ក្រុងគែរៈ កីឡាករ William Troost-Ekong ជួយ​ឲ្យ​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​ឡើង​ទៅ​វគ្គ​ ៤ ​ក្រុម​ចុងក្រោយ​នៅ​ព្រឹត្តិការណ៍ Cup of Nations កាលពី​ពេល​ទៀបភ្លឺ​ថ្ងៃ​ព្រហស្បតិ៍​ក្រោយពី​បាន​ឈ្នះ​ជម្រើសជាតិ​អាហ្វ្រិក​ខាង​ត្បូង ២-១ នៅ​ទីក្រុង​គែរ​ប្រទេស​អេហ្ស៊ីប​។

ក្នុង​ការប្រកួត​នេះ​កីឡាករ Samuel Chukwueze រកបាន​ ១ ​គ្រាប់​នាំ​មុខ​ជម្រើស​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​នៅក្នុង​តង់​ទី​ ១ ​នៅ​ចំពោះ​មុខ​ហ្វូង​អ្នកគាំទ្រ​ក្រុម​នីហ្សេរីយ៉ា ៧៥,០០០ នាក់​នៅ​កីឡដ្ឋាន​អន្តរជាតិ​ក្រុង​គែរ​។

ប៉ុន្តែ​នៅក្នុង​នាទី​ ៧០ កីឡាករ​អាហ្វ្រិក​ខាង​ត្បូង Bongani Zungu រកបាន​ ១​ ​គ្រាប់​វិញ​ធ្វើឲ្យ​ស្មើ​គ្នា​ ១-១ ជាមួយ​គូប្រកួត​របស់​ខ្លួន ប៉ុន្តែ​ខ្សែបម្រើ​នីហ្សេរីយ៉ា Troost-Ekong បាន​ព្យាយាម​តាម​រក​ ១ ​គ្រាប់​ទៀត​ដោយ​ជោគជ័យ​ទាំង​ចម្រូងចម្រាស​នៅ​នាទី​ទី​ ៨៩ ធ្វើឲ្យ​ពួកគេ​ឈ្នះ​អាហ្វ្រិក​ខាង​ត្បូង ២-១ ដើម្បី​ឡើង​ទៅ​វគ្គ​ ៤ ​ក្រុម​ចុងក្រោយ​ដែល​អាច​ប៉ះ​ជាមួយ​ក្រុម​អាល់ហ្សេរី ឬ​ក៏​ក្រុម​កូតឌីវ័រ​ដើម្បី​កក់​កៅអី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​ ១៩ ខែ​កក្កដា​។

គ្រូបង្វឹក​នីហ្សេរីយ៉ា​លោក Gernot Rohr បាន​និយាយ​ថា​៖ «​យើង​សំណាង​ណាស់​ដែល​រកបាន​គ្រាប់​ទី​ ២ ​នៅ​ចុង​ម៉ោង​នៃ​ការប្រកួត​នេះ​ព្រោះ​នៅក្នុង​តង់​ទី​ ២ ​នេះ​ក្រុម​អាហ្វ្រិក​ខាង​ត្បូង​លេង​បាន​ល្អ​ជាង​យើង​ឆ្ងាយ​ណាស់​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា​៖ «​យើង​សប្បាយចិត្ត​ព្រោះ​យើង​ទទួល​បាន​ជ័យជម្នះ ហើយ​នៅ​ការប្រកួត​លើក​ក្រោយ​ដែល​អាច​ប៉ះ​នឹង​ក្រុម​អាល់ហ្សេរី ឬ​កូតឌីវ័រ​នោះ​ក៏​នឹង​មាន​ការលំបាក​បំផុត​ផង​ដែរ​»​។

ចំណែក​គ្រូបង្វឹក​អាហ្វ្រិក​ខាង​ត្បូង​លោក Stuart Baxter បាន​ទទួល​ស្គាល់​ថា បរាជ័យ​នៃ​ក្រុម​របស់​គាត់​គឺ​ពិបាក​នឹង​ទទួល​យក​ខ្លាំង​ណាស់​។

