ភ្នំពេញៈ លោក ថៃ អ៊ូ ប្រធាន​សមាគម​កីឡាប្រដាល់​គុន​ខ្មែរ​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រតិភូ​ដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​រាល់​ចុងសប្តាហ៍​នៅ​កម្ពុជា​កំពុង​ស្វះស្វែង​រក​ដៃគូ​សហការ​ដែល​អាច​នាំ​កីឡាករ​របស់​កម្ពុជា បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​មាន​ថៃ និង​ចិន ដើម្បី​បាន​បទពិសោធ​ល្អ និង​ទទួល​បាន​ប្រាក់​សម្រាប់​ជីវភាព​ឲ្យ​ប្រសើរ​ផង​។

លោក ថៃ អ៊ូ ដែល​មាន​ចំណង់​ចំណូលចិត្ត និង​ជំនាញ​ទំនាក់ទំនង​កីឡាករ​នៅ​ប្រទេស​ថៃ​មក​ប្រកួត​នៅ​កម្ពុជា​គឺ​មាន​បទពិសោធ​ប្រកប​ដោយ​ជោគជ័យ​អស់​រយៈពេល​ជិត​ ១០ ​ឆ្នាំ​មក​ហើយ​នោះ បាន​បង្ហើប​ឲ្យ​ដឹង​ថា កីឡាករ​ខ្មែរ​ដែល​ខិតខំ​ហ្វឹកហាត់ និង​គោរព​វិន័យ​ល្អ ទោះបី​មិន​ខ្លាំង​លំដាប់​ជួរមុខ​ក៏​មាន​ឱកាស​បាន​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​បាន​ដែរ ព្រោះ​បច្ចុប្បន្ន​លោក​កំពុង​ទាក់ទង​សង្វៀន​ប្រកួត​ប្រចាំ​សប្តាហ៍​នៅ​ប្រទេស​ថៃ​ចំនួន​ ៣ ​កន្លែង និង​នៅ​ចិន​ចំនួន​ ១ ​កន្លែង​ទៀត​។

លោក ថៃ អ៊ូ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​តាមពិត​ខ្ញុំ​មាន​មុខរបរ​ជា​អ្នកជំនួញ​ផង និង​ជំនាញ​ខាង​សេវា​លក់​ម្ហូបអាហារ​សម្រាប់​ពិធីការ បុណ្យ ជប់លៀង​ផ្សេងៗ​ផង ប៉ុន្តែ​វិស័យ​កីឡា​ខ្ញុំ​បាន​ប្រឡូក​ច្រើន​ឆ្នាំ​មក​ហើយ ព្រោះ​វា​ជា​ចំណង់​ចំណូលចិត្ត​របស់​ខ្ញុំ​ផ្ទាល់​តាំងពី​ក្មេង ទោះបី​ទទួល​បាន​ផលប្រយោជន៍​តិចតួច​ក្តី ច្រើន​ក្តី និង​មាន​ពេល​ខ្លះ​អត់​បាន​អ្វី​មក​វិញ ក៏​ខ្ញុំ​ពេញចិត្ត​ខ្លាំង​ដោយសារ​ខ្ញុំ​ស្រឡាញ់ និង​ចូលចិត្ត​»​។

ក្នុង​អាជីព​ជា​អ្នកដឹកនាំ​កីឡាករ​បរទេស និង​កីឡាករ​ថៃ​មក​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​ចាប់ពី​ជាង​ ១០ ​នាក់​នៅ​រៀងរាល់​ចុង​សប្តាហ៍​លោក ថៃ អ៊ូ បាន​បន្តថា តាមរយៈ​បទពិសោធ​កីឡាករ​នៅ​ថៃ​មាន​កីឡាករ​ខ្លះ​ក៏​មាន​សមត្ថភាព​ល្អ​ជាង​កីឡាករ​យើង តែ​ខ្លះ​ទៀត​ក៏​មាន​សមត្ថភាព​ខ្សោយ​ជាង​យើង​ដែរ ប៉ុន្តែ​សំខាន់​កីឡាករ​របស់​គេ គោរព​វិន័យ និង​ស្តាប់​តាម​គ្រូ​ល្អ​។ ​ចំណែក​ទីផ្សារ​ប្រកួត​នៅ​កម្ពុជា​សព្វថ្ងៃនេះ​នៅ​មិន​ទាន់​គ្រប់​តម្រូវការ​នោះ​ទេ ព្រោះ​សមត្ថភាព​កីឡាករ​ខ្មែរ​យើង​បច្ចុប្បន្ន​អាច​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​បាន ដោយសារ​គេ​មាន​កម្មវិធី​ប្រកួត​សម្បូរបែប​ច្រើន​កន្លែង​ជាង​ប្រទេស​យើង​។

