ភ្នំពេញៈ ជា​អ្នក​ផ្សង​​វាសនា​តាម​រយៈ​ប្រដាល់ ដែល​បាន​រសាត់​ខ្លួន​ ទៅ​ស៊ី​ឈ្នួល​លក់​កម្លាំង​ពលកម្ម នៅ​ប្រទេស​ថៃ កីឡាការិនី មឿយ សឹង ដែល​មាន​រហ័ស​នាម​ថា «កូនខ្លា​គុនខ្មែរ» បាន​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​កីឡាការិនី​ដ៏​ឆ្នើម​ម្នាក់ ហើយ​ការ​យក​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ ​ភេត ​យ៉តយិន ដើម្បី​ក្លាយ​ជា​ខ្សែ​ក្រវាត់ IPCC ទម្ងន់​ ៥៧ គ.ក្រ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​កីឡាការិនី​របស់​កម្ពុជា​រូប​នេះ ​មាន​អ្នក​ចាប់​​អារម្មណ៍​កាន់​តែ​ខ្លាំង។

យ៉ាង​ណា​ក៏​ដោយ ​ការ​បិទ​សង្វៀន​ប្រដាល់​ទាំង​ស្រុង ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​ថៃ បាន​និង​កំពុង​ធ្វើ​ឲ្យ មឿយ សឹង ជួប​ភាព​ទី​ទាល់ រហូត​រក​ប្រាក់​ត្រឡប់​មក​លេង​ស្រុក​មិន​បាន ព្រោះ​ការ​ស៊ី​ឈ្នូល​លក់​ពលកម្ម នៅ​ពេល​នេះ ​រក​បានកម្រៃ​ត្រឹម​អាហារ​ប្រចាំ​ថ្ងៃ។

ដោយ​មាន​ស្រុក​កំណើត​នៅ​ភូមិ​គោគ​ក្រោល ឃុំ​ស្រះជីក ​ស្រុក​ភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​ កីឡាការិនី​វ័យ​ ១៩ ឆ្នាំ មឿយ សឹង បាន​រសាត់​អណ្តែត​ទៅ​ហ្វឹក​ហាត់​ប្រដាល់​នៅ​ប្រទេស​ ថៃ បន្ទាប់​ពី​ម្តាយ​ស្លាប់ ហើយ​ឪពុក​របស់​នាង មាន​ជីវភាព​ក្រខ្សត់ និង​មាន​ប្រពន្ធ​ក្រោយ​ទៀត​នោះ។

ក្នុង​បទ​សម្ភាសតាម​ហ្វេសប៊ុក​ ជាមួយ​​ភ្នំពេញប៉ុស្តិ៍ ​មឿយ សឹង បាន​ប្រាប់​ថា​ ​នាង​ជា​កូន​ពៅ​ទី ៨ ​ក្នុង​គ្រួសារ​ក្រីក្រ ដែល​មាន​ឪពុក​ឈ្មោះ ម៉ុង សៀម និង​ម្តាយ​បាន​ស្លាប់​ចោល​ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​​រក​ការងារ​លក់​ពលកម្ម នៅ​ថៃ។ បន្ទាប់​មក មឿយ សឹង ​បាន​សុំ​គេ​ចូល​ហាត់​ប្រដាល់ ​ក្នុង​ក្លិប​នៅក្នុង​ខេត្ត​មួយ ជិត​ក្រុង​ បាងកក ប្រទេស​ថៃ ​ជាមួយ​គ្រូ​បង្វឹក​ឈ្មោះ ម៉ៃ ហើយ​ពេល​នោះ​លោក ម៉ៃ ​បាន​ដាក់​ឈ្មោះ​ឲ្យ​នាង​ថា «សាវសឿ» ឬ ​ប្រែ​ជា​ខ្មែរ​ថា ​ស្រី​ខ្លា។

តាម​រយៈ​ការ​ហ្វឹក​ហាត់​បណ្តើរ និង​ឆ្លៀតទៅ​ធ្វើ​ការ​លក់​ពលកម្ម​បណ្តើរ ក្នុង​រយៈពេល​ ៤ ឆ្នាំ មឿយ សឹង តែង​ទទួល​បាន​ឱកាស​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​ជា​បន្ត​បន្ទាប់ និង​ទទួល​បាន​លទ្ធផល​ល្អ គឺ​នាង​បាន​ប្រកួត​តាំង​ពី​អាយុ​ ១៥ ឆ្នាំ។

