ភ្នំពេញ៖ និស្សិត​នារី​ចំនួន ​៨០ ​នាក់ ​របស់​វិទ្យាស្ថាន​ខេមអេដ បាន​និង​កំពុង​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា នៅ​លើ​ទីលាន ក្នុង​ការ​ប្រកួត​កីឡា​បាល់​បោះ​​នារី​ដណ្តើម​ពាន​រង្វាន់​ខេមអេដ ប្រចាំ​​ឆ្នាំ ​២០១៩ (CamEd Women''s Basketball Tournament 2019) ដើម្បី​ប្រជែង​គ្នា​ក្លាយ​ជា​កីឡាការិនី​ឆ្នើម ដែល​អាច​ជាប់​ក្នុង​ជម្រើស​របស់​សាលា សម្រាប់​ត្រៀម​ការ​ប្រកួត​កីឡា​សាកលវិទ្យាល័យ (University Games) លើក​ទី​១ ​នៅ​​ឆ្នាំ ២០២០។

នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​កាល​​ពី​ព្រឹក​ថ្ងៃ​អាទិត្យ លោក Casey Barnett នាយក​វិទ្យាស្ថាន​ខេមអេដ និង​ជា​អ្នក​ផ្តួចផ្តើម​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​​នេះ​ឡើង​បាន​ថ្លែង​ថា ការ​ប្រកួត​ឆ្នាំ​នេះ​ប្រើ​រូបមន្ត​ប្រកួត ​៣ នាក់ ​ទល់ ​៣ ​នាក់ ដោយ​​ ១ ​ក្រុម​មាន ​៥ ​នាក់ ហើយ​នៅ​ឆ្នាំ​នេះ មាន​ក្រុម​ចូលរួម​ចំនួន ​១៦ ស្មើ​នឹង ​៨០ ​នាក់ ​គឺ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន។

លោក Casey បាន​បន្ថែម​ថា៖​ «​ការ​ប្រើ​រូបមន្ត​ប្រកួត ​៣ នាក់ ទល់ ​៣ នាក់ នេះ គឺ​ជា​យុទ្ធសាស្រ្ត​ក្នុង​ការ​បណ្តុះបណ្តាល​ធនធាន​នារី និង​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​នារី ចូល​លេង​កីឡា​ឲ្យ​បាន​កាន់​តែ​ច្រើន ហើយ​ការ​ខិតខំ​បង្កើន​ឲ្យ​មាន​នារី​ចូល​រួម​ច្រើន​នេះ ដោយសារ​យើង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​លោក​​ឲ្យ​យើង​បង្កើន​ចំនួន​នារី​ចូល​លេង​កីឡា ព្រោះ​ក្រសួង នឹង​រៀបចំ​ការ​ប្រកួត​កីឡា​សាកលវិទ្យា នៅ​រៀងរាល់ ​២ ឆ្នាំ​ម្តង ខណៈ​ឆ្នាំ ​២០២០ ជា​ការ​ចាប់​ផ្តើម​លើក​ដំបូង​»។

បន្ថែម​ទៅ​លើ​ពង្រឹង​គុណ​ភាព​លេង​ក្រុម​បាល់​បោះ​នារី ​ឲ្យ​បាន​កាន់​តែ​ប្រសើរ ដើម្បី​​ឈាន​ទៅ​រក្សា​តំណែង​ជើងឯក ​៣ សម័យ​កាល ដែល​ក្រុម​បាល់​បោះ​នារី​ខេមអេដ ដណ្តើម​​បាន​ពី​ការ​ប្រកួត​កីឡា​និស្សិត​ឧត្តម​សិក្សា និង​មធ្យម​សិក្សា​បច្ចេកទេស​​ជ្រើសរើស​ជើងឯក​​ទូទាំង​ប្រទេស​ឆ្នាំ​នោះ លោក Casey ក៏​នឹង​រៀបចំ​ឲ្យ​មាន​ក្រុម​ហែល​ទឹក បន្ថែម​ទៅ​លើ​ការ​ប្រកួត​បាល់​បោះ (បុរស-នារី) បាល់​ទាត់ (បុរស-នារី) និង​អត្តពលកម្ម (បុរស-នារី) ព្រម​ទាំង​ពង្រឹង​បន្ថែម​លើ​ការ​ប្រកួត​ប៉េតង់​ផង​ដែរ។

លោក Casey Barnett បាន​បញ្ជាក់​ថា៖ ​«ឥឡូវ​នេះ យើង​បាន​រៀបចំ​ការ​ហ្វឹកហាត់ កីឡា​ប៉េតង់ ព្រោះ​តាមរយៈ​ការ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​កន្លង​មក យើង​មើល​ឃើញ​ថា កីឡាការិនី​​របស់​យើង​មួយ​ចំនួន មាន​សក្តានុពល និង​លេង​កីឡា​ប៉េតង់ បាន​ពូកែ​អ៊ីចឹង​បើ​ពួក​គេ បាន​​ហ្វឹកហាត់​រយៈពេល​យូរ​ក៏​អាច​នឹង​មាន​ឱកាស​ក្លាយជា​ជម្រើសជាតិ​ផង​ដែរ។

បន្ថែម​ពី​លើ​នេះ និស្សិត​របស់​យើង ក៏​បាន​ស្នើ​ឲ្យ​យើង មាន​ការ​ប្រកួត​កីឡា​ហែល​ទឹក​ផង​ដែរ ហេតុ​នេះ​យើង​នឹង​រៀបចំ ហើយ​រាល់​ប្រភេទ​កីឡា​ទាំង​អស់ ដែល​យើង​បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត គឺ​យើង​នឹង​ ដាក់​ឲ្យ​ចូល​រួម​ក្នុង​ការ​ប្រកួត កីឡា​សាកលវិទ្យាល័យ នៅ​ឆ្នាំ ​២០២០»។

ជាមួយ​គ្នា​នេះ​លោក Casey បាន​និយាយ​ដែរ​ថា ការ​ជំរុញ​ឲ្យ​​និស្សិត​បាន​លេង​កីឡា ជា​ការ​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​បាន​រៀន​សូត្រ​ពី​ការ​ធ្វើ​ការងារ​ជា​ក្រុម មាន​បទ​ពិសោធ​ដឹកនាំ និង​មាន​ភាព​អំណត់ ពេល​ពួក​គេ​មាន​ការងារ​ធ្វើ៕