ភ្នំពេញៈ ក្រុម​ក្រសួង​ការពារ​ជាតិ (​ទ័ព​) បាន​បង្ហាញ​ពី​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការយក​ឈ្នះ​ក្រុម អាស៊ីអឺរ៉ុប សម្រាប់​ការប្រកួត​ជើង​ទី​ ១ វគ្គ​​ ១៦ ​ក្រុម​ថ្នាក់ជាតិ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​ ១៣ ឆ្នាំ​ ២០១៩ នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ពុធ​នេះ ចំណែក​ក្រុម​គិរីវង់​សុខសែនជ័យ​ហាក់​នៅ​ខ្លាច​បទពិសោធ​លេង​បែប​ចាស់ទុំ​របស់​ក្រុម​ណាហ្គាវើល ខណៈ​ពួកគេ​ត្រូវ​ស្វាគមន៍​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ ២០១៣ ណាហ្គាវើល​នៅ​លើ​ទឹកដី​របស់​ខ្លួន​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​នេះ​ដែរ​។

បើ​ទោះបី​ជា​ការប្រកួត​ជើង​ទី​ ១ ​នេះ​ត្រូវ​ធ្វើ​នៅ​កីឡដ្ឋាន​អេអ៊ីយូស្ពតផាក ដែល​ជា​ទឹកដី​របស់​ក្រុម​អាស៊ី​អឺរ៉ុប ប៉ុន្តែ​លោក ទេព ឡុងរចនា អ្នក​ចាត់ការ​ទូទៅ​ក្រុម​ទ័ព​ហាក់​មិន​បាន​បង្ហាញ​ការបារម្ភ​ទៅ​លើ​ការប្រកួត​នេះ​ទេ ព្រោះ​ទ័ព​ក៏​ទើប​តែ​បាន​យក​ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៤-១ ក្នុង​ការប្រកួត​លីក​កំពូល​ដែល​មាន​កីឡាករ​បរទេស​ចូលរួម​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ផង​ដែរ​។

លោក ទេព ឡុងរចនា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​យើង​ត្រូវ​តែ​ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ព្រោះ​យើង​ជា​ម្ចាស់​ជើងឯក ហើយ​មិនមែន​ថា​យើង​អួត​នោះ​ទេ គឺ​ការប្រើ​កីឡាករ​ខ្មែរ​សុទ្ធ​ក្នុង​ការប្រកួត​ពាន​សម្តេច​នេះ យើង​កាន់តែ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការយក​ឈ្នះ ព្រោះ​គុណភាព​កីឡាករ​ក្នុង​ស្រុក​របស់​យើង​លេង​បាន​ល្អ​ជាង​ក្រុម​អាស៊ី​អឺរ៉ុប​»​។

យ៉ាងណា​ក៏ដោយ​គេ​នៅ​មិន​ទាន់​ប្រាកដ​ថា ក្រុម​ទ័ព​នឹង​អាច​យក​ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ដើម្បី​បង្ហាញ​ភាពខ្លាំង​សម្រាប់​ការប្រកួត​បើក​ឆាក​របស់​ខ្លួន​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​នេះ ឬ​យ៉ាងណា​នោះ​ទេ ព្រោះ​អាស៊ី អឺរ៉ុប​ក៏​កំពុង​តែ​ត្រៀមលក្ខណ​សម្បត្តិ ទប់ទល់​នឹង​ក្រុម​ទ័ព​ផង​ដែរ ព្រោះ​ពួកគេ​ធ្លាប់​ត្រូវ​បាន​ទ័ព​ទម្លាក់​សម្រាប់​ការប្រកួត​វគ្គ​ ១៦ ​ក្រុម​ដូច​គ្នា​នេះ​កាលពី​ឆ្នាំ​ ២០១៨ ​ម្តង​ហើយ​។

