ក្រុងឡុងដ៍៖ នាយក​រដ្ឋមន្រ្តី​អង់គ្លេស​លោក Boris Johnson បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ផែនការ​ដ៏​ធំ​របស់​ក្រុម Liverpool និង Manchester United ក្នុង​ការ​កែប្រែ​វិស័យ​​បាល់ទាត់​អង់គ្លេស ដោយ​បាន​​លើក​ឡើង​ថា វា​បំផ្លាញ​ដល់​ការ​ទុក​ចិត្ត​លើ​ការ​គ្រប់គ្រង​បាល់ទាត់​។

គម្រោង​ឈ្មោះ «Project Big Picture» (​ផែនការ​រូបភាព​ធំ) ដ៏​​ចម្រូង​ចម្រាស​នេះ នឹង​នាំ​ឱ្យ​មាន​ការ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​សម្រាប់​ក្លិប​លេង​នៅ​លីគ​អាជីព​អង់គ្លេស (EFL) ដែល​កំពុង​លំបាក ហើយ​វា​ក៏​​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​បែកបាក់ ខណៈ​ឥទ្ធិពល​ត្រូវ​បាន​ប្រមូល​ផ្ដុំ​ក្នុង​ដៃ​នៃ​ក្រុម​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​។​

យោង​តាម​សំណើ​នោះ ចំនួន​ក្រុម​នៅ​ក្របខ័ណ្ឌ​​ Premier League នឹង​ត្រូវ​កាត់​បន្ថយ​អី ២០ មក​នៅ​ ១៨ ក្រុម ហើយ​ការ​ប្រកួត​ពាន League Cup និង Community Shield នឹង​ត្រូវ​លុប​ចោល​តែ​ម្ដង​។

ការ​ស្នើ​នោះ លើក​ឡើង​ទៀត​ថា ក្រុម​ដែល​បញ្ចប់​​ចំណាត់​ថ្នាក់​ទី ១៦ នៅ​លីគ​កំពូល នឹង​ត្រូវ​ចូលរួម​ប្រកួត​កាត់​ក្ដី (play-offs) ជាមួយ​ក្រុម​នៅ​លីគ​ទី២ Championship ខណៈ​នឹង​មាន​ការ​ផ្ដល់​​សិទ្ធិ​បោះ​ឆ្នោត​ខ្ពស់ ​សម្រាប់​ក្លិប​ដែល​លេង​​នៅ Premier League រយៈ​ពេល​យូរ​ ៩ ​ក្លិប​។

EFL នឹង​ទទួល​បាន​ភ្លាមៗ​នូវ​​ចំនួន​ទឹក​ប្រាក់​ ២៥០ ​លាន​ផោន (​$​៣២៥ ​លាន) ជា​ជំនួយ​​​សង្គ្រោះ​សម្រាប់​ក្លិប ដែល​រងគ្រោះ​​ធ្ងន់ធ្ងរ​ពី​ការ​ខាត​បង់​ចំណូល​នៃ​ការ​ប្រកួត អំឡុង​ពេល​មាន​វិបត្តិ​នៃ​ជំងឺ​កូវីដ ​១៩ ខណៈ​ពួក​គេ​នឹង​ទទួល​បាន​ ២៥ ​ភាគរយ​នៃ​ចំណូល​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នា​ពេល​អនាគត​ ព្រោះ​ការ​ប្រកួត​បាល់ទាត់​នៅ​​អង់គ្លេស ត្រូវ​ធ្វើ​ដោយ​បិទ​ទ្វារ​កីឡដ្ឋាន តាំង​ពី​ខែ​មីនា ដោយសារ​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា ហើយ​ក្លិប​នៅ​លីគ​កម្រិត​ទាប​ៗ កំពុង​ប្រឈម​នឹង​ភយន្តរាយ​ហិរញ្ញវត្ថុ​។​

