​ធ្លាក់​ទៅ​ឈរ​នៅលេខ ​៤ ចុង​ក្រោយ​គេ​ប្រចាំ​ពូល ​A គឺ​មាន​ភាគរយ​ខ្ពស់​ជាង​គេ​ក្នុង​ការ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នៅ ​PNN នេះ ចំណែក ធន់ អៀនឡៃ ក៏​ស្ថិត​​ក្នុង​ភាព​មិន​ច្បាស់​លាស់​ផង​ដែរ ព្រោះ​ការ​ប្រកួត​បើក​ឆាក​រូប​គេ​បាន​ចាញ់ ភួន ឡាំងកូស៊ីន ដោយ​ស្វ័យ​ប្រវត្តិ ព្រោះ​មិន​អាច​សម្រក​ទម្ងន់​មក​ដល់​ត្រឹម ​៥៤ ​គីឡូក្រាម តាម​ការ​កំណត់។ ចំណែក​ការ​ជួប ស៊ឺន ថៃសាន់ លើក​នេះ ​អៀន​ឡៃ​ ​ក៏​មាន​ការ​​បារម្ភ​ដែរ ​តែ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​ ដើម្បី​យក​ជ័យជម្នះ។​

ជាមួយ​គ្នា​នេះ ​លោក ​ធន់ ​សុភា​ ជា​គ្រូ​បង្វឹក​មាន​ការ​រំពឹង​​ឈ្នះ​ខ្ពស់​​ថា ធន់ ​អៀនឡៃ ​នឹង​ឈ្នះ ​​ថៃសាន់​ ជា​មិន​ខាន ដើម្បី​​បាន​ឡើង​ទៅ​វគ្គ​បន្ត​។​ ធន់ ​សុភា​ និយាយ​ថា​៖ «​ការ​ប៉ះ​ជាមួយ ស៊ឺន ថៃសាន់ លើក​នេះ​ក៏​ជា​ឧបសគ្គ​ធំ​ដែរ​ ​ព្រោះ​គេ​ហាត់​ និង​មាន​បច្ចេកទេស​ល្អ​ដែរ ​ប៉ុន្តែ​យើង​បាន​ត្រៀម​នូវ​ល្បិច​ប្រកួត​យក​ឈ្នះ​បាន​ក្នុង​ជំនឿ ​៨០ ​ភាគរយ ​តែ​ខ្ញុំលាក់​ល្បិច​ប្រកួត​នេះ​សិន ដើម្បី​កុំ​ឱ្យ​​គេ​ដឹង​»​។

ចំណែក​លោក ​ម៉ៃ​ សុភា​ ជា​​អតីត​គ្រូ​ដើម​របស់ ​ស៊ឺន ថៃសាន់​ ​បាន​ប្រាប់​ថា ​បច្ចុប្បន្ន​ ថៃសាន​ បាន​ផ្លាស់​ទៅ​នៅ​ក្លិប​ជ្រៃ​សែនជ័យ​ខេត្ត​កំពង់ស្ពឺ ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក មាស ​សុខគ្រី​​ ហើយ។

យ៉ាង​ណា​ក៏​ដោយ​ទាក់ទង​ទៅ​នឹង​បច្ចេកទេស​ប្រកួត ​លោក ​ម៉ៃ​ សុភា​ បាន​និយាយ​ថា​៖ «​ធន់ ​អៀន​ឡៃ​ មិន​អាច​ស៊ី​ ថៃ​សាន់​ ផុយ​ទេ ​ឬ​ក៏​អាច​ចាញ់​ស្នៀត​កណ្តាប់​ដៃ​​វិញ​ក៏​ថា​បាន​ដែរ​ ​ព្រោះ​វា​មាន​ចំណុច​ខ្លាំង​រៀងៗ​ខ្លួន។ ​អៀនឡៃ​ មាន​ស្នៀត​ចម្រុះ ​គឺ​វ៉ៃ​បាន​គ្រប់​ស្ថានភាព​រី​ឯ ​​ថៃសាន់ ​ជំនាញ​កណ្តាប់​ដៃ​ធ្ងន់ ​ដែល​ជា​អាវុធ​នាំ​ឱ្យ​គ្រោះ​ថ្នាក់ ​ឬ​សន្លប់​បាន​ដែរ​ អ៊ីចឹង​រវាង ​២ ​នាក់​នេះ​ មិន​អាច​ទស្សន៍​ទាយ​មុន​បាន​ទេ​ គឺ​ចាញ់​ឬ​ឈ្នះ​ ក្នុង​លក្ខណៈ​តឹងតែង​ណាស់​ ​ព្រោះ​មាន​ស្នៀត​ពិសេស​ផ្តួល​គ្នា​ទៅ​វិញ​ទៅ​មក»​៕