ភ្នំពេញៈ សហព័ន្ធខ្មែរកីឡាទោចក្រយាន បាននិងកំពុងធ្វើតេស្តកីឡាករជម្រើសជាតិជាមួយនឹងឧបករណ៍ម៉ាស៊ីនទំនើប ដើម្បីធ្វើឲ្យប្រាកដលើសមត្ថភាពរបស់ពួកគេ ដែលត្រូវត្រៀមលក្ខណសម្បត្តិ ចូលរួមការប្រកួតស៊ីហ្គេម នៅហ្វីលីពីនឆ្នាំ ២០១៩ ខណៈព្រឹត្តិការណ៍នេះ សហព័ន្ធនេះចង់បាននូវលទ្ធផលដ៏ប្រសើរមួយ។
លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ នៅកន្លែងធ្វើតេស្តកីឡាករ នៅទីស្នាក់ការ NOCC កាលពីថ្ងៃអង្គារថា៖ «នេះជាការធ្វើតេស្តបែបបច្ចេកទេសទំនើប ដោយប្រើម៉ាស៊ីនវាស់ កម្លាំង (Power Watts) ដែលមានលក្ខណៈងាយស្រួល មានភាពសុក្រឹត និងច្បាស់លាស់ ជាងការធ្វើតេស្តកីឡាករដោយការជិះកង់នៅតាមដងផ្លូវ ព្រោះវាគ្មានការរំខានដោយចរាចរណ៍»។
លោកបានបន្ថែមថា៖ «តាមរយៈម៉ាស៊ីននេះ នឹងបង្ហាញឲ្យយើងឃើញពីថាមពល និងការរីកចម្រើន ឬការធ្លាក់ចុះរបស់កីឡាករ ហើយបើសិនជាកីឡាករណាម្នាក់ មានសមត្ថភាព ធ្លាក់ចុះ ក្នុងការធ្វើតេស្ត ២ លើកជាប់ៗគ្នា យើងអាចនឹងផ្លាស់ប្តូរគេចេញ ហើយដាក់អ្នកថ្មីជំនួស ឲ្យចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ ២០១៩ ព្រោះយើងចង់បានលទ្ធផលដ៏ល្អមួយ ពីការប្រកួតនោះ»។
ការធ្វើតេស្តដោយម៉ាស៊ីនវាស់កម្លាំងនេះ ត្រូវធ្វើឡើងក្នុងរយៈពេល ៣ ខែម្តង ទៅលើកីឡាករជម្រើសជាតិ ទាំង ៦ នាក់ ដែលត្រូវដាក់ឲ្យប្រមូលផ្តុំ ឆ្នាំ ២០១៨ នេះ ប៉ុន្តែសហព័ន្ធខ្មែរកីឡាទោចក្រយាន ក៏មានអ្នកបម្រុង ៤ នាក់ទៀត សម្រាប់ធ្វើការដោះដូរកីឡាករជម្រើសជាតិណាម្នាក់ មានសមត្ថភាព មិនរីកចម្រើន ផងដែរ ដ្បិតអីការត្រៀមស៊ីហ្គេម ឆ្នាំ ២០១៩ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានត្រៀមទាំងការប្រកួតកង់គួក និងកង់ដៃត្រង់ ដើម្បីប្រជែងយកមេដាយ។
អតីតកីឡាករប្រណាំងកង់កម្រិតអាជីពរបស់អូស្ត្រាលី លោក Frank Zgoznik ដែលជាគ្រូស្ម័គ្រចិត្តរបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន និងលោក ការី ផ្លែអ៊ីសប៉ាទ្រីក ជាអគ្គលេខាធិការរង គឺជាអ្នកធ្វើតេស្តដោយផ្ទាល់ទៅលើក្រុមជម្រើសជាតិ ដោយក្នុងនោះកីឡាករម្នាក់ៗ ត្រូវបានលោក Frank ត្រួតពិនិត្យសុខភាព និងរាងកាយ យ៉ាងច្បាស់លាស់ មុនពេលឲ្យពួកគេឡើងធាក់កង់ ដោយប្រើម៉ាស៊ីនវាស់កម្លាំងចំនួន ២ ម៉ោង ដើម្បីវាសស្ទង់ថាមពល និងសមត្ថភាព ដែលពួកគេបានហ្វឹកហាត់កន្លងមក ថាមានការកើនឡើង ឬធ្លាក់ចុះ។
លោក Frank Zgoznik ដែលបានមកជួយសហព័ន្ធខ្មែរកីឡាទោចក្រយាន ១ ឆ្នាំមកហើយនោះ បានថ្លែងថា៖ «ខ្ញុំមានការខកចិត្តនូវលទ្ធផល ដែលក្រុមប្រណាំងកង់របស់កម្ពុជា ទទួលបានកាលពីអតីតកាល អ៊ីចឹងហើយខ្ញុំមកទីនេះ ដើម្បីស្វែងរកចំណុចខ្សោយរបស់ពួកគេ និងកែប្រែយុទ្ធសាស្ត្រឲ្យបាន ១០០ ភាគរយ។ ខ្ញុំនឹងនាំយកព័ត៌មាន និងវិទ្យាសាស្ត្រសម័យទំនើប មកកាន់កម្ពុជា ដើម្បីជួយឲ្យក្រុមកម្ពុជា មានការរីកចម្រើនជាងមុន»។
នៅពេលសួរពីគម្រោងនៃការប្រជែងយកមេដាយ នៅស៊ីហ្គេម ឆ្នាំ ២០១៩ លោក Frank Zgoznik បានឆ្លើយតបថា៖ «ពួកគេនឹងធ្វើបានល្អ ប៉ុន្តែខ្ញុំមិនទាន់ប្រាកដថា ពួកគេអាចនឹងស្ថិតក្នុងចំណាត់ថ្នាក់ ទទួលបានមេដាយនៅឡើយទេ។ ទោះយ៉ាងណា ខ្ញុំចង់ឲ្យពួកគេស្ថិតនៅក្នុងក្រុមកំពូល និងចង់ឲ្យពួកគេបង្ហាញនូវសិទ្ធផលដ៏ពិសេសមួយ ដូច្នេះក្នុងរយៈពេលនៅសល់ជាង ១ ឆ្នាំ មុនស៊ីហ្គេមនេះ ខ្ញុំនឹងផ្តល់ឲ្យកីឡាករវ័យក្មេងទាំងនេះ ទាំងបទពិសោធនៃ ការហ្វឹកហាត់ និងបច្ចេកទេសនៃការប្រកួត»៕