ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកបានសហការជាមួយការិយាល័យអប់រំ យុវជន និងកីឡាស្រុកកោះធំ ខេត្តកណ្តាល ដើម្បីបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកហែលទឹកកម្រិតមូលដ្ឋាន (Beginner Swimming Coach Clinic) ដល់មន្ត្រី និងគ្រូបង្វឹកមកពីវិទ្យាល័យ អនុវិទ្យាល័យដែលមានរយៈពេល ២ ថ្ងៃ ដោយបានប្រព្រឹត្តទៅនៅការិយាល័យអប់រំស្រុកផ្នែកទ្រឹស្តី ចំណែកការអនុវត្តផ្ទាល់ធ្វើនៅអាងហែលទឹកស្រុកកោះធំតែម្តង។
កម្មវិធីនេះ បានរៀបចំតាំងពីថ្ងៃទី ៨ និងបានបិទបញ្ចប់ កាលពីល្ងាចថ្ងៃអង្គារ ទី ៩ ខែមិថុនា ដោយមានការអញ្ជើញចូលរួមរបស់លោក អេង មោក្ខ ប្រធានក្រុមប្រឹក្សាស្រុកកោះធំ លោក ច្រាយ ថុង ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកកោះធំ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ព្រមទាំងសិក្ខាកាមចំនួន ១១ នាក់។
សកម្មភាពវគ្គបណ្តុះបណ្តាលកីឡានេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសភាពការណ៍នៃជំងឺកូវីដ ១៩ ទំនងស្ងប់ស្ងាត់ ហើយគម្រោងចំណាយនេះ ត្រូវបានមន្ត្រីជំនាញប្រាប់ថា ជាបន្ទុកចំណាយថវិកាជាតិ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងកម្មវិធីកីឡា ប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ដែលមានទំហំទឹកប្រាក់សរុបចំនួន ៨០ លានរៀល ដោយផ្តោតទៅលើវគ្គបណ្តុះបណ្តាល ប្រកួតជើងឯកជាតិ និងធនធានមនុស្ស និងរដ្ឋបាល។
លោក ហែម គីរី បានប្រាប់ភ្នំពេញប៉ុស្តិ៍ តាមទូរស័ព្ទពីស្រុកកោះធំកាលពីថ្ងៃអង្គារ ក្នុងពិធីបិទវគ្គថា វគ្គដំបូងសម្រាប់ដល់មន្ត្រីកីឡា និងគ្រូបង្វឹកវិទ្យាល័យទាំង ៤ នៅស្រុកកោះធំហើយជាការអនុវត្តគម្រោងប្រចាំឆ្នាំ ក្នុងគោលបំណងចង់ឲ្យកីឡាហែលទឹក មានសកម្មភាពពីមូលដ្ឋាន ព្រោះពួកគាត់នៅទីនោះ ចេះជំនាញហែលទឹក ដើម្បីបង្ហាត់បង្រៀនកីឡាករ កីឡាការិនីក្នុងស្រុកនេះ ជាចាំបាច់បំផុត ដ្បិតយើងមានអាងហែលទឹកស្រាប់ និងបើកហ្វឹកហាត់ស្រាប់។
លោកបានបន្តថា៖ «តាមផែនការប្រចាំឆ្នាំរបស់សហព័ន្ធ ត្រូវបើកវគ្គបណ្តុះបណ្តាល ដែលមានសិក្ខាកាមក្នុងស្តង់ដាចំនួន ២៥ នាក់ ប៉ុន្តែដោយបញ្ហាកូវីដ ១៩ យើងរក្សាបាននូវគម្លាតតាមគោលការណ៍ណែនាំរបស់ក្រសួង គឺផ្តល់ជូនត្រឹមតែ ១១ នាក់ប៉ុណ្ណោះ ដោយអង្គុយឆ្ងាយពីគ្នាអនុវត្តរក្សាគម្លាតពីគ្នា។ ជាមួយគ្នានេះ ខ្លឹមសារនៃវគ្គសិក្សានេះ គឺរៀនទ្រឹស្តីនៅការិយាល័យអប់រំស្រុក ដែលបង្រៀនដោយខ្ញុំផ្ទាល់ និងអនុវត្តជាក់ស្តែងនៅអាងផ្ទាល់ ដោយលោកគ្រូ នាង រីទ្ធិយ៉ា ព្រមទាំងមន្ត្រីសម្របសម្រួលមកពីសហព័ន្ធចំនួន ២ នាក់ផងដែរ»។
អគ្គលេខាធិការរូបនេះ បន្ថែមថា៖ «លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាប្រធានសហព័ន្ធ បានជំរុញឲ្យមានវគ្គនៅកោះធំនេះ ក្នុងគោលបំណងចង់មានគ្រូ និងអត្តពលិកជម្រើសជាតិ ចេញពីស្រុកកោះធំនាពេលអនាគត ព្រោះយើងមានអាងល្អនៅទីនេះ។ លោកប្រធានបានជំរុញលើកទឹកចិត្ត និងបំផុសចលនាយុវជនសិស្សានុសិស្សក្នុងវិទ្យាល័យទាំង ៤ នៃស្រុកកោះធំ ឲ្យចូលរួមក្នុងវិស័យកីឡាដើម្បីលើកកម្ពស់សុខភាព ក៏ដូចជាស្វែងរកអត្តពលិកមានសមត្ថភាពល្អ អាចត្រៀមចូលរួមហ្វឹកហាត់ និងប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិក្នុងពេលខាងមុខ»។
តាមការវាយតម្លៃរបស់ប្រធានវគ្គបានប្រាប់ថា សិក្ខាកាមទាំង ១១ នាក់ ទទួលបាននិទ្ទេសល្អ ៩០ ភាគរយ និង ១០ ភាគរយទៀតមធ្យម ព្រោះសិក្ខាកាមទាំងអស់សុទ្ធតែជាគ្រូអប់រំកាយ និងកីឡា តាមវិទ្យាល័យ ដែលធ្លាប់ឆ្លងកាត់ការសិក្សាពីសាលាជំនាញកីឡារួចហើយ៕