ចំណែក​​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តាម​ខេត្ត​ធំៗ​កីឡាការិនី​ មឿយ​ សឹង​ ប្រាប់​ថា ប្រកួត​បាន​ចំនួន​ ២៤ ដង ឈ្នះ​ ១៥ ចាញ់ ៣ ស្មើ​ ៦ ដង ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ ៦ ​លើក​ ហើយ​ប្រកួត​ចុង​ក្រោយ កាល​ពី​នៅ​ថ្ងៃទី​ ១៤ ​ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ​ដោយ​មាន​ផ្សាយ​ផ្ទាល់ ​តាម​ប៉ុស្តិ៍​លេខ​ ៥ ​ថៃ​នោះ មឿយ សឹង បាន​យក​ឈ្នះ​កីឡាការិនី​ថៃ ​ភេត​ យ៉តយិន​ ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ៤៩-៤៨ ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ក្នុង​ប្រភេទ​ទម្ងន់​ ៥៧ គីឡូក្រាម។

មឿយ​ សឹង​ អះអាង​ថា៖«ក្នុង​រយៈពេល ៤ ឆ្នាំ ​នៅ​ស្រុក​ថៃ ខ្ញុំ​តែងតែ​វិល​មក​ស្រុក​ខ្មែរ ​នៅ​ខេត្ត​ សៀមរាប ដោយ​ចូល​ហ្វឹក​ហាត់​ជាមួយ​លោក​គ្រូ​ លុយ​ វិបុល ​ដើម្បី​ស្វែង​រក​ការ​ប្រកួត​នៅ​ស្រុក​ខ្មែរ ​ប៉ុន្តែ សង្វៀន​នៅ​ស្រុក​ខ្មែរ ​ត្រូវ​ការ​កីឡាការិនី​តិច​បំផុត គឺ​មាន​តែ​សង្វៀន​បាយ័ន​មួយ​ទេ ផ្តល់​ជូន​ស្រីៗ​បាន​ប្រកួត​ខ្លះ ​ក្រៅ​ពី​នេះ​អត់​តែ​ម្តង ហើយ​ដោយ​ស្វែង​រក​ការ​ប្រកួត​មិន​បាន ខ្ញុំ​នៅ​ក្នុង​ស្រុក​ថៃ ច្រើន​ជាង ពិសេស​ពេល​មាន​ការ​ប្រកួត​តាម​ខេត្ត ​ឬ​បុណ្យ​ទាន​នានា ខ្ញុំ​បាន​បន្លំ​ធ្វើ​ជា​ជនជាតិ​ថៃ ឡើង​ប្រកួត​មិន​ឲ្យ​គេ​ដឹង»។

ទោះបីជា​យ៉ាង​ណា មឿយ​ សឹង​ ​បាន​លាត​ត្រដាង​ពី​ភាព​ទីទាល់​ក្នុង​ពេល​បច្ចុប្បន្ន ដែល​រក​ប្រាក់​វិល​ត្រឡប់​មក​លេង​ស្រុក នៅ​​ប្រទេស​កម្ពុជា​មិន​បាន។

មឿយ សឹង បាន​ទម្លាយ​ថា៖ «ឥឡូវ​នេះ​សង្វៀន​នៅ​ថៃ បិទ​អស់​ ចំណែក​ការ​ងារ​ក៏​គ្មាន​ ធ្វើ​ឲ្យ​ខ្ញុំ​រក​ប្រាក់​វិល​មក​ខ្មែរ​វិញ​មិន​បាន​ទេ»។

ស្រ្តី​មាន​ដើម​កំណើត​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​រូបនេះ បាន​បន្ថែម​ថា៖ «ក្រោយ​ពេល​បិទ​ការ​ប្រកួត​ទាំង​ស្រុង នៅ​ប្រទេស​ ថៃ ខ្ញុំ​បាន​ចំណាយ​ពេល​ស៊ី​ឈ្នូល​លក់​ពលកម្ម​ឲ្យ​គេ ដោយ​ទទួល​បាន​កម្រៃ​ត្រឹម​អាហារ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។ ខ្ញុំ​មាន​ការ​នឹក​ស្រុក នឹក​គ្រួសារ​ ហេតុ​នេះ​ខ្ញុំ​កំពុង​សន្សំ​លុយ​ធ្វើ​ដំណើរ​មក​ស្រុក​យើង​វិញ ហើយ​ខ្ញុំចង់​ស្វែង​រក​ការ​ប្រកួត នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ម្តង​ទៀត»៕