ភ្នំពេញ៖ ជើងថ្មីវ័យក្មេង ថៃ រ៉េត ដែលជាកីឡាករលំដាប់ខ្លាំងក្នុងចំណោមក្មេងជំនាន់ក្រោយនោះ បានធ្វើឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង ក្នុងពិភពប្រដាល់ស្របពេលដែលការឡើងប្រកួតរបស់គេក្នុងរយៈពេលត្រឹមជាងកន្លះឆ្នាំ តែបានផ្តួលជើងខ្លាំងមួយចំនួនជាបន្តបន្ទាប់ និងបានជាប់ជាកីឡាករជម្រើសជាតិថ្នាលក្នុងឆ្នាំ ២០២០ នេះ។
ជាមួយគ្នានេះ សម្រាប់ការបង្ហាញខ្លួននៅលើសង្វៀន SEATV កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ ថៃ រ៉េត បានយកឈ្នះជើងចាស់ សោម វិឆ័យ របស់ក្លិបវិបុលពោធិ៍សែនជ័យ ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម ប៉ុន្តែកីឡាករថៃ Pheach Aroun ដែលបាត់មុខយូរ ហើយបានផ្សងសំណាងមកប៉ះជាមួយជើងខ្លាំង ឡៅ ចន្ទ្រា ជាថ្មីនោះ គឺបានទទួលរងស្នៀតកែង បណ្តាលឲ្យសន្លប់ត្រឹមទឹកទី ៤។
អ្នកប្រដាល់ ថៃ រ៉េត មកពីក្លិបទ័ពឆត្រយោង ៩១១ បានឈ្នះការប្រកួតចំនួន ២០ ដងជាប់ៗគ្នា ហើយកាលពីថ្ងៃអាទិត្យនោះ គេមានឱកាសបានប្រកួតជាមួយជើងចាស់ សោម វិឆ័យ ហើយទទួលបានលទ្ធផលឈ្នះ គួរឲ្យកត់សម្គាល់ ដោយបង្ហាញថា កម្រិតវិជ្ជាគុនគេ កំពុងរីកចម្រើនខ្លាំង។
នៅក្នុងជំនួបប្រកួតចំនួន ៥ ទឹកពេញដ៏តឹងតែង ថៃ រ៉េត បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីមានពិន្ទុនាំមុខ សោម វិឆ័យ។ ស្នៀត និងល្បិចប្រយុទ្ធគួរឲ្យចាប់អារម្មណ៍របស់ ថៃ រ៉េត គឺចិត្តធំក្លាហាន ហ៊ានចូលវាយដៃគូមុន ខណៈក្បាច់កណ្តាប់ដៃ និងជង្គង់របស់គេ មានប្រៀបពិន្ទុនាំមុខលើ សោម វិឆ័យ សឹងគ្រប់ទឹក។
ទោះជាយ៉ាងណា សោម វិឆ័យ នៅតែរក្សាបានកម្លាំងទប់ទល់ល្អ និងវាយបកមានប្រៀបផ្នែកជង្គង់បានល្អផងដែរ ពោលគឺធ្វើឲ្យ ថៃ រ៉េត ដួល និងថមថយកម្លាំងច្រើន ប៉ុន្តែជាមួយស្ថានភាពដ៏ជក់ចិត្តនេះ ថៃ រ៉េត ដណ្តើមបានការមានប្រៀបនៅក្នុងទឹកទី ៤ និងទី ៥ ដើម្បីឈ្នះ សោម វិឆ័យ ក្រោមការគាំទ្រយ៉ាងច្រើន។
ថៃ រ៉េត បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្រោយការប្រកួតថា៖ «ខ្ញុំឈ្នះទាំងលំបាកណាស់ ព្រោះគាត់រឹងមាំ ហើយខ្លួនខ្ញុំមានបញ្ហាសុខភាព ដោយផ្តាសាយប៉ុន្មានថ្ងៃមុនប្រកួត ប៉ុន្តែមិនហ៊ានប្រាប់គ្រូខ្លាចខូចកម្មវិធីរបស់ប៉ុស្តិ៍គេ។ ខ្ញុំគិតថា គាត់ខ្លាំងរឹងមាំ ប៉ុន្តែចាញ់ប្រៀបក្បាច់ជង្គង់របស់ខ្ញុំ»។
ចំណែកលោក ហង្ស ស៊ឺន គ្រូបង្វឹក ថៃ រ៉េត បាននិយាយថា៖ «ថៃ រ៉េត កំពុងតែហាត់ និងប្រកួតល្អ មានទីផ្សារប្រកួតច្រើនជាងកីឡាករជើងចាស់មួយចំនួនទៅទៀត។ រ៉េត ហ្វឹកហាត់ទើបតែបានមិនដល់ ១ ឆ្នាំទេ ដោយឆ្លងកាត់ការប្រកួត ២២ ដង ឈ្នះ ២០ ស្មើ ១ និងចាញ់ ១ ដង គឺចាញ់កីឡាករ សូត្រ ខេវិន ក្លិបបក្សីស្លាបដែក កាលពីសប្តាហ៍មុន នៅ CNC ដោយមូលហេតុមានអ្វីប៉ះចូលភ្នែករបស់គេប្រកួតមិនបាន»។
ដោយឡែកការប្រកួតមិត្តភាពអន្តរជាតិវិញ កីឡាករថៃ Pheach Aroun ដែលបាត់មុខយូរពីសង្វៀនប្រដាល់នៅកម្ពុជានោះ ហាក់គ្មានចំណុចខ្លាំងអ្វីគួរកត់សម្គាល់នោះឡើយក្នុងការទប់ទល់ជាមួយ ឡៅ ចន្ទ្រា។ ការប្រកួតជិត ៤ ទឹក ឡៅ ចន្ទ្រា មានប្រៀបជានិច្ច ហើយនៅក្នុងទឹកទី ៤ ដដែលនោះ ស្នៀតកែងរបស់ ឡៅ ចន្ទ្រា វាយចូលគោលដៅល្អ បណ្តាលឲ្យ Pheach Aroun សន្លប់សុំបោះបង់ការប្រកួតតែម្តង ខណៈជ័យជម្នះរបស់ ឡៅ ចន្ទ្រា មិនសូវឈឺខ្លួនប៉ុន្មាននោះទេ៕