ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ​បាន​និង​កំពុង​​ប្រមែប្រមូល​អ្នក​​ព័ត៌មាន​កីឡា​​ក្នុង​ស្រុក​មាន​សមត្ថភាព ដើម្បី​​ត្រៀម​​សហការ​​ជាមួយ​អ្នក​ជំនាញ​មក​ពី​ប្រទេស​កូរ៉េខាងត្បូង ក្នុង​ការ​​បង្កើត​នូវ​​ទូរទស្សន៍​កីឡា​កម្រិត​អាជីព​ផ្ទាល់​ខ្លួន​មួយ​ឈ្មោះ​ថា CSTV (Cambodia Sports Television)។

ទូរទស្សន៍​លក្ខណៈ​អនឡាញ​ឌីជីថល ដែល​បំពាក់​ដោយ​ឧបករណ៍​បច្ចេកទេស​ទំនើប មាន​រូបភាព​ច្បាស់​ល្អ​កម្រិត​ HD​ (High Definition )​ នាំ​ចូល​មក​ពី​ប្រទេស​កូរ៉េ​នេះ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជា​តម្រូវ​ការ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​៣២ ឆ្នាំ ​២០២៣ នៅ​កម្ពុជា ហើយ CSTV គ្រោង​នឹង​ចាប់​ផ្តើម​ផ្សាយ​សាកល្បង​នៅ​ខែ​កក្កដា ខាង​មុខ និង​​ចាប់​ផ្តើម​ផ្សាយ​ផ្លូវ​ការ​នៅ​ខែ​ធ្នូ ឆ្នាំ ​២០២០។

លោក ​វ៉ាត់ ​ចំរើន អគ្គលេខាធិការ​ NOCC បាន​ប្រាប់​ថា​៖ ​«NOCC ​មាន​តម្រូវ​ការ​ចាំបាច់​ត្រូវ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​កីឡា​ ជា​លក្ខណៈ​ឯកទេស​ច្បាស់​លាស់​ស្តង់ដា​អន្តរជាតិ​ ដើម្បី​បម្រើ​សកម្មភាព​កីឡា​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម ​លើក​ទី ​៣២ ​ឆ្នាំ ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ ដោយ​​ទូរទស្សន៍​​នេះ នឹង​​ផ្សាយ​ជា​ផ្លូវ​ការ​នូវ​សកម្មភាព​រៀបចំ​ប្រកួត និង​លទ្ធផល​ប្រកួត​ក្នុង​លក្ខណៈ​ឯករាជ្យ​ច្បាស់លាស់​ និង​ជំនាញ​ទាន់​ហេតុការណ៍»​។​

លោក​បន្ត​​ថា​៖ ​«ទូរទស្សន៍​ឯកទេស​ CSTV នឹង​ធ្វើ​ការ​បណ្តុះ​បណ្តាល​ និង​រៀប​ចំ​ទៅ​ក្នុង​កម្រិត​ឯកទេស​កីឡា ​ដែល​ផ្តោត​ទៅ​​លើ​របៀប​ថត​បែប​ទំនើប​ អម​ជាមួយ​ខ្លឹមសារ ​ឬ​សរសេរ​ចាប់​មុំ​ថត​ល្អ ចំណែក​​ឧបករណ៍​ថត មាន​លក្ខណៈ​ទំនើប​ និង​អាជីព ​សម្រាប់​ជំនាញ​​កីឡា ធ្វើ​យ៉ាង​ណា​ឲ្យ​ទូរទស្សន៍​នេះ ក្លាយ​​ជា​ទូរទស្សន៍​ឯកទេស​ផ្នែក​កីឡា​តែ​មួយ​គត់​នៅ​កម្ពុជា»​។

លើស​ពី​នេះ​ទូរទស្សន៍​កីឡា​កម្ពុជា​នេះ​ ក៏​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​ផ្លូវ​ការ​​ពី​ការ​ត្រៀម​ស៊ីហ្គេម ​ឬ​ព្រឹត្តិការណ៍​កីឡា​នានា ​ពេល​បច្ចុប្បន្ន​រហូត​ដល់​ព្រឹត្តិការណ៍​ប្រកួត ​និង​សកម្មភាព​ស៊ីហ្គេម ២០២៣ ​តែ​ម្តង​។​ ពេល​នេះ យើង​កំពុង​រៀបចំ​ទីតាំង​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​តែ​ម្តង ​ហើយ​បន្ទាប់​មក​នៅ​ចុង​ឆ្នាំ ២០២០ ​ទូរទស្សន៍​នេះ​ នឹង​អាច​ដំណើរការ​ផ្សព្វផ្សាយ​ជា​លក្ខណៈ​អនឡាញ​ បណ្តើរៗ​សិន​ ហេតុ​នេះ​​ការ​រៀបចំ​​ គឺ​ផ្តោត​ទៅ​លើ​កម្រិត​ឯកទេស​កីឡា​តែ​ម្តង ដោយ​​យើង​នឹង​រៀបចំ​ឲ្យ​មាន​​ការ​បណ្តុះបណ្តាល​ពី​ក្រុមហ៊ុន​មក​ពី​​កូរ៉េ​»​។​

រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​រូប​នេះ​បញ្ជាក់​ថា​៖ «​ទូរទស្សន៍​កីឡា​នេះ ​ក៏​មាន​វិជ្ជាជីវៈ​ជំនាញ​ផ្នែក​កីឡា​ ដើម្បី​ធានា​​បាន​នូវ​ស្តង់ដា​មួយ​ ដែល​អន្តរជាតិ​ទទួល​យក​បាន​ នៅ​ពេល​ស៊ី​ហ្គេម។ ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក៏​ត្រូវ​មាន​ស្តង់ដា​ស៊ីហ្គេម​ដែរ ​ដោយ​មិនមែន​ចេះ​តែ​ធ្វើ​ទៅ​ឲ្យ​តែ​បាន​ ដោយ​គ្មាន​អាជីព​ពិត​ប្រាកដ ឬ​គ្មាន​ស្តង់ដា​នោះ​ឡើយ»​។

អ្នក​ជំនាញ​កីឡា​រូប​នេះ បាន​បញ្ជាក់​ថា៖ ​«ចំពោះ​ធនធាន​មនុស្ស​ គឺ​សហការ​រវាង​កម្ពុជា​ និង​កូរ៉េ​ ក្នុង​នោះ​សាធារណរដ្ឋ​កូរ៉េ​ ដែល​ជា​អ្នក​ជំនាញ​ទូរទស្សន៍​កីឡា​ ​នឹង​មក​ជួយ​យើង​ជា​មុន​សិន តាមរយៈ​ការ​បណ្តុះបណ្តាល​មន្រ្តី បុគ្គលិក​របស់​ខ្មែរ​យើង​ចំនួន ​៥០ ភាគរយ ដែល​នឹង​ចូល​បម្រើ​ការងារ​ក្នុង​ទស្សន៍​នេះ ​ហើយ​នៅ​ពេល​​យើង​រឹងមាំ​ហើយ ​យើង​នឹង​ដំណើរ​ការ​ទូរទស្សន៍​នេះ ​បាន​ដោយ​រលួន ​ដោយ​ខ្លួន​ឯង»​៕​