ភ្នំពេញ៖ គ្រូបង្វឹករបស់កីឡាករជើងខ្លាំង ធន់ អៀនឡៃ គឺ លោក ធន់ សុភា មានទំនុកចិត្តខ្ពស់ថា សិស្សរបស់លោកនឹងអាចទទួលបានជ័យជម្នះ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រដណ្តើមពាន TV5 Boxing Knock Out Series នៅលើសង្វៀនប៉ុស្តិ៍លេខ ៥ នាថ្ងៃសៅរ៍នេះ ស្របពេលដែលដៃគូរបស់ខ្លួន គឺកីឡាករជម្រើសជាតិ រិន ដាវីត មានអារម្មណ៍ភ័យផង អរផង មិនហ៊ានសង្ឃឹមច្រើននោះទេ សម្រាប់ការប្រជែងយកកៅអីទៅវគ្គផ្តាច់ព្រ័ត្រ អមជាមួយប្រាក់រង្វាន់ ៤ ០០០ ដុល្លារនេះ។
ទោះជាយ៉ាងណាបើតាមកម្រិតបច្ចេកទេសសមត្ថភាពវិជ្ជាគុន ព្រមទាំងបទពិសោធ គឺ ធន់ អៀនឡៃ មានចិត្តធំជាងបន្តិច រីឯក្បាច់ជង្គង់របស់ រិន ដាវីត ក៏ល្អណាស់ដែរ ដែលជាឧបសគ្គធំដូចគ្នា ខណៈការប្រកួតជម្រុះ ២ ជុំកន្លងមក ធន់ អៀនឡៃ បានឈ្នះពិន្ទុដាច់លើ សេក សារ៉ាន់ នៅជុំទី១ និងបន្តឈ្នះពិន្ទុ ស៊ឺន ថៃសាន់ នៅជុំទី២ ចំណែក រិន ដាវីត បានឈ្នះពិន្ទុ រឿន សុខលី និងបន្តឈ្នះពិន្ទុលើ ពេជ្រ ប៊ុនសិដ្ឋ នៅជុំទី២។
ចំពោះប្រវត្តិប្រកួតរបស់អ្នកទាំង ២ នេះវិញ ធន់ អៀនឡៃ ប្រកួតបាន ៧៩ ដង ឈ្នះ ៧៣ ចាញ់ ៦ ដង ក្នុងនោះផ្ដួលគូប្រកួតឱ្យសន្លប់បាន ២៥ ដង ចំណែក រិន ដាវីត ធ្លាប់ប្រកួតបាន ៥៨ ដង ឈ្នះ ៤៤ ដង ចាញ់ ១២ ស្មើពិន្ទុ ២ ដង ហើយក្នុងនោះផ្ដួលគូប្រកួតឱ្យសន្លប់បាន ២០ ដង។
លោក ធន់ សុភា គ្រូបង្វឹក ធន់ អៀនឡៃ បានប្រាប់ថា៖ «វគ្គនេះសំខាន់ ហើយបើឆ្លងផុត គឺធានាបានពានរង្វាន់មិនខាន។ រិន ដាវីត មិនងាយនឹងយកឈ្នះបានស្រួលទេ គឺមិនងាយចុះចាញ់ដែរ ប៉ុន្តែខ្ញុំមានយុទ្ធសាស្ត្រ ដើម្បីយកឈ្នះ គឺហ្វឹកហាត់ផ្នែកកម្លាំងឱ្យបានពេញលេញចំណែកក្បាច់ប្រកួត គឺជាក់ស្តែងមិនអាចនិយាយមុនឱ្យគេដឹងនោះទេ»។
គ្រូបង្វឹករូបនេះបន្ថែមថា៖ «ធន់ អៀនឡៃ វាយបានគ្រប់ស្ថានការណ៍ ទាំងកណ្តាប់ដៃ ជង្គង់ និងទាត់ ហើយវ៉ៃបានទាំងក្បាច់ឆ្ងាយ និងចូលកៀក ហេតុនេះខ្ញុំរំពឹងឈ្នះ ៧០ ភាគរយ ប៉ុន្តែមិនមែនស៊ីផុយនោះឡើយ»។
ចំណែកលោក ស្វាយ សុខុន អ្នកគ្រប់គ្រងកីឡាករ រិន ដាវីត មិនអាចទាក់ទងសម្ភាសបានទេ ប៉ុន្តែកីឡាករ រិន ដាវីត បាននិយាយថា រូបគេហ្វឹកហាត់ត្រៀមបានល្អ ហើយលទ្ធផលយ៉ាងណាមិនហ៊ានទស្សន៍ទាយមុនប្រកួតទេ ព្រោះគេក៏ហាត់ យើងក៏ហាត់ និងចង់ឈ្នះដូចគ្នា។ ដាវីត បានបន្ថែមថា៖ «ខ្ញុំនឹងវ៉ៃឱ្យអស់ពីសមត្ថភាព ប៉ុន្តែការរំពឹងឈ្នះប៉ុន្មានភាគរយ មិនហ៊ាននិយាយឡើយ ព្រោះការប្រកួតនេះសំខាន់ និងតឹងតែងបំផុត ដោយសារ អៀនឡៃ ក៏ជាអ្នកខ្លាំង ១ រូបផងដែរ នៅក្នុងប្រភេទទម្ងន់នេះ»។
យ៉ាងណាក៏ដោយតាមមតិស្ទាបស្ទង់ពីអ្នកនិយមទស្សនាភាគច្រើន គេមានជំនឿទៅលើ ធន់ អៀនឡៃ ថា មានប្រៀបជាង ដោយសារចិត្តធំ វាយប្តូរមិនញញើត ខណៈដែល រិន ដាវីត ជំនាញជង្គង់ល្អ តែទឹកចិត្តតូច និងខ្លាចដៃគូ ហើយបើនរណាឈ្នះក្នុងវគ្គនេះ នឹងឈានទៅឈ្នះវគ្គផ្តាច់ព្រ័ត្រមិនខាន ព្រោះពេលប៉ះជាមួយដៃគូម្នាក់ទៀតមាន ឡុង ខេត្ត ឬក៏ យ៉ន ពិសី គឺមានសមត្ថភាពមិនអាចទប់ទល់បាននោះឡើយ។
លោក ញាន សុធី អ្នកផ្គូផ្គងកីឡាករប្រាប់ថា នៅថ្ងៃប្រកួតវគ្គ ១/២ ផ្តាច់ព្រ័ត្រសប្តាហ៍នេះ យើងបានសម្រាំងគូល្អៗ បន្ថែមទៀតដូចជា លីន សេងហុង ក្លិបបុរីរាជសីហ៍មានរិទ្ធ ត្រូវប្រកួតជាមួយ ប៊ន ពន្លឹក ក្លិបនាគរាជចតុមុខ ក្នុងទម្ងន់ ៥១ គ.ក្រ ចំណែក ធន់ ផានិត ត្រូវជួប ប៉ុក វិបុល ក្នុងទម្ងន់ ៥៧ គ.ក្រ៕