ភ្នំពេញៈ សហព័ន្ធកីឡាបាល់បោះកម្ពុជា បាននិងកំពុងប្រើប្រាស់កញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រកួតកីឡាបាល់បោះជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃពហុកីឡដ្ឋានជាតិ ដើម្បីស្វែងរកក្រុមខ្លាំងទាំងផ្នែកបុរស និងនារី លើប្រភេទអាយុក្រោម ២៣ ឆ្នាំ។
លោក ឈី សម្បត្តិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាបានថ្លែងក្នុងពិធីបើក កាលពីថ្ងៃអង្គារថា៖ «ការប្រកួតនេះ គឺជាការជួបជុំគ្នាមួយរវាងក្រុមក្មួយៗជាកីឡាករ កីឡាការិនីបាល់បោះ ដើម្បីធ្វើការប្រកួតផ្លាស់ប្តូរបទពិសោធ បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ និងកលល្បិចរៀងៗខ្លួន ដើម្បីឈានទៅដណ្តើមជ័យជម្នះ ជាជើងឯក ក្នុងឆ្នាំ ២០១៨»។
លោកបានបន្ថែមថា៖ «ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការប្រកួតនេះ ជាមួលដ្ឋានគ្រឹះ គឺយើងត្រូវគោរពវិន័យ បទបញ្ជាបច្ចេកទេស ការសម្រេចរបស់អាជ្ញាកណ្តាល រក្សាសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ និងកិត្តិយស ដោយត្រូវយោគយល់គ្នា មានអធ្យាស្រ័យគ្នាទៅវិញទៅមក ឲ្យសមស្របជាយុវជន ដែលកំពុងមានការអភិវឌ្ឍ»។
សម្រាប់ការប្រកួត ដែលបានចាប់ដំណើរការតាំងពីថ្ងៃអង្គារ ហើយគ្រោងបញ្ចប់នៅល្ងាចថ្ងៃសៅរ៍ ខាងមុខនេះ គឺមាន ១៣ ក្រុម (នារី ៥ ក្រុម) ចូលរួម ដោយក្នុងនោះក្លិបសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជូនទាំងក្រុមបុរស និងនារី មកចូលរួមដូចគ្នា ឯក្រុមនារី ៣ ក្រុមទៀត មានមកពីក្លិប Blue Technology សហភាពសហព័ន្ធកីឡាបាល់បោះស្រុកស្វាយអន្ធរ និងក្រុម Eagles របស់ខេត្តកណ្តាល។
ចំណែកក្រុមបាល់បោះបុរសចំនួន ៦ ក្រុមទៀត មានមកពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប វិទ្យាល័យហ៊ុនសែន តាខ្មៅ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង ក្លិបកីឡាបាល់បោះវិទ្យាល័យហ៊ុនសែនប៊ុន រ៉ានីផ្សារដើមថ្កូវ និងក្រុម Conquistador ហើយរូបមន្តប្រកួតគឺក្រុមនារីទាំង ៥ ត្រូវប្រកួតវិលជុំ រួចកំណត់យកក្រុមមានពិន្ទុខ្ពស់ជាងគេជាក្រុមលេខ ១ លេខ ២ និងលេខ ៣ តែម្តង ប៉ុន្តែក្រុមបុរសទាំង ៨ បានចែក ការប្រកួតជា ២ ពូល រួចយក ២ ក្រុមមានពិន្ទុខ្ពស់ជាងគេ តាមពូលទាំង ២ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។
ចំពោះគោលបំណងនៃការប្រកួតនេះវិញ លោក កៅ កាណាលី អគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះកម្ពុជា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃពុធថា៖ «ការប្រកួតនេះ យើងធ្វើទៅតាមផែនការរបស់សហព័ន្ធ ដែលកាលពីឆ្នាំ ២០១៧ យើងធ្វើក្រុម U18 និងឆ្នាំ ២០១៨ នេះ យើងធ្វើក្រុម U23 ហើយការកំណត់យកអាយុ ២៣ ឆ្នាំចុះបែបនេះ ដើម្បីរកមើលកីឡាករ កីឡាការិនី មានទេពកោសល្យល្អៗ និងមានកាយសម្បទាខ្ពស់ល្អ ឲ្យចូលហាត់ក្នុងក្រុមធំ និងក្រុមថ្នាលជម្រើសជាតិ ត្រៀមប្រកួតស៊ីហ្គេម ឆ្នាំ ២០១៩ នៅហ្វីលីពីន»។
តាមរយៈការប្រកួតប្រជែង ២ ថ្ងៃកន្លងមកនេះ លោក កៅ កាណាលី មានការចាប់អារម្មណ៍ទៅលើភាពរីកចម្រើនរបស់ក្រុមនារី។ លោកបាននិយាយថា៖ «យើងឃើញក្រុមបាល់បោះនារី មានការរីកចម្រើនជាងមុន ដោយមានបច្ចេកទេសលេងល្អ និងភាគច្រើនមានកាយសម្បទាខ្ពស់ៗល្អ ចំណែកផ្នែកបុរសនៅឆ្នាំនេះ មានខេត្តចំនួន ៣ បានចូលរួមផងដែរ គឺខេត្តកណ្តាល ខេត្តពោធិ៍សាត់ និងខេត្តស្វាយរៀង ដែលធ្វើឲ្យបរិមាណប្រកួត មានការកើនឡើងជាងមុន»៕