ភ្នំពេញ៖ ​កីឡាការិនី នៅ ស្រីពៅ និង​អ្នក​ប្រដាល់ ម៉ាង ព្រហ្មម៉ាញ ​របស់​ក្រុម​ជម្រើស​ជាតិ សុទ្ធ​តែ​​​បាន​បង្ហាញ​ក្តី​សង្ឃឹម​រហូត​ដល់ ​១០០ ភាគរយ ក្នុង​ការ​ឈ្នះ​បាន​មេដាយ​មាស​ពី​ការ​ប្រកួត​កីឡា​ប្រដាល់​សកល​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ​ប្រចាំ​ឆ្នាំ ​២០២០ ដែល​កំពុង​ដំណើរការ​នៅ​ពហុកីឡដ្ឋាន​ជាតិ។

ការ​បង្ហាញ​ពី​ក្តី​សង្ឃឹម​របស់​អ្នក​ទាំង ​២ គឺ​បន្ទាប់​ពី​ពួក​គេ​បាន​រក​ឃើញ​ការ​ឈ្នះ​រៀងៗ​ខ្លួន សម្រាប់​ការ​ប្រកួត​បើក​ឆាក កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ក្នុង​នោះ ​ម៉ាង​ ព្រហ្មម៉ាញ ​របស់​សមាគមកីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ ដែល​ប្រកួត​​ទម្ងន់ ​៦៤ ​គីឡូក្រាម​ បាន​ផ្តួល​កីឡាករ​ វុទ្ធី ​ពិសី ​មក​ពី​ខេត្ត​មណ្ឌលគិរី ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​២​ ចំណែក ​នៅ ​ស្រីពៅ​ ​បាន​ឈ្នះ​ ​អេ ព្រីយ៉ានុត​ មក​ពី​ក្រសួង​ការពារ​ជាតិ ​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​ការ​ប្រកួត​ទម្ងន់ ៥៤ ​គីឡូក្រាម ហើយ​ជ័យជម្នះ​នេះ​បាន​ធ្វើ​អ្នក​ទាំង ​២ មាន​ការ​ជឿជាក់​កាន់​តែ​ខ្លាំង ដោយសារ​អ្នក​ដែល​ត្រូវ​ជួប​បន្ត​នៅ​មាន​ឧបសគ្គ​បន្តិចបន្តួច​ប៉ុណ្ណោះ​​។​

នៅ​ ស្រីពៅ ​បាន​និយាយ​ថា​៖ «​នៅ​ក្នុង​ប្រភេទ​ទម្ងន់ ​៥៤ ​គីឡូក្រាម ​ដែល​ត្រូវ​ប្រកួត​ប្រជែង​នៅ​ឆ្នាំ​នេះ​ មាន​ចំនួន ​៥ ​នាក់ ​ក្នុង​នោះ​ ​អេ ​ព្រីយ៉ានុត​ ជា​ដៃគូ ​ដែល​ខ្ញុំ​គិត​ថា ​ប្រកួត​តឹងតែង​លំបាក​យក​ឈ្នះ​ គឺ​ជា​ឧបសគ្គ​ធំ ​ប៉ុន្តែ​ពេល​នេះ​ ខ្ញុំ​បាន​ឈ្នះ​ដោយ​ស្វ័យ​ប្រវត្តិ ​ដោយ​ ​អេ​ ព្រីយ៉ានុត​ អវត្តមាន​ពេល​ប្រកួត​»។

កីឡាការិនី​ដែល​ប្រកួត​ឱ្យ​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ​រូប​នេះ បាន​​បន្ថែម​ថា៖​ «នៅ​ក្នុង​ចំណោម​កីឡាការិនី​ទាំង ​៥ ​នាក់ ដែល​ចូល​ប្រកួត​ក្នុង​ទម្ងន់ ​៥៤ ​គីឡូ​ក្រាម​នេះ ​​មាន​ខ្ញុំ​, អេ ​ព្រីយ៉ានុត, ​ធឿន ​សុខលី, ហេង ​ផានាថ ​និង ​វី​ ស្រីស្រស់​ ហើយ​​​បើ​សិន​​ខ្ញុំ​ប៉ះ​ជាមួយ ​វី ​ស្រីស្រស់​ នៅ​វគ្គ​បន្ត ខ្ញុំ​គិត​ថា ​វា​មាន​លក្ខណៈ​​តឹងតែង​បន្តិច ​ប៉ុន្តែ​នៅ​តែ​សង្ឃឹម​ឈ្នះ ​១០០ ​ភាគរយ​ ខណៈ​ដែល ធឿន​ សុខលី​ និង ​ហេង ​ផានាថ ​ខ្ញុំ​មិន​បារម្ភ​អ្វី​ឡើយ»​។​