លោក ថៃ អ៊ូ បាន​បន្ថែម​ថា​៖ «​ចាប់ពី​ខែ​មិថុនា​ឆ្នាំ​ ២០១៩ ​នេះ​ទៅ ខ្ញុំ​បាន​ទាក់ទង​ជាមួយ​ភាគី​ថៃ​ដោយ​នាំ​កីឡាករ​កម្ពុជា​ទៅ​ប្រកួត​នៅ​ថៃ គឺ​សឹងតែ​រាល់​សប្តាហ៍​ក្នុង​នោះ​មាន​ការប្រកួត​ពេញ​មួយ​សប្តាហ៍​នៅ​សង្វៀន​ខេត្ត​ស្រះកែវ ខេត្ត​ឈុនបុរី ក្រុង​ផាតាយា ក្នុង​កម្មវិធី Stadium pattaya World Class Max Muay Thai និង​មាន​ព្រឹត្តិការណ៍​មួយ​ទៀត​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៨ ​ថៃ​ក្នុង​ទីក្រុង​បាងកក​ឈ្មោះ Muay thai Super Champ រាល់ថ្ងៃ​អាទិត្យ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​សម្រាប់​កីឡាករ​កម្ពុជា​ចង់​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​មិន​លំបាក​ទេ គឺ​ទី​ ១ ត្រូវ​មាន​លិខិត​ឆ្លងដែន ទី​ ២ ​ហ្វឹកហាត់​ឲ្យ​បាន​ល្អ និង​មាន​ការអនុញ្ញាត​ពី​ប្រធាន​ក្លិប ឬ​សមាគម​គឺ​អាច​មក​ទាក់ទង​ជាមួយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ឬ​ក៏​ទាក់ទង​មក​ខ្ញុំ​ផ្ទាល់ ប៉ុន្តែ​សំខាន់​ត្រូវ​ហាត់​ឲ្យ​មាន​សមត្ថភាព​ល្អ​ទៅ​បាន​ហើយ ដោយ​មាន​ប្រវត្តិ​ប្រកួត​ច្បាស់លាស់​អាច​ថត​ឃ្លីប​វីដេអូ​ប្រកួត​កន្លង​មក ដើម្បី​ផ្ញើ​ជូន​ទៅ​គណៈកម្មការ​ផ្គូផ្គង​នៅ​ប្រទេស​គេ​ពិនិត្យ​មុន​»​។

ចំណែក​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​គាំទ្រ​កីឡាករ​ខ្មែរ​យើង​ដែល​មាន​សមត្ថភាព​ល្អ​អាច​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយ​ការចេញ​ទៅ​ប្រកួត​មិន​លំបាក​ទេ ព្រោះ​សហព័ន្ធ​យើង​នឹង​ជួយ​បំពេញ​បែបបទ​ផ្លូវ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​គ្មាន​គិត​កម្រៃ​។ បន្ថែម​លើ​នេះ សហព័ន្ធ​នឹង​អាច​ស្វែងរក​ការឧបត្ថម្ភ ឬ​មាន​ការណែនាំ​បណ្តុះបណ្តាល​សណ្តាប់ធ្នាប់​សម្រាប់​ចេញ​ទៅ​ប្រកួត​ស្រុក​គេ​ឲ្យ​បាន​ប្រសើរ និង​មាន​វិន័យ​ត្រឹមត្រូវ ងាយ​ទទួល​បាន​លទ្ធផល​ល្អ​ទៀត​ផង​»​។

លោក​បន្ថែម​ថា​៖ «​សហព័ន្ធ​ជា​អ្នក​គ្រប់គ្រង​កីឡាករ​ជួយ​សម្របសម្រួល​ផ្លូវច្បាប់ និង​បណ្តុះបណ្តាល​មិនមែន​ជា​ស្ថាប័ន​ស្វែង​រកលុយ ដើម្បី​ឲ្យ​ប្រកួត​ទេ ប៉ុន្តែ​យើង​លើក​ទឹកចិត្ត​ចំពោះ​កីឡាករ​ណា​ដែល​មាន​សមត្ថភាព​ល្អ​ក្នុង​ការស្វែងរក​ទីផ្សារ​ប្រកួត ចំណែក​ជីវភាព​កីឡាករ​មួយ​ចំនួន​ដែល​តែងតែ​ត្អូញត្អែរ​ពី​ភាពក្រីក្រ​នោះ មិនមែន​ជា​បន្ទុក​របស់​សហព័ន្ធ​ទេ​។ តែ​ទោះ​ជា​យ៉ាងណា​សហព័ន្ធ​នៅ​តែ​ខិតខំ​សហការ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ឲ្យ​មាន​ទីផ្សារ​សម្រាប់​កីឡាករ​យើង​មាន​ជីវភាព​ប្រសើរ​ដែរ​»៕