ភ្នំពេញ៖ ​ទូក​ចំនួន ​១២ ក្នុង​ចំណោម​ទូក​សរុប​ចំនួន ២៩៧ ​ទូក ដែល​បាន​ចូលរួម​ប្រកួត​ប្រណាំង នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ កាល​ពី​ថ្ងៃទី ​១០ ដល់​ទី ​១២ ខែ​ វិច្ឆិកា ឆ្នាំ ​២០១៩​នេះ ត្រូវ​បាន​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ ​និង​អន្តរជាតិ ធ្វើ​ការ​វាយ​តម្លៃ និង​ចាត់​ជា​ចំណាត់​ថ្នាក់​ល្អ ទៅ​តាម​ផ្នែក​ទាំង ​៣ គឺ​​ទូក​ទទួល​បាន​ចំណាត់​ថ្នាក់​ផែន​លេខ ​១​, ​ទូក​ដែល​ទទួល​បាន​ចំណាត់​ថា្នក់​ផ្នែក​សោភណភាព​ និង​ទូក​គូ​ពិសេស​ ដែល​ទទួល​ចំណាត់​ថ្នាក់​ពិសេស​ល្បឿន​លឿន​ជាង​គេ ​​ប្រចាំ​ឆ្នាំ ២០១៩។​

តាម​របាយការណ៍​ផ្លូវ​ការណ៍​របស់​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​អន្តរជាតិ​ ​​អនុ​ប្រធាន​អចិន្រៃ្តយ៍​ និង​​​ជា​អគ្គ​លេខាធិការ​បាន​ឲ្យ​ដឹង​ថា​ ​ទូក​ឈ្មោះ ​«សារាយតេជោសែនជ័យ» ​មក​ពី​ខេត្ត​កណ្ដាល ​​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ ​១ ​ផ្នែក​​ល្បឿន​លឿន​ជាង​គេ​ ប្រចាំ​ឆ្នាំ ​២០១៩ ខណៈ​លេខ ​២ ​បាន​ទៅ​ទូក​ឈ្មោះ ​​«សម្តេចវិបុលបញ្ញាបារមីមានជ័យ» មក​ពី​ខេត្ត​តាកែវ ​ហើយ​លេខ ​៣ ​​បាន​ទៅ​​ទូក​ឈ្មោះ «​គិរីវង់សុខសែនជ័យ»​ មក​ពី​ខេត្ត​តាកែវ​ដូច​គ្នា​។​

ចំណែក​ទូក ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ផ្នែក​សោភណភាព​ស្អាត​ជាង​គេ ​ប្រចាំ​ឆ្នាំ ២០១៩​ គឺ​មាន​ទូក​អុំ​បុរស​​ឈ្មោះ «ក្អែកស​តេជោសែនជ័យ» ​មក​ពី​រាជធានី​ភ្នំពេញ ទូក​អុំ​បុរស​ឈ្មោះ​ ​«នរិន្ទរង្សីស្រីសពិជ័យចិត្របុត្រ» មក​ពី​ខេត្ត​បាត់ដំបង និង​ទូក​អុំ​បុរស​ ឈ្មោះ​«សុវណ្ណរាជសីហ៍​បារមីបន្ទាយមហានគរ» ​មក​ពី​ខេត្ត​បន្ទាយមានជ័យ​។​

ចំពោះ​​ទូក ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ផែន​លេខ ​១ ​មាន​ចំនួន ​៦ ​ទូក ​គឺ​ទូក​អុំ​បុរស​ឈ្មោះ​ ​«ផ្ការាំ​ស័ក្តិសិទ្ធិ» របស់​ខេត្ត​កណ្តាល ទូកអុំ​នារី​ឈ្មោះ «​រន្ទះ​ពេជ្រ​សែន​ជ័យ» ​មក​ពី​ខេត្ត​កំពង់ឆ្នាំង ទូក​ចែវ​បុរស​ឈ្មោះ ​«​សម្តេច​ចៅហ្វាវាំងគង់» របស់​ខេត្ត​កំពង់​ឆ្នាំង ​ទូកចែវនារី​ឈ្មោះ ​«ព្រះពៃស្រពណ៍» មក​ពី​ខេត្ត​កំពង់ឆ្នាំង ទូក​ខ្នាត​អន្តរជាតិ​បុរស​ឈ្មោះ «ស.ស.យ.ក ស្រុក​ពោធិ៍រៀង» មក​ពី​ខេត្ត​ព្រៃវែង និង​ទូក​ខ្នាត​អន្តរជាតិនារី ឈ្មោះ ​«សំហេងសែនតេជៈបារមីសារាវ័ន​តេជោ» ​របស់​រាជធានី​ភ្នំពេញ។

