ក្រុង​រីយ៉ូដឺហ្សាណេរូ៖ ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ត្រូវ​ប្រឈម​នឹង​​បញ្ជី​ឈ្មោះ​កីឡាករ​របួស ដែល​កំពុង​កើន​ឡើង ក្នុង​នោះ​រួម​​ទាំង​ខ្សែ​ប្រយុទ្ធ​ឆ្នើម Neymar ពេល​​ពួក​គេ​ចាប់​ផ្ដើម​ប្រកួត​​វគ្គ​ជម្រុះ World Cup នៅ​សប្តាហ៍​នេះ ខណៈ​អាហ្សង់ទីន​នឹង​បន្ត​ពង្រីក​ការ​ចាប់​ផ្តើម​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន​នៅ​ផ្ទះ​ ពេល​ជួប​ប្រទេស​ជិត​ខាង​​ប៉ារ៉ាហ្គាយ។

ម្ចាស់​ជើងឯក​ពាន​រង្វាន់ Copa America ប្រេស៊ីល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​វ៉េណេស៊ុយអេឡា នៅ​ក្រុង​សៅប៉ូឡូ​នៅ​ថ្ងៃ​សុក្រ ដើម្បី​បាន​ឈ្នះ​ជា​លើក​ទី​៣ នៃ​ការ​ប្រកួត​ជា​ច្រើន​បន្ទាប់​ពី​បើក​យុទ្ធនាការ​ប្រកួត​ប្រជែង ដើម្បី​ដណ្ដើម​សិទ្ធិ​ទៅ​នៅ​​ប្រទេស​កាតា ឆ្នាំ ​២០២២ ជាមួយ​នឹង​ជ័យជម្នះ​លើ​ប្រទេស​បូលីវី និង​ប៉េរូ​។

តែ​ទោះ​យ៉ាង​ណា ​ក្រុម​របស់​លោក Tite នឹង​មិនមាន​វត្តមាន​កីឡាករ Neymar ទេ បន្ទាប់​ពី​កីឡាករ​ថ្លៃ​បំផុត​លើ​លោក​រូប​នេះ បាន​រង​របួស​ភ្លៅ ខណៈ​ពេល​កំពុង​បំពេញ​ភារកិច្ច​នៅ Champions League ជាមួយ​ក្រុម Paris Saint-Germain នៅ​ប្រទេស​តួកគី កាល​ពី​ខែ​មុន។

ទោះ​បី​ជា​មាន​បញ្ហា​របួស​នេះ ក៏ Neymar នឹង​នៅ​តែ​ធ្វើ​ដំណើរ​ជាមួយ​ក្រុម ចំ​ពេល​មាន​សង្ឃឹម​ថា គេ​អាច​នឹង​ជា​សះស្បើយ​ទាន់​ពេល សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​អ៊ុយរូហ្គាយ​នៅថ្ងៃ​ទី ​១៧ ខែ​វិច្ឆិកា។

ទោះ​យ៉ាង​ណា អ្នក​សម្រប​សម្រួល​ក្រុម​ជម្រើស​ជាតិ​លោក Juninho Paulista និយាយ​ថា លោក Tite បាន​ប្រាប់​នាយក​កីឡា PSG លោក Leonardo ថា លោក​នឹង​មិន​ប្រថុយ​​ចំពោះ​បញ្ហា​សុខភាព​របស់​កីឡាករ​ឡើយ​។

Thiago Silva បាន​ធ្វើ​ឱ្យ​តំបន់​ក្រោម​របស់​ក្រុម Chelsea រឹងមាំ​ជាង​មុន​ ចាប់​តាំង​ពី​បាន​មក​ដល់​ទឹក​ដី​អង់គ្លេស តែ​កីឡាករ​វ័យ ៣៦ ​ឆ្នាំ​រូប​នេះ បាន​ព្រមាន​ថា ការ​ប្រកួត​ញឹក​ពេក​នៅ​លើ​ពិភព​លោក កំពុង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កីឡាករ​។

កីឡាករ Silva បាន​និយាយ​ថា​៖ «​​អ្នក​ត្រូវ​តែ​បន្ត​ធ្វើ​ឱ្យ​ខ្លួន​ឯង​ប្រសើរ​ឡើង ដោយ​គ្មាន​ទី​បញ្ចប់​។ យើង​កំពុង​បាត់បង់​កីឡាករ ដែល​ឆ្លង​ជំងឺ​កូវីដ ១៩ ឬ​អ្នក​ផ្សេង​ទៀត ដែល​រង​របួស​ដោយសារ​យើង​បាន​ប្រកួត​​​ច្រើន​ពេក។ យើង​មិន​មែន​ជា​ម៉ាស៊ីន​ទេ​»​។

ខ្សែ​ការពារ​រូប​នេះ​បន្ត​ថា​៖ «យើង​ឃើញ​ការ​សិក្សា​ថ្មី​ៗ បាន​បង្ហាញ​ថា អ្នក​ទំនង​ជា​រងរបួស​បន្ទាប់​ពី​ ៤ ឬ ៥ ប្រកួត​នឹង​មាន​ម្នាក់​របួស​បន្ទាប់​មក​អ្នក​ផ្សេង​ទៀត (រៀង​រាល់ ៣ ថ្ងៃ​ម្តង)។ វា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ណាស់​សម្រាប់​ពួក​យើង​»​។

បើ​ទោះ​អ្នក​ចាំទី Alisson Becker និង​ខ្សែ​ប្រយុទ្ធ Gabriel Jesus ត្រឡប់​មក​វិញ ក្រោយ​មាន​បញ្ហា​របួស​ក៏​ដោយ ក៏​​ក្រុម​ប្រេស៊ីល នឹង​អវត្តមាន​​កីឡាករ Casemiro, Philippe Coutinho និង Fabinho ដដែល​។

ចំណែក​អាហ្សង់ទីន ដែល​បាន​ចាប់​ផ្តើម​ប្រកួត​ជម្រុះ​ជាមួយ​នឹង​ជ័យជម្នះ​ទៅ​លើ​ក្រុម​អេក្វាឌ័រ និង​បូលីវី កំពុង​សង្ឃឹម​ថា កីឡាករ Lionel Messi នឹង​បាន​ជា​សះស្បើយ​ទាន់​សម្រាប់​ការ​ប្រកួត​ទាំង ២ របស់​ពួក​គេ ទល់​នឹង​ក្រុម​ប៉ារ៉ាហ្គាយ និង​ប៉េរូ​។

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​ប្រាប់​ថា ​កំពុង​ឈឺ​ក​ជើង ដែល​ធ្វើ​ឱ្យ​គ្រូ​បង្វឹក​អាហ្សង់ទីន លោកLionel Scaloni ពិចារណា​ជម្រើស​របស់​គាត់ ប្រសិន​បើ​ប្រធាន​ក្រុម​រូប​នេះ​មិន​អាច​លេង​បាន​ទេ​។

សម្រាប់​ការ​ប្រកួត​ជម្រុះ FIFA World Cup 2022 នៅ​តំបន់​អាមេរិក​ឡាទីន (CONMEBOL) នេះ ក្រោយ​បញ្ចប់​ទៅ ២ ​ប្រកួត ប្រេស៊ីល​ នៅ​លេខ ១ និង​អាហ្សង់ទីន​ លេខ ២ មាន ៦ ពិន្ទុ​ស្មើ​គ្នា​៕ AFP/VN