ភ្នំពេញ៖ អ្នក​ប្រដាល់​វ័យក្មេង អ៊ូច ធារិទ្ធ របស់​ក្លិប​អាណាចក្រគុន​ខ្មែរ ដែល​ឈ្នះ​មេ​ដាយមាស​ពី​ការ​ប្រកួត​ថ្នាក់ជាតិ​ប្រដាល់​សកល ចំនួន ៣ ឆ្នាំ​ជាប់ៗ​គ្នា​ក្នុង​ទម្ងន់ ៥៧ គីឡូក្រាម​នោះ នឹង​ចូល​ហ្វឹកហាត់​ប្រមូល​ផ្តុំ​ក្នុង​ក្រុម​ប្រដាល់​សកល​ជម្រើសជាតិ​នាពេល​ឆាប់ៗ​នេះ ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស​វៀតណាម ចុង​ឆ្នាំ ២០២១ នេះ ស្រប​ពេល​ដែល​ទីផ្សារ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​រក​ប្រាក់​ចំណូល​បាន​ល្អ ប៉ុន្តែ​ក្លិប​របស់​គេ ត្រូវ​បាន​ផ្អាក​បណ្តោះអាសន្ន​ដោយ​បញ្ហា​កូវីដ ១៩ កំពុង​ផ្ទុះឡើង​ខ្លាំង។

អ៊ូច ធារិទ្ធ បាន​កសាង​ឈ្មោះ​ល្បីល្បាញ​ទាំង​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ និង​សកល អស់​រយៈពេល ៥ ឆ្នាំ​មក​ហើយ ដោយ​ទទួល​បាន​លទ្ធផល​ល្អ ហើយ​គេ​ជា​អ្នក​រក​ចំណូល​មក​ទ្រទ្រង់​ជីវភាព​ក្នុង​គ្រួសារ​ដែល​មាន​ឪពុកម្តាយ​ចាស់ និង​ប្អូនស្រី ២ នាក់​កំពុង​សិក្សា​នៅ​ឡើយ។

កីឡាករ​ដែល​បាន​ចូល​ហាត់​ប្រដាល់​ក្នុង​វ័យ ១៨ ឆ្នាំ អ៊ូច ធារិទ្ធ បាន​ប្រាប់​ថា៖ «ខ្ញុំ​បាន​ឈប់រៀន នៅ​ត្រឹម​ថ្នាក់​ទី ១២ ដោយសារ​ជីវភាព​លំបាក​ពេក ហើយ​ក៏​សម្រេច​ចិត្ត​ចូល​ហ្វឹកហាត់​ប្រដាល់​ក្នុង​ឆ្នាំ ២០១៥។ ស្នាដៃ នៅលើ​សង្វៀន​ប្រដាល់​ខ្ញុំ​ទទួល​បាន​ឈ្មោះ​ល្បី ដោយសារ​លោកគ្រូ ធី ណារិទ្ធ ជួយ​បណ្តុះបណ្តាល អប់រំ​ណែនាំ និង​លើក​ទឹក​ចិត្ត ដោយ​រយៈពេល ៥ ឆ្នាំ​នេះ ខ្ញុំ​ប្រកួត​បាន ១០៣ ដង ឈ្នះ ៧៤ ចាញ់ ២៥ ស្មើ ៤ និង​ធ្លាប់​ផ្តួល​ដៃគូ​ឱ្យ​សន្លប់ ៣៩ ដង ហើយ​ខ្ញុំ​ធ្លាប់​ចូល​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់ ៥៧ គីឡូក្រាម​បាន​ម្តង​ដែរ ប៉ុន្តែ​ចាញ់​កីឡាករ​ថៃ និង​បាន​ធ្លាក់»។

យ៉ាង​ណា​ក៏​ដោយ អ៊ូច ធារិទ្ធ សាង​បាន​ភាព​ល្បីល្បាញ និង​ធ្លាប់​បាន​ឈ្នះ​ប្រាក់​រង្វាន់ធំៗ​ជា​ច្រើន ហើយ​ចុង​ក្រោយ​រូប​គេ​បាន​ឈ្នះ​ប្រាក់​លាន​នៅ​សង្វៀន​ថោន បន្ទាប់​ពី​ឈ្នះ​ជើង​ខ្លាំង វ៉ាន់ វឿន ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ។ ធារិទ្ធ បាន​បន្ថែម​ថា៖ «ក្នុង​រយៈពេល ៥ ឆ្នាំ​នេះ ខ្ញុំ​នៅ​តែ​ឡើង​ប្រកួត​ប្រដាល់​សកល ព្រោះ​ខ្ញុំ​ជាប់​ជម្រើសជាតិ​ប្រដាល់​សកល ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ​ចំនួន ៣ ឆ្នាំ និង​ឆ្នាំ​នេះ ហាត់​ត្រៀម​សម្រាប់​ស៊ីហ្គេម​នៅ​វៀតណាម​ទៀត»។

