ភ្នំពេញៈ ក្រុម​ក្រសួងការពារជាតិ (ទ័ព) មិន​ត្រឹម​តែ​មិន​អាច​សង​សឹកទៅ​​លើ​ក្រុម​បឹងកេត បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក្រុម​ជើង​ឯក​រង​២​ជំនាន់​មួយនេះ ថែម​ទាំង​ធ្លាក់​ចេញ​ពី​តំបន់​កំពូល​តារាង​ទាំង​ ៤ (Top4) នៃ​លីក​កំពូល​កម្ពុជា ឆ្នាំ ​២០១៨ ​ក្រោម​ស្នា​ដៃ​ ​បឹង​កេត ទៀត​ផង ប៉ុន្តែ​ក្រុម​ប៉ូលិស និង​ ក្រុម​វិសាខា សុទ្ធ​តែ​រក​បាន ​៣ ពិន្ទុ ដើម្បី​បន្ត​ឈរ និង​ឡើង​មក​​ Top4។

​គេ​នៅ​ចាំ​បាន​ថា សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ កាល​ពី​ឆ្នាំ ​២០១៧ ​ក្រុម​ទ័ព បាន​ចាញ់​ ​បឹង​កេត ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទី ១០-៩ ដ៏គួរ​ឲ្យសោក​ស្តាយបំផុត ខណៈ​ក្រុម​ទាំង​២ បាន​ត្រឹម​ស្មើ​គ្នា ១-១ ក្នុងការ​ប្រកួត​ពេញ​ម៉ោង និង​នាទី​បន្ថែម​នោះ ហើយ​ការ​ចាញ់​នោះ បាន​ធ្វើ​ឲ្យ​ទ័ព ​បាន​ត្រឹមចំណាត់​ថ្នាក់​​លេខ​ ២ ចំនួន​ ២ ​ឆ្នាំជាប់ៗ​គ្នា។

ដោយ​ឡែក សម្រាប់​ការ​វិល​មក​ជួប​គ្នា នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ម្សិល​មិញ ក្រុម​ទ័ព នៅ​តែ​មិន​អាច​កែ​ប្រែ​ប្រវត្តិចាញ់​នេះ​បាន​ដដែល។ បើ​ទោះ​បីជា​ ក្រុម​ទ័ព ​មាន​ភាគ​រយ​ច្រើន​ ក្នុងការ​​គ្រប់​គ្រង​បាល់ ប៉ុន្តែពួក​គេ មិន​អាច​រក​​បាន​គ្រាប់​បាល់​​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ខ្សែ​ប្រយុទ្ធ Maycon និង Julius បាន​សហការ​គ្នា​យ៉ាង​ល្អ ដើម្បីជួយ​ឲ្យ ​បឹង​កេត ឈ្នះ ទ័ព ២-០ លើក​នេះ ដោយ​ក្នុង​នោះ Julius រក​បាន​គ្រាប់​បាល់​ទី​ ១ នៅ​នាទីទី​ ៧១ ហើយ Maycon បាន​បន្ថែម ​១ ​គ្រាប់​ទៀត នៅនាទីទី ​៧៤។

ចំណែក​ក្រុម​វិសាខា បាន​លត់​ក្រុម​ម្ចាស់​ផ្ទះ កំពុង​ឈរ​នៅបាត​តារាង វេស្ទើន ៣-០ នៅ​កីឡដ្ឋាន​វេស្ទើន កាល​ពី​ល្ងាច​ថ្ងៃសៅរ៍​នោះ​ដែរ។ ​គ្រាប់​បាល់​ទាំង៣​នេះ រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​កូរ៉េខាង​ជើង Myon Ho Cheo ២​គ្រាប់ នៅនាទីទី​ ១២ និង​ទី ​៨៨ ហើយ​១​គ្រាប់​ទៀត រក​បាន​ដោយ​កីឡាករ សាន គីមហេង នៅនាទីទី​ ៥០។

ជាមួយ​គ្នា​នោះ​ដែរ ក្រុម​ប៉ូលិស បាន​យក​ឈ្នះ​ក្រុម​ចំណូល​ថ្មី សូល​ទីឡូអង្គរ ២-១ នៅ​ពហុកីឡដ្ឋាន​ជាតិ ដោយ​ក្នុង​នោះ​កីឡាករ Noh Sangmin ស៊ុត​បាល់​ពិន័យ​ ១១ ម៉ែត្រ​ ​​បាន​សម្រេចឲ្យក្រុម​ប៉ូលិស នៅនាទីទី​ ២២ មុន​ពេល Bata រក​បាន​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ សូល​ទីឡូអង្គរ នៅនាទីទី​​ ៣៥ ប៉ុន្តែ Noh Sangmin ដដែល បាន​រក​ឃើញ​គ្រាប់​ទី ​២ ​របស់​គេ ដើម្បី​ជួយ​ឲ្យ​ប៉ូលិស ឈ្នះ​នៅនាទីទី​ ៧៦។

យោងតាម​លទ្ធផល​នេះ ក្រុម​​​បឹង​កេត បាន​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀងទី​១ របស់​ក្រុម​ណាហ្គាវើល ជា​បណ្តោះ​អាសន្ន ដោយ​មាន​១៣​ពិន្ទុ ហើយ​ក្រុម​មាន​១០​ពិន្ទុ ​ណាហ្គាវើល បាន​ធ្លាក់​មក​ឈរ​នៅ​លេខ​រៀងទី​២។ រីឯ​ក្រុម​វិសាខា បាន​ឡើង​មក​ឈរ​នៅ​លេខ​រៀង​ទី​៣ ដោយ​​មាន​ ១០ ស្មើ​ជា​មួយ​ក្រុម​ប៉ូលិស ដែល​បន្ត​ឈរ​នៅ​លេខ​រៀងទី​ ៤។

យ៉ាង​ណា​ក៏​ដោយ ចំណាត់​ថ្នាក់​នៅ​តំបន់ Top4 នេះ អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ ​តាម​រយៈ​ការ​ប្រកួតចំនួន​៣​គូ​ទៀត ​នៅ​ថ្ងៃ​នេះ ដោយ​ក្នុង​នោះ​ក្រុម​ណាហ្គាវើល អាច​នឹង​ដណ្តើមយក​លេខ​១​ពីបឹង​កេត​វិញ បើ​សិនជា​ពួក​គេ​អាច​យក​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប សម្រាប់​ការ​ជួប​គ្នា នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​នេះ។

ចំណែក​ក្រុម​ភ្នំពេញ​ក្រោន ដែល​មាន​៧ពិន្ទុ​ក្នុង​ដៃ​នោះ ក៏​មាន​ភាគ​រយ​តិច​តួច ក្នុងការ​ប្រជែង​ឡើង​មក​តំបន់ Top4 ផង​ដែរ បើ​សិន​ជា​ពួក​គេ​អាច​យក​ឈ្នះ​ក្រុមម្ចាស់​ផ្ទះ ព្រះខ័នរាជស្វាយ​រៀង ​បាន​ច្រើន​គ្រាប់ សម្រាប់​ការ​ប្រកួត​នៅ​ល្ងាច​ម៉ោង ៦:០០ ហើយ​ក្រុមអង្គរថាយហ្គឺរ ត្រូវ​ស្វាគមន៍​ក្រុម​អគ្គិសនី​កម្ពុជា នៅ​ពហុកីឡដ្ឋាន​ជាតិ នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​អាទិត្យ នេះ​ដែរ៕