ភ្នំពេញ៖ អ្នក​ប្រដាល់​ជើង​ចាស់​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន ​៨ ​ស្ថាប័ន ឡុង សុភី ​ត្រូវ​ដាក់​ឲ្យ​សងសឹក​ជាមួយ​ជើង​ខ្លាំង​ជំនាន់​ថ្មី និង​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​ចំនួន ​២ ​ស្ថាប័ន ​វង្ស ​វិឆ័យ ​នៅ​សង្វៀន ​CNC នៅ​ព្រឹក​ថ្ងៃ​សៅរ៍​​ ​ចំណែក​ជើង​ខ្លាំង ​៤ ​នាក់​ទៀត​មាន លី ភា, ម៉ឺន មេឃា, ឃីម បូរ៉ា និង តាញ់ មករា ក៏​ត្រូវ​ប្រកួត​គ្នា ដណ្តើម​ប្រាក់​លាន ក្នុង​កម្មវិធី​កម្ពុជា​សង្វៀន​គុន​ខ្មែរ​នេះ​ផង​ដែរ។

ការ​វិល​មក​ជួប​គ្នា​រវាង ឡុង សុភី និង វង្ស វិឆ័យ ពិត​ជា​មាន​ការ​​ចំណាប់​អារម្មណ៍​​ខ្លាំង​ពី​អ្នក​ទស្សនា​ ​ព្រោះ​ជំនួប​ចុង​ក្រោយ​របស់​អ្នក​ទាំង ​២​ នេះ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​សង្វៀន SEATV ​ឡុង ​សុភី​ បាន​ឡាំប៉ា​តវ៉ា​ទៅ​គណៈកម្មការ​ប្រកួត ​និង​បាន​ហៅ​ការ​កាត់​ក្តី​របស់​ចៅ​ក្រម​ថា ​មាន​​ភាព​អយុត្តិធម៌ ដែល​បាន​ឲ្យ​រូប​គេ​ចាញ់​ពិន្ទុ​នាំ​ឲ្យ​​បាត់បង់​ឱកាស​​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់​ជាមួយ​កីឡាករ​ថៃ​។​

ហេតុនេះ ការ​ដាក់​ឲ្យ ឡុង សុភី ​ប្រកួត​សងសឹក​ជាមួយ ឡុង សុភី ស្រប​ពេល​ដែល​គ្រប់​សង្វៀន​ប្រដាល់ ទើប​តែ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​វិញ ជា​លក្ខណៈ​ប្រកួត​បិទ​ទ្វារ​គ្មាន​អ្នក​ទស្សនា លើក​នេះ​វា​ជា​ពេល​វេលា​ដ៏​ល្អ​ចំពោះ ឡុង សុភី ក្នុង​ការ​ជម្រះ​ភាព​ហ្មងសៅ​នៅ​ក្នុង​ចិត្ត ហើយ​អ្នក​ទស្សនា​ក៏​រង់ចាំ​មើល​ទាំង​អន្ទះសា​ផង​ដែរ ថា​តើ ឡុង សុភី អាច​យក​ឈ្នះ វង្ស វិឆ័យ ដើម្បី​ស្តារ​ភាព​ត្រឹម​ត្រូវ​របស់​ខ្លួន​បាន​ទេ។

យ៉ាង​ណា​ក៏​ដោយ ឡុង ​សុភី ​ដែល​បាន​ផ្លាស់​មក​នៅ​ក្លិប​ប្រដាល់​កុលបុត្រ​គុន​ខ្មែរ ​១ ឆ្នាំ ​ជាង​ហើយ​នោះ មាន​​សង្ឃឹម​ឈ្នះ​​ត្រឹម ​៥០ ​ភាគរយ​ប៉ុណ្ណោះ​។​ ​សុភី បាន​​និយាយ​ថា​៖ «​ពេល​ឡើង​ប្រកួត ខ្ញុំ​ដឹង​តែ​​វ៉ៃ ចំណែក​​រឿង​ឈ្នះ ​ឬ​ចាញ់​ មិន​ហ៊ាន​និយាយ​ទេ​ ​ព្រោះ​លំបាក​យល់​ ដោយសារ​ការ​​កាត់​ក្តី​ពេល​ខ្លះ​ទទួល​យក​មិន​បាន​ទេ​ ​អ៊ីចឹង​ហើយ​ទើប​​ខ្ញុំ​តែងតែ​និយាយ​មុន​ប្រកួត ដោយ​​សង្ឃឹម​​ត្រឹម ​៥០ ​ភាគរយ ​គ្រប់​ពេល​នោះ»​។​

