ភ្នំពេញ៖ ខណៈការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិនៅតែមិនអាចធ្វើទៅបាន ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ កាន់តែផ្ទុះឡើងខ្លាំងនៅកម្ពុជានោះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានសម្រេចដាក់ចេញនូវគោលការណ៍ ដោយតម្រូវឱ្យក្រុមអត្តពលិកជម្រើសជាតិរបស់ខ្លួន ផ្តោតការហ្វឹកហាត់នៅតាមផ្ទះ រួចធ្វើការត្រួតពិនិត្យតាមប្រព័ន្ធអនឡាញ ដើម្បីរក្សាកម្លាំង និងកម្រិតបច្ចេកទេសឱ្យនៅល្អ មិនធ្លាក់ចុះ ក្នុងគោលបំណង ឈានទៅរកការដណ្តើមឱ្យបានមេដាយក្នុងការប្រកួតស៊ីហ្គេមនៅវៀតណាម ចុងឆ្នាំ ២០២១ នេះ។
លោក ងិន សុខបញ្ញា ជាអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ថា៖ «ស្ថិតក្នុងស្ថានភាពវិបត្តិជំងឺកូវីដ ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានបង្កផលប៉ះពាល់មិនអាចឱ្យកីឡាករ កីឡាការិនី ប្រមូលផ្តុំការហ្វឹកហាត់ជុំគ្នាបាននោះទេ ដោយអត្តពលិកត្រូវរៀបចំកម្មវិធីហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ដើម្បីថែរក្សាថាមពល កម្លាំង និងគុណភាពបច្ចេកទេសកុំឱ្យធ្លាក់ចុះខ្លាំងពេក គឺរក្សាបាននៅដដែល មានន័យថា ល្អប្រសើរហើយ ហេតុនេះអត្តពលិកអាចហាត់ប្រចាំថ្ងៃ ទៅតាមលទ្ធភាពមានជិះកង់, រត់ និងហែលទឹក នៅ ១ កន្លែង ឬតាមវាលសាធារណៈ ទៅតាមលទ្ធភាពជាក់ស្តែង គ្រាន់តែបង្ហាញសកម្មភាពហាត់នោះចូលទៅក្នុងគ្រុបត្រួតពិនិត្យរបស់គ្រូបង្វឹក»។
លោកបន្ថែមថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ចុងឆ្នាំ ២០២១ នេះ យើងនឹងបញ្ចូនកីឡាករ កីឡាការិនីសរុបចំនួន ៨ នាក់ ទៅចូលរួម ហើយបានដឹងវិញ្ញាសាប្រកួតច្បាស់លាស់ហើយ មាន ៤ វិញ្ញាសា គឺវិញ្ញាសាទ្រីយ៉ាត្លុងស្តង់ដាអន្តរជាតិ ផ្នែកបុរស និងផ្នែកនារី ដែលត្រូវហែលទឹក ១ ៥០០ ម៉ែត្រ រួចជិះកង់ ៤០ គីឡូម៉ែត្រ និងបន្តរត់ ១០ គីឡូម៉ែត្រ ព្រមទាំងវិញ្ញាសាឌូអាត្លុង ផ្នែកបុរស និងផ្នែកនារី ដែលមានរត់ ១០ គីឡូម៉ែត្រ រួចជិះកង់ ៤០ គីឡូម៉ែត្រ និងរត់ចុងក្រោយ ៥ គីឡូម៉ែត្រទៀត។
អគ្គលេខាធិការរូបនេះ បានប្រាប់ទៀតថា ក្រុមជម្រើសជាតិទ្រីយ៉ាត្លុងមានសរុបចំនួន ១៤ នាក់ ក្នុងនោះមានកីឡាករ ៩ នាក់ កីឡាការិនី ៥ នាក់ និងគ្រូបង្វឹក ៤ នាក់ ក្នុងនោះមានគ្រូបរទេសថ្មីម្នាក់ជាជនជាតិនូវែលសេឡង់ ដែលទើបមកជួយក្នុងការបង្វឹកដល់ក្រុមជម្រើសជាតិកម្ពុជា។ លោក សុខបញ្ញា បានបញ្ជាក់ថា៖ «យើងមានគោលដៅរំពឹងយកមេដាយសំរឹទ្ធឱ្យបានក្នុងការប្រកួតស៊ីហ្គេមនៅវៀតណាម ប៉ុន្តែបញ្ហាកូវីដ ១៩ គឺប្រទេសក្នុងអាស៊ានក៏ដូចយើងដែរ»។
លោក ងិន សុខបញ្ញា បានរំឭក និងបញ្ជាក់ទៀតថា៖ «សម្រាប់ការប្រកួតស៊ីហ្គេមកន្លងមកនេះ ក្រុមកីឡាទ្រីយ៉ាត្លុងកម្ពុជាធ្លាប់បានចំណាត់ថ្នាក់លេខ ៥ លើវិញ្ញាសាប្រកួតជាក្រុម ចំណែកការប្រកួតឯកត្តជន យើងធ្លាប់ឈរនៅលំដាប់លេខ ៦ ដែរ ប៉ុន្តែអ្វីដែលចាំបាច់ក្នុងស្ថានភាពនេះ គឺគ្រូបង្វឹកជម្រើសជាតិបានរៀបចំកម្មវិធីហ្វឹកហាត់ច្បាស់លាស់ប្រចាំថ្ងៃ នៅតាមផ្ទះសិន ដើម្បីថែរក្សាកម្លាំងកុំឱ្យធ្លាក់ចុះខ្លាំងពេក ហើយការត្រួតពិនិត្យការហ្វឹកហាត់របស់កីឡាករ កីឡាការិនីពីគ្រូបង្វឹកធ្វើឡើងតាមប្រព័ន្ធអនឡាញជាប្រចាំ»។
លោកបានប្រាប់បន្ថែមទៀតថា ការហ្វឹកហាត់នៅតាមផ្ទះ គឺត្រូវធ្វើរហូតដល់ជំងឺកូវីដ ១៩ ថមថយ ហើយតាមគម្រោង សហព័ន្ធនឹងត្រូវរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២១ នៅខេត្តកែប ក្នុងខែតុលា ដើម្បីចម្រាញ់យកអត្តពលិកមានសមត្ថភាពឆ្នើមៗចំនួន ៨ នាក់ សម្រាប់ចូលរួមការប្រកួតស៊ីហ្គេមនៅវៀតណាម។ បន្ថែមពីលើនេះ ក្រសួងអប់រំ និង NOCC តែងតែលើកទឹកចិត្ត ជំរុញឱ្យអត្តពលិកជម្រើសជាតិនានាបង្កើនការហាត់នៅតាមផ្ទះនេះឱ្យបានខ្លាំងក្លា ទៅតាមកម្មវិធី ដើម្បីត្រៀមស៊ីហ្គេមចុងឆ្នាំនេះ ព្រោះពេលវេលាកាន់តែខិតជិតមកដល់ហើយ៕