ភ្នំពេញៈ អ្នកប្រដាល់ទម្ងន់ធ្ងន់កម្ពុជា ដែលមានរហ័ស្សនាមថា «អ្នកលេងពូថៅខ្លី» ធឿន ធារ៉ា របស់សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ត្រូវបានគណៈកម្មការផ្គូរផ្គងប្រចាំសង្វៀនបាយ័នដាក់ឲ្យជួបជើងខ្លាំងថៃ Awatan Tor Morsri ក្នុងទម្ងន់ ៧២ គ.ក្រ ថ្ងៃអាទិត្យខាងមុខ។
ការជួបគ្នាលើកនេះ វាបានក្លាយជាការប្រកួតសងសឹកយ៉ាងសំខាន់របស់ ធឿន ធារ៉ា ទៅលើម្ចាស់ខ្សែក្រវាត់ Awatan ព្រោះ ធឿន ធារ៉ា បានចាញ់ជើងខ្លាំងរូបនេះ ដោយពិន្ទុដាច់ ក្នុងការជួបគ្នានៅសង្វៀនប៉ុស្តិ៍លេខ ៥ កាលពីខែមុន។
ធឿន ធារ៉ា ធ្លាប់ល្បីល្បាញខ្លាំង នៅសង្វៀន Max Muay Thai ប៉ុន្តែកាលពីចុងឆ្នាំ ២០១៨ ធឿន ធារ៉ា បានឃ្លាតឆ្ងាយពីការហ្វឹកហាត់ និងលែងប្រកួត។ បន្ថែមពីលើនេះ កាលពីខែ មីនា ឆ្នាំ ២០១៩ ធឿន ធារ៉ា បានឱកាសឡើងប្រកួតនៅសង្វៀន Max Muay Thai តែបានចាញ់យ៉ាងគ្រាំគ្រា ដោយសន្លប់ក្រោមជង្គង់កីឡាករថៃត្រឹមទឹកទី២។
បទពិសោធឡើងសង្វៀនរបស់ ធឿន ធារ៉ា នៅខ្ចីវស្សា ប៉ុន្តែសាងភាពល្បីល្បាញនៅសង្វៀន Max Muay Thai និងវិលចូលប្រកួតក្នុងស្រុកឈ្នះកីឡាករ រឿង សោភ័ណ្ឌ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដណ្តើមបានជើងឯកប្រចាំឆ្នាំ។ ចំណែកការវិលមកជួបជើងខ្លាំងរបស់ថៃ Awatan លើកនេះនាំឲ្យមានការភ្ញាក់ផ្អើលខ្លាំង ពីអ្នកតាមដានប្រដាល់។
ចំណែក Awatan វិញមានបទពិសោធច្រើនណាស់ ប៉ុន្តែកាលគេប្រកួតក្នុងទម្ងន់ ៧៥ គីឡូក្រាម ធ្លាប់ចាញ់ អ៊ុង វិរៈ និងចាញ់ ព្រំ សំណាង ប៉ុន្តែពេលគេសម្រកទម្ងន់មកត្រឹមក្រោម ៧២ គីឡូក្រាម គឺកាលពីពេលថ្មីៗនេះ ថៃម្នាក់នេះបានឈ្នះ រឿង សោភ័ណ្ឌ ដោយពិន្ទុនៅសង្វៀន SEATV និងឈ្នះ ធឿន ធារ៉ា នៅសង្វៀនប៉ុស្តិ៍លេខ ៥។
លោក ធី ណារិទ្ធ ជំនួយការផ្គូរផ្គងប្រចាំសង្វៀនបាយ័ន និយាយថា៖ «ធឿន ធារ៉ា ដាក់ឲ្យប្រកួតជាមួយថៃ Awatan នេះ ពិតជាគូលំដាប់ជួបគ្នាដោយកម្រ ហើយមានការចាប់អារម្មណ៍ខ្លាំងពីមហាជន ក៏ដូចម្ចាស់ស្ពនស័រដែរ។ ចំណែក ធឿន ធារ៉ា សំងំហាត់ដោយខ្លួនឯង ព្រោះគ្រូអេ ភូថង មានជំងឺ»។
ទាក់ទងទៅនឹងការប្រកួតវិញ លោក ធី ណារិទ្ធ បានអះអាងថា មិនទាន់អាចថា នរណាមានប្រៀបជាងបានទេ ព្រោះពួកគេសុទ្ធតែមានច្រក និងកលល្បិចប្រកួតជំនាញដូចគ្នា។ ៣ ទឹកដំបូង ធារ៉ា នៅកម្លាំងល្អ អាចប្រើស្នៀតកែងរូស ដែលគេនិយមថា អាវុធប្រចាំត្រកូលរបស់ ធារ៉ា គឺកែងមុខកាណូត។ ចំណែក Awatan កម្លាំងធានាបានល្អទាំង ៥ ទឹក ក្នុងនោះក្បាច់ទាត់ឆ្ងាយ និងជង្គង់ គឺមានប្រៀបជាង ធឿន ធារ៉ា។
លោក បុង ពិសិដ្ឋ នៅខេត្តបន្ទាយមានជ័យ ដែលជាអ្នកនិយមតាមដានការប្រដាល់ បានប្រាប់ថា៖ «ខ្ញុំគិតថា ធឿន ធារ៉ា មិនអាចមានលទ្ធភាពយកឈ្នះលើ Awatan បាននោះទេ ព្រោះតាមដំណឹងការហ្វឹកហាត់របស់គេ គឺមិនសូវបានជាប់ឡាប់ ពិសេសកាលចាញ់ Awatan នៅសង្វៀនប៉ុស្តិ៍លេខ ៥ គឺចាញ់ដាច់តែម្តងផ្នែកជង្គង់ និងទាត់។ សម្រាប់អ្នកទស្សនា ដោយភ្នាល់វិញគិតត្រឹមថ្ងៃនេះមានហាងឆេងភ្នាល់តាមតូបកាហ្វេ គេយក Awatan តឲ្យ ធឿន ធារ៉ា ១០ ស៊ីតែ ៤ ប៉ុណ្ណោះ»៕