ចំពោះ​ទូក​ទាំង ​១២ ដែល​ត្រូវបាន​ចាត់​ជា​ចំណាត់​ថ្នាក់​ទៅ​តាម​ផ្នែក​ទាំង ​៣ ​ខាង​លើ​នេះ គឺ​សុទ្ធ​តែ​​ត្រូវ​បាន​ផ្តល់​កិត្តិយស​ឲ្យ​ឡើង​ទទួល​ពាន​រង្វាន់​ជយលាភី​ដោយ​​ផ្ទាល់​ពី​​ព្រះ​ករុណា​ព្រះ​បាទ​​​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា នៅ​ក្នុង​ពិធិ​បិទ​ការ​ប្រណាំង​ទូក ពី​ល្ងាច​ថ្ងៃ​អង្គារ។

ទាក់ទង​ទៅ​នឹង​ការ​​ប្រកួត​ប្រណាំង​ទូក​រយៈពេល ​៣ ​ថ្ងៃ​នេះ លោក​ ប៊ូ​ ជុំសេរី​ អនុ​ប្រធាន​អចិន្រៃ្តយ៍​ និង​ជា​ប្រធាន​គណៈកម្មការ​មេ​ប្រយោគ ​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ពុធ​​ថា​៖ ​«ការ​ប្រណាំង​ទូក​ឆ្នាំ​នេះ ទទួល​បាន​លទ្ធផល​​រលូន​ល្អ​ ដោយ​គ្មាន​ការ​តវ៉ា​ពី​ភាគី​ណា​ទេ​ ប៉ុន្តែ​បើ​និយាយ​ពី​ទូក​មាន​​ល្បឿន​លឿន​ជាង​គេ​​វិញ គឺ​មាន​ថិរវេលា​​ច្រើន​ជាង​ឆ្នាំ​មុន​ ​ព្រោះ​ឆ្នាំ​នេះ​ ​បញ្ហា​ខ្សែ​ទឹក ​ឬ​ទឹក​រាក់​ជាង​កាល​ពី​ឆ្នាំ​មុន​។ ​ចំពោះ​បញ្ហា​គ្រោះ​ថ្នាក់​វិញ ​យើង​មាន​ទូក​លិច​ចំនួន ​៤ ​ក្នុង​ពេល​ប្រកួត ​ប៉ុន្តែ​គ្មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​កីឡាករ​ទេ»​។

ដោយ​ឡែក ​លោក វ៉ាត់​ ចំរើន ​អគ្គលេខាធិការ​ NOCC ​ដែល​គ្រប់គ្រង​ទូក​ចំនួន ​៣ ​នៅ​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ ​​បាន​បញ្ចេញ​ទស្សនៈ​ថា​ ​លទ្ធផល​​ចាញ់ ​ឬ​ឈ្នះ​ មិនមែន​ជា​ទី​បញ្ចប់​នៃ​ការ​ប្រកួត​ប្រជែង​នោះ​ទេ ​គឺ​វា​គ្រាន់​ជា​ការ​វាស់​ស្ទង់​នូវ​សមត្ថភាព​កីឡា ព្រោះ​គោល​បំណង​នៃ​ការ​ប្រកួត​នេះ ​សំដៅ​ទៅ​លើ​ការ​អបអរ​សាទរ ​និង​ជា​លក្ខណ​ប្រពៃណី​ជាតិ​ខ្មែរ ​ដែល​មាន​តាំង​ពី​បុរាណ​កាល​ ដែល​ជា​អត្តសញ្ញាណ​របស់​ជាតិ​ ហើយ​​ការ​ខិតខំ​របស់​ប្រជាពលរដ្ឋ ​និង​កីឡាករ​គ្រប់គ្នា ​គឺ​បាន​បង្ហាញ​នូវ​សុច្ឆន្ទៈ​នៃ​ការ​ស្រឡាញ់ ​និង​ការ​ចូលចិត្ត ព្រម​​​ទាំង​បាន​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ និង​បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​នៃ​ការ​សាមគ្គីភាព​ ការ​ធ្វើ​ការ​រួម​គ្នា​ និង​ការ​ចេះ​ពី​របៀប​ធ្វើ​ការ​ជា​ក្រុម​៕