ចំណែក​កីឡាករ ​ម៉ាង ​ព្រហ្មម៉ាញ​ បាន​និយាយ​ថា​ នៅ​ក្នុង​ទម្ងន់ ​៦៤ ​គីឡូក្រាម ​មាន ​ផង់​ សុភាព ​មក​ពី​ខេត្ត​​ព្រៃវែង ​កែវ​ សំរិទ្ធ ​មក​ពី​ខេត្ត​រតនគីរី ​ឡុក​ សាវ័ន្ត ​មក​ពី​ស្វាយរៀង ​​និង ​ភាព​ សថង​ មក​ពី​ខេត្ត​​ព្រៃវែង ​និង​ អេ​ វិរៈខាំឈិតភូថង​ មក​​ពី​ក្រសួង​​ការពារ​ជាតិ​ ​ជា​អ្នក​ខ្លាំង​ម្នាក់​ ប៉ុន្តែ​ពេល​នេះ​ គេ​បាន​ចាញ់​ ផង់ ​សុភាព​ ដោយ​អវត្តមាន​ ហេតុ​នេះ​ខ្ញុំ​អស់​ឧបសគ្គ​ធំ​ហើយ​ ហើយ​​​ខ្ញុំ​ប្តេជ្ញា​ និង​រំពឹង​​ឈ្នះ ១០០ ​ភាគរយ​ យក​​លេខ ​១ ​បន្ត​ទៀត នៅ​​ឆ្នាំ​នេះ​​ ​ទោះបី​ខ្ញុំ​នៅ​សល់ ​កែវ​ សំរិទ្ធិ ​ម្នាក់​ទៀត​ក៏​ដោយ ​ព្រោះ​គេ​​មិន​ជា​បញ្ហា​ធំ​នោះ​ឡើយ​»។​

លោក ​គង់ ​ចាន់ធីណា​ ប្រធាន​ប្រតិភូ​ដឹកនាំ​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ​បាន​​ប្រាប់​​ថា​​៖ ​«នៅ​ថ្ងៃ​បើក​ឆាក​ដំបូង ​កីឡា​ក្រសួង​មហាផ្ទៃ​ប្រកួត​ចំនួន ​៥ ​នាក់​ ឈ្នះ ​៤ ​ចាញ់ ​១ នាក់ ​ហើយ​សម្រាប់​ការ​វាយ​តម្លៃ​ជា​បឋម​ខ្ញុំ​គិត​ថា ក្រសួង​មហាផ្ទៃ​អាច​នឹង​ប្រជែង​យក​លេខ ​១ ​បាន​។​ ជាមួយ​គ្នា​នេះ ​​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​បាន​ឧបត្ថម្ភ​បន្ថែម​ដល់​អត្តពលិក​ចូលរួម​ប្រកួត​ក្នុង​ម្នាក់ ​១០ ​ម៉ឺន​រៀល ​ហើយ​​លោក​ ម៉ក់​ សំអុល​ នឹង​ឧបត្ថម្ភ​ម្នាក់ ​១០ ​ដុល្លារ​ សម្រាប់​អ្នក​ឈ្នះ​»។​​

លោក ​ប៊ួយ ​សុភ័ណ្ឌ​ ​អគ្គលេខាធិការ​សហព័ន្ធកីឡា​​ប្រដាល់​សកល​កម្ពុជា​បាន​ប្រាប់​​ថា៖ ​«​​នេះ​ជា​ការ​ប្រកួត ​ដែល​ប្រើប្រាស់​ថវិកា​ក្រសួង​អប់រំ យុវជន ​និង​កីឡា ​ហើយ​ក៏​ជា​ការ​ប្រកួត​ដើម្បី​ជ្រើសរើស​កីឡាករ-​កីឡាការិនី​ សម្រាប់​ប្រមូល​ផ្ដុំ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ឆ្នាំ ២០២១ សម្រាប់​ត្រៀម​ស៊ីហ្គេម​លើកទី​៣១​ ឆ្នាំ ២០២១​ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម ​រួម​ទាំង​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​ ​២០២៣​ នៅ​​កម្ពុជា​ផង​ដែរ​»៕