ឡុង​ សុភី​ បាន​បន្ត​ថា​៖ «​នៅ​ស្រុក​ខ្មែរ ​តើ​មាន​កីឡាករ​ប៉ុន្មាន​នាក់ ​ដែល​ប្រកួត​ឈ្នះ​ខ្ញុំ? ​ប៉ុន្តែ​តម្លៃ​ខ្លួន​ប្រកួត​របស់​គេ​ ខ្លះ​ច្រើន​ជាង​ខ្ញុំ​ដល់​ទៅ ​២ ដង​ឯណោះ​ ហើយ​សប្តាហ៍​នេះ​​ តម្លៃ​ខ្លួន​​ប្រកួត​របស់​ខ្ញុំ ​ជាមួយ ​វង្ស ​វិឆ័យ ​គឺ​គេ​គិត​ឲ្យ​ដូច​ប្រកួត​អន្តរជាតិ​។ ខ្ញុំ​សូម​អរគុណ​ណាស់​ចំពោះ​អ្នក​រៀបចំ​កម្មវិធី ​គឺ ​១ លើក​បាន​ត្រឹម​ជាង ៥០០ ​ដុល្លារ​​ប៉ុណ្ណោះ​»។

ចំណែក វង្ស ​វិឆ័យ ​ដែល​កំពុង​តែ​ល្បី​ឈ្មោះ​ខ្លាំង​នោះ បាន​និយាយ​ថា​៖ «ខ្ញុំ​មិន​ហ៊ាន​និយាយ​មុន​ប្រកួត​ទេ​ ​ព្រោះ​គាត់​ជើង​ចាស់ ​មាន​ល្បិច​ច្រើន​ ហើយ​យ៉ាង​ណា​ខ្ញុំ​ក៏​នៅ​តែ​សរសើរ​គាត់​ថា មាន​​ក្បាច់​ជង្គង់​​​វាយ​ល្អ​ជាង​ខ្ញុំ ​ហេតុ​នេះ​ខ្ញុំ​អាច​នឹង​តស៊ូ​ជាមួយ​គាត់​ក្នុង​ទំនុក​ចិត្ត​ឈ្នះ ​៥០ ​ភាគរយ​ប៉ុណ្ណោះ​»។​

បន្ថែម​ទៅ​លើ​ការ​ប្រកួត​សងសឹក​នេះ​ ឡុង សុភី និង វង្ស វិឆ័យ ក៏​ជា​គូ​ប្រកួត​ដណ្តើម​ប្រាក់​លាន​ផង​ដែរ មាន​ន័យ​ថា អ្នក​ឈ្នះ​នឹង​ទទួល​បាន​ទឹក​ប្រាក់ ​១ លាន​រៀល​ទៀត បន្ថែម​ទៅ​ប្រាក់​តម្លៃ​ខ្លួន។ ចំណែក​កីឡាករ​កម្ពុជា ​៤ ​នាក់​ទៀត ក៏​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​ប្រាក់​លាន នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ដោយ​ក្នុង​នោះ ឃីម បូរ៉ា ត្រូវ​ជួប តាញ់ មករា ក្នុង​ទម្ងន់ ៦០ ​គីឡូក្រាម ហើយ លី ភា ត្រូវ​ប៉ះ​ជើង​ខ្លាំង​វ័យ​ក្មេង ម៉ឺន មេឃា ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម​ដូច​គ្នា៕