តាមរយៈ​ការប្រកួត​កាលពី​ឆ្នាំ​មុន​ក្រុមទ័ព​បាន​លត់​អាស៊ី​អឺរ៉ុប​រហូត​ដល់ ៧-១ សម្រាប់​ការប្រកួត​ជើង​ទី​ ១ និង​បាន​បន្ត​ឈ្នះ ៣-១ នៅ​ជើង​ទី​ ២ មុនពេល​ពួកគេ​បាន​បន្ត​ទៅ​ទម្លាក់​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​ក្នុង​វគ្គ​ ៨ ​ក្រុម​ដោយ​ការទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្តី ៥-៤ ក្រោយ​ស្មើគ្នា ៣-៣ ក្នុង​ការប្រកួត​ទាំង​ ២ ​ជើង​។ បន្ទាប់មក ទ័ព បាន​បន្ត​យក​ឈ្នះ​ក្រុម​ណាហ្គាវើល ៣-១ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ឈ្នះ​ក្រុម​ប៉ូលិស ៣-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​លើក​ពាន​សម្តេច ហ៊ុន សែន ជា​លើក​ទី​ ៣​។

ដោយឡែក​ក្រុម​គិរីវង់​សុខសែនជ័យ​បាន​និង​កំពុង​សម្តែង​ការបារម្ភ​ទៅ​លើ​បទពិសោធ​លេង​បែប​ចាស់ទុំ​របស់​ក្រុម​ណាហ្គាវើល​សម្រាប់​ការប្រកួត​ជើង​ទី​ ១ នៅ​លើ​ទឹកដី​ខ្លួនឯង​។ លោក ផាន់ ចាន់ផាត គ្រូបង្វឹក​ក្រុម​គិរីវង់​បាន​ប្រាប់​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​យើង​មិន​ហ៊ាន​សន្មត​ទៅលើ​គូប្រកួត​នោះ​ទេ ព្រោះ​ពួកគេ​ជា​ក្រុម​ខ្លាំង​ដែល​ធ្លាប់​ឈ្នះ​ពាន ប៉ុន្តែ​សំខាន់​យើង​ផ្តោត​ទៅ​លើ​ការប្រកួត​នៅ​លើ​ទីលាន ហើយ​យើង​ក៏​អាច​មាន​លទ្ធភាព​ច្រើន​ផង​ដែរ ព្រោះ​ការប្រកួត​ជើង​ទី​ ១ ​នេះ​ធ្វើ​នៅលើ​ទឹកដី​របស់​យើង​»​។

លោក ចាន់ផាត បាន​បន្ថែម​ថា​៖ «​នៅក្នុង​ការប្រកួត​លីក​កំពូល​ក្រុម​នីមួយៗ សុទ្ធតែ​ពឹង​ផ្នែក​ទៅ​លើ​កីឡាករ​បរទេស ចំណែក​ការប្រកួត​ប្រើ​កីឡាករ​ខ្មែរ​សុទ្ធ​បែប​នេះ ខ្ញុំ​គិត​ថា ណាហ្គាវើល ក៏​មិន​លើស​យើង​ប៉ុន្មាន​ដែរ ព្រោះ​មួយរយៈ​នេះ​សម្ទុះ​លេង​របស់​ក្រុម​យើង​មាន​ការកើនឡើង​ទៅ​លើ​បច្ចេកទេស គឺ​កីឡាករ​ម្នាក់ៗ​ហ៊ាន​លេង​គ្រាន់តែ​ថា កីឡាករ​របស់​គេ​ភាគច្រើន​ជា​អតីត​កីឡាករ​ជម្រើសជាតិ​ដែល​មាន​បទពិសោធ​លេង​ច្រើន​ជាង​ក្រុម​យើង​»​។

ណាហ្គាវើល គឺជា​ក្រុម​ខ្លាំង​មួយ​ដែល​ធ្លាប់​ឈ្នះ​បាន​ពាន​នេះ​ម្តង​កាល​ឆ្នាំ​ ២០១៣ និង​បាន​ឈ្នះ​ជើងឯករង​ចំនួន​ ៥ ​ដង ហើយ​ការប្រកួត​លើក​នេះ លោក មាស ចាន់ណា ដែល​ជា​គ្រូបង្វឹក​បាន​ផ្តោត​យក​ចិត្ត​ទុកដាក់​ខ្លាំង​បំផុត​។ លោក​ធ្លាប់​បាន​ប្រាប់​ថា​៖ «​យើង​ត្រូវ​ធ្វើ​យ៉ាងណា​រៀបចំ​ក្រុម​ឲ្យ​បាន​ល្អ ដើម្បី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ព្រោះ​ជា​ការប្រកួត​ដ៏សំខាន់​សម្រាប់​ពួកយើង​»៕