ភ្នំពេញ៖ ក្រុម​ជម្រើសជាតិកម្ពុជា​​អាយុ​ក្រោម ​២២ ​ឆ្នាំ ​បាន​នាំ​គ្នា​បង្ហូរ​ទឹក​ភ្នែក ដើម្បី​បង្ហាញ​ពី​ការ​សោក​ស្តាយ ចំពោះ​ការ​ចាញ់​ក្រុម ​U22 ជម្រើសជាតិ​ថៃ ដោយ​ការ​ទាត់បាល់​ប៉េណាល់​ទី ៥-៣ ក្នុងការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនៃ​​ពាន​រង្វាន់ AFF U22 LG Cup 2019 កាល​ពី​យប់​ថ្ងៃ​អាទិត្យ ម្សិល​មិញ។

ជាមួយ​គ្នា​នេះ ​លោក Felix Dalmas ​គ្រូ​បង្វឹកក្រុម​ជម្រើសជាតិ​កម្ពុជា បាន​បង្ហាញ​ពី​មោទនភាព ​ទៅ​លើ​ការ​ខិតខំ​ប្រឹង​ប្រែងកូន​ក្រុម​របស់​លោក ដោយសារ​ពួក​គេ​បាន​ប្រឹង​ប្រែងលេង​​អស់​ពី​សមត្ថ​ភាព ហើយ​​លោក​បានលើក​ទឹក​ចិត្ត ​កុំ​ឲ្យ​ក្រុម ​U22 កម្ពុជា បាក់​ទឹក​ចិត្ត គឺ​ត្រូវ​បន្ត​ប្រឹង​​ប្រែង​បន្ថែម​ទៀត ដើម្បី​ប្រជា​ជន​កម្ពុជា​ទាំង​មូល។

គ្រូ​បង្វឹក​ជន​ជាតិ​អាហ្សង់​ទីន លោក Felix Dalmas បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖​ «ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​កូន​ក្រុម​របស់​ខ្ញុំ ព្រោះ​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ ពួក​យើង​បាន​ប្រឹង​ប្រែងលេង​​អស់​ពី​សមត្ថ​ភាព ហើយ​ខ្ញុំ​សូមឲ្យ​ពួក​គេ​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បី​ប្រជា​ជន​កម្ពុជា​ទាំង​មូល»។

សម្រាប់​ការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​អាទិត្យនោះ ក្រុម​ U22 កម្ពុជា បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ក្នុងការ​ប្រកួត​ប្រជែង​ជាមួយ​ក្រុម ​U22 ជម្រើសជាតិ​ថៃ។ ក្រុម​ទាំង ​២ បាន​ធ្វើ​ការ​វាយ​បក​គ្នា​ទៅ​វិញ​ទៅ​មក ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត និង​បាន​បង្កើត​ឱកាស​នៅ​មុខ​ទី​ដូច​គ្នា។

​ក្រុម​កម្ពុជា និង​ថៃ ​បាន​ប្រកួត​គ្នាយ៉ាង​ស្វិតស្វាញ​​រហូត​ដល់​ ១២០​ នាទី តែ​ក្រុម​ទាំង ​២ សុទ្ធតែ​មិន​អាច​រក​បាន​គ្រាប់​បាល់​ដូច​គ្នា។ ប៉ុន្តែ​​ការ​ខក​ចិត្ត​ បាន​កើតមាន​​ឡើង​ចំពោះ​​ក្រុម U22 ​កម្ពុជា នៅ​ក្នុងការ​ទាត់​បាល់ប៉េណាល់​ទី​កាត់​សេចក្តី ដោយសារ​​ក្រុម​​កម្ពុជា​បាន​ចាញ់​ថៃ ក្នុង​លទ្ធ​ផល ៥-៣។