ទោះបី​ជា​យ៉ាង​ណា ការ​បិទ​ក្លិប​ប្រដាល់​បាន​ធ្វើ​ឱ្យ អ៊ូច ធារិទ្ធ កំពុង​ជួប​ការ​ខ្វះខាត​ខ្លាំង។ «ខ្ញុំ​កំពុង​តែ​លំបាក​ខ្លាំង​ណាស់ ព្រោះ​ម្តាយ​ខ្ញុំ​ខ្ចីលុយ​ធនាគារ​មក​ធ្វើ​ផ្ទះ ហើយ​ខ្ញុំ​ជា​អ្នក​រ៉ាប់រង​ការ​បង់​ប្រាក់​នោះ ប៉ុន្តែ​ឥឡូវ​ក្លិប​បិទ មិន​ដឹ​ងថា យ៉ាង​ណា​នោះ​ទេ ដ្បិត​អី​ខ្ញុំ​ជា​អ្នក​រ៉ាប់រង​ទាំង​អស់​ក្នុង​គ្រួសារ។ ហេតុ​នេះ ខ្ញុំ​នឹង​សុំ​ការ​អនុញ្ញាត​ពី​សហព័ន្ធ​ទាំង ២ ដើម្បី​សុំ​ឡើង​ប្រកួត​យ៉ាង​ហោច​ណាស់ ១ ខែ​ឱ្យ​បាន​ម្តង ដើម្បី​ជីវភាព ហើយ​ខ្ញុំ​ក៏​នឹង​ខិតខំ​ហាត់​ប្រដាល់​សកល​ឱ្យ​ខ្លាំង ដើម្បី​ចូលរួម​ស៊ីហ្គេម​នៅ​វៀតណាម»។

លោក ​ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​ប្រាប់​ថា អ៊ូច ធារិទ្ធ ជា​បេក្ខជន​ជម្រើសជាតិ​ប្រដាល់​សកល​ម្នាក់ ក្នុង​ចំណោម​បេក្ខភាព​ទាំង ១៣ នាក់ (ស្រី ២ នាក់) ដែល​ត្រូវ​ត្រៀម​ស៊ីហ្គេម​នៅ​វៀតណាម។

ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក ប៊ុយ សុភ័ណ្ឌ បាន​បញ្ជាក់​ថា៖ «ចំពោះ​ការ​ប្រមូលផ្តុំ​របស់​ប្រដាល់​សកល សហព័ន្ធ​មិនមែន​តឹងតែង​ពេក​ទេ គឺ​អនុញ្ញាត​ឱ្យ​កីឡាករ​ចេញ​ប្រកួត​គុន​ខ្មែរ​បាន​ខ្លះ ព្រោះ​ទីផ្សារ​ប្រកួត​ប្រដាល់​សកល​គ្មាន​អ្នក​ស្ពនស័រ ហេតុ​នេះ​ការ​ចេញ​ឱ្យ​ប្រកួត​ខ្លះ​ក៏​ល្អ​ដែរ ដើម្បី​ពង្រឹង​សមត្ថភាព និង​រក​បាន​ប្រាក់​ចំណូល​ផង​ដែរ ប៉ុន្តែ​មិន​ឱ្យ​ញឹកញាប់​ពេក​ទេ នាំ​ឱ្យ​ប៉ះពាល់​ដល់​កម្លាំង»។

ចំណែក លោក ធី ណារិទ្ធ គ្រូបង្វឹក អ៊ូច ធារិទ្ធ បាន​និយាយថា៖ «បញ្ហា​ជំងឺ​កូវីដ ១៩ ផ្ទុះ​ឡើង បង្ខំ​ឱ្យ​យើង​បិទ និង​ផ្អាក​ការ​ហាត់​សិន ដើម្បី​បំបែក​គ្នា​ទៅ​ផ្ទះ ប៉ុន្តែ​ចំពោះ ធារិទ្ធ បើ​គាត់​ចាំ​បាច់ ត្រូវ​ប្រកួត គឺ​គាត់​អាច​មក​ហាត់​ម្នាក់​ឯង​ជាមួយ​ខ្ញុំ​បាន ព្រោះ​គាត់​រ៉ាប់រង​ជីវភាព​គ្រួសារ​ទាំងស្រុង អ៊ីចឹង​យើង​ហាត់​ដោយ​រក្សា​តាម​ការណែនាំ​របស់​ក្រសួង​ជំនាញ​ទៅ ដ្បិតអី អ៊ូច ធារិទ្ធ រស់នៅ​ម្តុំ​ចោមចៅ ជិត​ក្លិប​ខ្ញុំ​ស្រាប់»៕