ភ្នំពេញ៖ កីឡាករ ធន់ អៀងឡៃ បានក្លាយជាបេក្ខភាពដំបូងគេ ដែលទទួលបានជ័យជម្នះនៅក្នុងការប្រកួតកំពូលជើងឯក TV5 Boxing Knock Out Serie Cellcard Champion ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម បន្ទាប់ពីរូបគេបានយកឈ្នះលើអ្នកប្រដាល់ជើងថ្មី សេក សារ៉ាន់ សម្រាប់ការប្រកួតបើកឆាកនៅលើសង្វៀនទើបរចនាថ្មីរបស់ប៉ុស្តិ៍លេខ ៥ កាលពីយប់ថ្ងៃសៅរ៍។
ការប្រកួតជម្រុះក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាមនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរជាតំណាងម្ចាស់ស្ថានីយ ព្រមទាំងតំណាងម្ចាស់ឧបត្ថម្ភគួរឲ្យទាក់ទាញ និងចាប់អារម្មណ៍ តែលទ្ធផល ធន់ អៀងឡៃ បានយកឈ្នះលើ សេក សារ៉ាន់ ដោយពិន្ទុដាច់ ៥-០ ខណៈដែលភ្នែកមហាជន គេមើលឃើញពីសមត្ថភាពបច្ចេកទេសប្រកួតរបស់ ធន់ អៀងឡៃ មានកម្រិតល្អជាងជើងថ្មី សេក សារ៉ាន់ ដាច់តែម្តង។
តាមរយៈជ័យជម្នះនេះ បានជួយ ធន់ អៀងឡៃ ឡើងទៅកាន់វគ្គជម្រុះជំទី២ ដោយរង់ចាំកីឡាករ យិប ឌុក និងកីឡាករ នូវ សុខទី គឺបើនរណាឈ្នះ នឹងឡើងមកប្រកួតជាមួយ ធន់ អៀងឡៃ ខណៈ អៀងឡៃ ជាកីឡាករ ដែលធ្លាប់ឈ្នះជើងឯករង បន្ទាប់ពីចាញ់ ម៉ន សាម៉េត នៅវគ្គផ្តាច់ព្រ័ត្រកាលប្រកួតនៅទម្ងន់ ៥៧ គ.ក្រ តែបច្ចុប្បន្ន អៀងឡៃ បានសម្រកទម្ងន់ មកលេងក្នុងទម្ងន់ ៥៤ គីឡូក្រាមវិញ។
យ៉ាងណាក៏ដោយ ទោះជា ធន់ អៀងឡៃ បានឆ្លងផុតដំណាក់កាលជម្រុះទី១ យ៉ាងនេះក្តីប៉ុន្តែជើងខ្លាំងក្នុងការដាក់ពាក្យមកប្រកួតប្រជែងក្នុងពានមួយនេះ គឺមានកីឡាករល្អៗមួយចំនួនទៀត ដែល អៀងឡៃ លំបាកទប់ទល់។ ធន់ អៀងឡៃ បាននិយាយក្រោយការប្រកួតថា៖ «លើកនេះ ខ្ញុំគិតតាំងពីដំបូងថា មិនបារម្ភពីចាញ់នោះទេ»។
សិស្សគណមកពីសមាគមប្រដាល់កងយោធពលខេមរភូមិន្ទរូបនេះបានបន្ថែមថា៖ «ប៉ុន្តែវគ្គក្រោយៗទៀត ខ្ញុំសម្លឹងឃើញថា ប្រឈមនឹងការប្រកួតតឹងតែង ប្រសិនប៉ះចំកីឡាករឆ្នើមៗកំពុងល្អមានកីឡាករ រិន ដាវីដ, ភួង ឡាំកូសីន និង ពេជ្រ ប៊ុនសិដ្ឋ ហើយបើក្រៅពីនេះខ្ញុំគិតថា អាចនឹងស្រួលឈ្នះ។ យ៉ាងណាក៏ដោយខ្ញុំនឹងប្រឹងប្រែង ដើម្បីឈានចូលដល់វគ្គផ្តាច់ព្រ័ត្រយកពានរង្វាន់ TV5 Boxing Knock Out Serie Cellcard Champion ឆ្នាំ ២០២០ នេះ ឲ្យបាន»។
នៅក្នុងពិធីបើកការប្រកួតជាថ្មីនៃសង្វៀនប៉ុស្តិ៍លេខ ៥ នេះ លោក តែម ម៉ឺន បាននិយាយដាស់តឿនបន្ថែម ដល់មន្ត្រីបច្ចេកទេស ចៅក្រមអាជ្ញាកណ្តាល ឲ្យយកចិត្តទុកដាក់ពង្រឹងសមត្ថភាព បំពេញការងារឲ្យល្អមានភាពយុត្តិធម៌ ក្នុងការផ្តល់លទ្ធផលជូនកីឡាករពេលប្រកួត។
ជាមួយគ្នានេះ មន្ត្រីបច្ចេកទេសមួយចំនួនក្នុងគណៈកម្មការផ្គូផ្គង សុំមិនបញ្ចេញឈ្មោះបានទម្លាយព័ត៌មានថា ខាងសង្វៀនប៉ុស្តិ៍លេខ ៥ ចង់មានតំណែទម្រង់ការប្រកួតឲ្យល្អ ព្រោះសង្វៀននេះ ជាអ្នកស្ថាបនិកកម្មវិធីប្រដាល់ផ្សាយផ្ទាល់នេះមុនគេ នៅកម្ពុជា ហើយមហាជននៅតែគាំទ្រខ្លាំង ប្រសិនបើការផ្គូផ្គង និងការប្រកួតធ្វើតាមតម្លាភាព៕