នៅ​ក្នុង​ការ​ទាត់​បាល់ប៉េណាល់​ទី កាត់​សេចក្តី​ដ៏​រន្ធត់​នោះ ទៀត គឹមហេង, ណារ៉ុង កក្កដា និង អ៊ិន សូដាវីដ សុទ្ធ​តែ​ធ្វើ​បាន​សម្រេច តែ ស៊ិន កក្កដា ​បាន​ទាត់​គ្រាប់​បាល់​ទី ​២ ទៅ​ប៉ះ​របា​ទី​ខាង​លើ ផ្ទុយ​ពី​នេះ​កីឡាករ​ Saringkan, Rithidet, Jedsadakorn, Korrawit និង Ballini សុទ្ធ​តែ​ធ្វើ​បាន​សម្រេចទាំងអស់ ដើម្បី​ជួយ​ឲ្យក្រុម U22 ​ថៃ ឈ្នះ​ក្រុម​កម្ពុជា ទាំង​ព្រលឹង​ចុង​សក់​លើក​នេះ។

ជុំ​វិញការ​ចាញ់​ក្រុម​ U22 ថៃ ៥-៣ ដោយការ​ទាត់​បាល់​ប៉េណាល់​ទី​នេះ​ដែរ លោក Felix Dalmas បាន​សុំ​ចិត្ត​ដល់​អ្នក​គាំ​ទ្រ​កម្ពុជា​ទាំង​អស់ កុំ​ផ្តោត​ខ្លាំង​តែ​ទៅ​លើ​លទ្ធផល។ លោក​បាន​​និយាយ​ថា៖​«​សូមបងប្អូន​អ្នកគាំ​ទ្រ​ទាំង​អស់ កុំផ្តោតតែ​ទៅ​លើ​លទ្ធផល​​ម្យ៉ាង ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​យើង​គួរ​តែ​ផ្តោត​ទៅ​លើការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​របស់​ក្រុម​យើង​ទាំង​មូល»។

ទោះ​បីជា​យ៉ាង​ណា ​ទាំង​​​អ្នក​ទស្សនា​ផ្ទាល់ និង​អ្នក​​​ទស្សនា​​ការ​ផ្សាយ​ផ្ទាល់ នៅ​តាម​គេហដ្ឋាន សុទ្ធតែ​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​លទ្ធផល​នេះ ប៉ុន្តែ​បាន​កោតសរសើរ​ពី​ទម្រង់​លេង​ និងការ​ប្រឹង​ប្រែង​លេង​អស់​ពី​ចិត្ត​របស់​ក្រុម​ U22 កម្ពុជា ហើយ​មាន​អ្នក​ខ្លះ បាន​ប្រៀប​ប្រដូច​ការ​ប្រកួត​លើក​នេះ​ថា «ជា​ការ​ប្រកួត​ដ៏​ល្អ​បំផុត​របស់​ក្រុម​កម្ពុជា ដែល​ពួក​គេ មិន​ធ្លាប់​បានឃើញ​ពីមុន​មក​នោះ​ទេ»។

ដោយ​ឡែក ខ្សែ​ប្រយុទ្ធ Luthfi ​បាន​ទាត់បាល់​ហ្រ្វីឃីក ​បញ្ចូន​ទី​យ៉ាង​ស្អាត នៅនាទីទី​ ៧០ ដើម្បី​ជួយ​ឲ្យ​ក្រុម ​U22 ឥណ្ឌូនេស៊ី ​ឈ្នះ​ក្រុម ​U22 វៀតណាម ១-០ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ដែរ ហើយ​​លទ្ធផលនេះ ឥណ្ឌូនេស៊ី ត្រូវ​ជួប​ថៃ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ល្ងាច​ថ្ងៃអង្គារ​ ម៉ោង ៦:៣០ រីឯ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ត្រូវ​ប្រកួត​ដណ្តើម​យកចំណាត់​ថ្នាក់​​លេខ​៣ និង​លេខ​៤ ​ជាមួយ​ក្រុម​វៀតណាម នៅរសៀល​ម៉ោង ៣:៣០ ថ្ងៃ​អង្គារ​នោះ​ដែរ៕