គ្រូបង្វឹក​រូបនេះ​បាន​និយាយ​ថា​៖ «​វា​ពិបាក​នៅពេល​ដែល​យើង​បាន​ចាញ់​នៅក្នុង​នាទី​ស្លាប់រស់​បែប​នេះ ព្រោះ​យើង​ពិបាក​នឹង​ស្វែងរក​ភាពវិជ្ជមាន​ឡើងវិញ​ណាស់​។ ខ្ញុំ​ពិតជា​អាច​រក​ភាព​វិជ្ជមាន​មួយ​ចំនួន​បាន​ក្នុង​រយៈពេល​តែ​ ១ ​សប្ដាហ៍​ប៉ុណ្ណោះ​ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ពិតជា​មិន​អាច​ធ្វើ​បាន​នោះ​ទេ​»​។

ទន្ទឹម​នេះ​ដែរ​ជម្រើសជាតិ​សេណេហ្គាល់​ក៏​បាន​ឡើង​ទៅ​វគ្គ​ ៤ ​ក្រុម​ចុងក្រោយ​ជា​លើក​ដំបូង​តាំងពី​ឆ្នាំ​ ២០០៦ ​នៃ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ក្រោយពី​ខ្សែប្រយុទ្ធ Sadio Mane បាន​បញ្ជូន​បាល់​ទៅ​ឲ្យ​ខ្សែបម្រើ Gueye ដើម្បី​ស៊ុត​ចូល​ទី​យ៉ាង​ល្អ​នៅ​នាទី​ទី​ ៧០ ​ធ្វើឲ្យ​ឈ្នះ​ជម្រើសជាតិ​បេណាំង ១-០ នៅ​វគ្គ​ ៨ ​​ក្រុម​កាលពី​យប់​ថ្ងៃ​ពុធ​។

ជ័យជម្នះ​នេះ​នឹង​ធ្វើឲ្យ​ក្រុម​សេណេហ្គាល់​ត្រូវ​ជួប​ជាមួយ​ជម្រើសជាតិ​ម៉ាដាហ្គាស្កា ឬ​ជម្រើសជាតិ​ទុយនីស៊ី​នៅ​ម៉ោង ២ ទៀបភ្លឺ​ថ្ងៃ​ចន្ទ​នៅក្នុង​ទីក្រុង​គែរ​ដើម្បី​ដណ្ដើម​កន្លែង​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ព្រឹត្តិការណ៍ Cup of Nations​។

គ្រូបង្វឹក​សេណេហ្គាល់​លោក Aliu Cisse បាន​និយាយ​ថា​៖ «​យើង​កំពុង​រំពឹង​ពី​ការប្រកួត​ដ៏លំបាក​បំផុត​មួយ ហើយ​កូនក្រុម​របស់​ខ្ញុំ​មិន​បាន​លះបង់​ចោល​ទេ ព្រោះ​ពួកគេ​មាន​ស្មារតី​ក្រុម​ល្អ មាន​ភាពអត់ធ្មត់ និង​គោរព​តាម​ការណែនាំ​របស់ខ្ញុំ​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា​៖ «​នៅក្នុង​ដំណាក់កាល​នេះ ក្រុម​ចាញ់​គឺ​ធ្លាក់​តែ​ម្តង ហើយ​យើង​មក​ទីនេះ​ក្នុង​បំណង​លេង​ឲ្យ​បាន​ ៧ ​ប្រកួត​ពោល​គឺ​យើង​ចង់​លេង​បន្ត​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង​»​។

ចំណែក​គ្រូបង្វឹក​បេណាំង​លោក Michel Dussuyer បាន​និយាយ​ថា​៖ «​ខ្ញុំ​សូម​អបអរសាទរ​កូនក្រុម​របស់​ខ្ញុំ​ចំពោះ​ការខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏លំបាក​កន្លង​មក​នេះ​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា​៖ «​ក្មេងៗ​ទាំងនេះ​ត្រូវ​តែ​មាន​មោទនភាព​ព្រោះ​ពួកគេ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​បេណាំង​មាន​មោទនភាព​ដែល​បាន​ឡើង​មកដល់​នេះ បើ​ទោះ​ជា​យើង​ខកចិត្ត​ចំពោះ​បរាជ័យ​នេះ​យ៉ាង​ណា​ក៏ដោយ​»៕ SN