ជាមួយ​គ្នា​នេះ ប្រធាន EFL លោក Rick Parry បាន​អះអាង​ថា ការ​ស្នើ​នោះ ដែល​នឹង​ក្លាយ​ជា​កំណែ​ទម្រង់​ដ៏​ធំ​បំផុត​របស់​បាល់ទាត់​អង់គ្លេស​ក្នុង​ជំនាន់ ១ ដោយ​ផ្ដល់​ឱកាស​ល្អ​បំផុត​​ ក្នុង​​ការ​ធានា​នូវ​អនាគត​របស់​ក្លិប ដែល​មិន​ស្ថិត​នៅ​ក្នុង​លីគ​លំដាប់​កំពូល​។​

លោក​ប្រធាន​បាន​សរសើរ​ក្រុម Liverpool និង Man United ក្នុង​បង្ហាញ​ពី​ការ​នាំ​មុខ​គេ ពេល​ត្រូវ​ការ​ចាំបាច់ ដោយ​លើក​ឡើង​ថា វិស័យ​បាល់ទាត់ នឹង​ទទួល​បាន​ប្រយោជន៍​តែ​ខាង​ Premier League បាន​ឱ្យ​ដឹង​ថា គម្រោង​​នេះ នឹង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ចំពោះ​ការ​ប្រកួត​ទាំង​មូល ហើយ​ពេល​នេះ លោក​​ Johnson បាន​គាំទ្រ​ការ​យល់​ឃើញ​ហ្នឹង​។

អ្នក​នាំពាក្យ​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្រ្តី​បាន​ប្រាប់​កាល​ពី​ថ្ងៃ​ចន្ទ ​ថា​៖ «​ពិត​ណាស់​ វា​ជា​ប្រភេទ​ជំនួញ​លាក់​មុខ ដែល​បំផ្លាញ​ជំនឿ ក្នុង​ការ​គ្រប់គ្រង​បាល់​ទាត់​។ ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ក្លិប EFL យើង​បាន​ផ្ដល់​ការ​ធានា​ដោយ​​ទាំង Premier League និង EFL ដែល​ពួក​គេ​មិន​ចង់​ឱ្យ​ក្លិប​ណា​ ១ ក្ស័យធន​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ១៩ ឡើយ ហើយ​យើង​ដឹង​ថា​ ពួក​គេ​មាន​បំណង​ការពារ​មិន​ឱ្យ​រឿង​នេះ កើត​ឡើង​ដោយ​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់​»​។

អ្នក​នាំពាក្យ​រូប​នេះ បន្ត​ទៀត​ថា​៖ «​យើង​សូម​ធ្វើ​ការ​ជំរុញ​យ៉ាង​ខ្លាំង​ក្លា​ឱ្យ​ក្របខ័ណ្ឌ Premier League និង EFL បន្ត​ធ្វើ​ការ​ប្រកប​ដោយ​ប្រយោជន៍ ដើម្បី​បង្កើត​ឱ្យ​មាន​នូវ​កិច្ច​ព្រមព្រៀង ​១ ដែល​ផ្តល់​នូវ​ចំណុច​រួម​​​ដ៏​​ទូលំទូលាយ ​១ សម្រាប់​គ្រួសារ​បាល់ទាត់​ទាំង​មូល​»​។

នា​ពេល​បច្ចុប្បន្ន​នេះ ក្របខ័ណ្ឌ Premier League ដំណើរការ​ដោយឈរ​លើ​មូលដ្ឋាន​នៃ​ក្លិប ១ សំឡេង​​ឆ្នោត ១ ហើយ​ចាំបាច់​ត្រូវ​មាន ១៤ សំឡេង ដើម្បី​អនុវត្ត​ការ​ផ្លាស់​ប្តូរ​សំខាន់​នេះ​។

យោង​តាម​សំណើ​ថ្មី​នេះ មាន​ត្រឹម ​៦ ក្លិប​ប៉ុណ្ណោះ ក្នុង​ចំណោម​ក្លិប​ ដែល​​លេង​យូរ​បំផុត​ទាំង ៩ នឹង​ត្រូវ​បោះ​ឆ្នោត​សម្រាប់​ការ​កែប្រែ​ដ៏​ធំ​នេះ​៕ AFP/VN