ភ្នំពេញ: ក្រុម​បឹងកេត បាន​ចាត់ទុក​ការយក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន ៣-២ ក្នុង​ការប្រកួត​បើក​ឆាក​លីក​កំពូល​កម្ពុជា​កាលពី​យប់​ថ្ងៃ​សៅរ៍​ថា​ជា​លទ្ធផល «​ដ៏សំខាន់​» ដែល​កើត​ចេញ​ពី​ការរៀបចំ​របស់​ក្រុម ប៉ុន្តែ​លោក Leonardo Vitorino បាន​បង្វែរ​ជ័យជម្នះ​របស់​បឹងកេត​ថា​ជា​សំណាង ខណៈ​ក្រុម​របស់​លោក​គ្មាន​សំណាង​ក្នុង​ការសម្រេច​ជាមួយ​ឱកាស​យ៉ាង​ច្រើន​នោះ​។

លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​អាទិត្យ​ថា​៖ «​ការយក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន​លើក​នេះ វា​ជា​លទ្ធផល​ដ៏សំខាន់​មួយ​សម្រាប់​ក្រុម​របស់​យើង ព្រោះ​យើង​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​មួយ​នៅ​ថ្ងៃ​បើក​រដូវកាល​»​។

តាមរយៈ​ការប្រកួត​នៅ​កីឡដ្ឋាន RSN កាលពី​យប់​ថ្ងៃ​សៅរ៍​នោះ​ខ្សែប្រយុទ្ធ​ប្រេស៊ីល Paulo Victor រក​បាន​គ្រាប់​បាល់​បើក​ឆាក​ឲ្យ​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន បាន​មុន ប៉ុន្តែ​ខ្សែការពារ យ៉ើ សាហ្វី បាន​ភ្លាត់ស្នៀត​ធ្វើឲ្យ​ចូល​ទី​ខ្លួនឯង​នាំឲ្យ​ក្រុម​ទាំង​ ២ ​ស្មើ​គ្នា ១-១ នៅ​តង់​ទី​ ១​។ ចំណែក​នៅ​តង់​ទី​ ២ ខ្សែប្រយុទ្ធ​អេស្ប៉ាញ Angel Carrascosa និង លី មីហ្សាន បាន​ស៊ុត​បាល់​បញ្ចូល​ទី​ម្នាក់​ ១ ​គ្រាប់​ជួយ​ឲ្យ​បឹងកេត​នាំមុខ ៣-១ មុន​ពេល នៅ សុសិលា វាយបក​តាម​បាន​ ១ ​គ្រាប់​វិញ​ឲ្យ​ក្រោន​។

យ៉ាងណា​ក៏ដោយ​គ្រូបង្វឹក​ក្រុម​ភ្នំពេញ​ក្រោន​លោក Leonardo Victorino បាន​ចាត់ទុក​ការប្រកួត​នេះ​ជា​ការប្រកួត​ដ៏អស្ចារ្យ ហើយ​ថា​ជ័យជម្នះ​របស់​បឹងកេត​កើតឡើង​ដោយ​សំណាង​។ លោក​បាន​និយាយ​ថា​៖ «​វា​ជា​ការប្រកួត​អស្ចារ្យ​សម្រាប់​ការប្រកួត​ដំបូង​របស់​យើង​។ ក្រុម​របស់​យើង​បាន​បង្កើត​ឱកាស​ជាច្រើន ប៉ុន្តែ​យើង​មិន​មាន​សំណាង ឯ​បឹងកេត​បង្កើត​ឱកាស​តែ​ ៣ ​លើក​ប៉ុណ្ណោះ ហើយ​គេ​ក៏​រក​បាន​ ៣ ​គ្រាប់​ពួកគេ​គឺ​មាន​សំណាង​ជាង​ពួកយើង​»​។

អតីត​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លោក Leonardo បាន​បន្ថែម​ថា​៖ « ចំពោះ​ចំណុច​ខ្វះខាត​របស់​យើង​នោះ​គឺ​យើង​ត្រូវ​តែ​ធ្វើការ​ឲ្យ​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​នេះ​ពោល​គឺ​នៅពេល​យើង​មាន​ឱកាស​គឺ​យើង​ត្រូវ​តែ​រក​គ្រាប់​បាល់​ឲ្យ​បាន​តែ​ម្តង​។ ជា​រួម​ការប្រកួត​នេះ​យើង​លេង​បាន​ល្អ ក្រុម​យើង​លេង​យល់​ចិត្ត​គ្នា ប៉ុន្តែ​យើង​សម្រេច​ទី​មិន​ច្បាស់ ឯ​បឹងកេត​មាន​ឱកាស​ ៣ ​លើក គេ​រក​បាន​ ៣ ​គ្រាប់ តែ​យើង​មាន​ឱកាស​ ៤ ​ទៅ​ ៥ ​ដង បែរ​ជា​រក​បាន​តែ​ ២ ​គ្រាប់​»​។

យ៉ាងណា​ក៏ដោយ​ជុំវិញ​ការលើក​ឡើង​របស់​គ្រូបង្វឹក​ជនជាតិ​ប្រេស៊ីល​លោក Leonardo នេះ​លោក ហៅ សុជាតិ ក៏​បាន​មើលឃើញ​ថា​កូនក្រុម​របស់​លោក មាន​ការ​ប្រមូល​អារម្មណ៍​មិន​បាន​ល្អ​នៅ​ដើម​តង់​ទី​​ ១ ​ផង​ដែរ ប៉ុន្តែ​លោក​ថា ជ័យជម្នះ​លើក​នេះ​វា​កើតឡើង​ទៅ​តាម​ការរៀបចំ​របស់​ក្រុម​លោក​ច្រើន​ជាង​សំណាង​។

លោក ហៅ សុជាតិ និយាយ​ថា​៖ «​បាល់ទាត់ វា​តែងតែ​គួបផ្សំ​នឹង​សំណាង​ដែរ ប៉ុន្តែ​នៅ​មុន​ពេល​លេង​ជាមួយ​ក្រុម​ភ្នំពេញក្រោន​នេះ​យើង​បាន​សិក្សា​ច្រើន​ពី​គេ ហើយ​អ្វី​ដែល​យើង​លេង និង​បាន​ធ្វើ​កាលពី​ថ្ងៃ​សៅរ៍​នោះ​គឺ​ធ្វើ​ទៅ​តាម​ការរៀបចំ​របស់​ក្រុម និង​ការខិតខំ​ប្រឹងប្រែង​របស់​កូនក្រុម​ខ្ញុំ ហើយ​តាមរយៈ​ការប្រកួត​នេះ​គឺ​ពួកយើង​ធ្វើ​បាន​ល្អ​ ៨០ ​ភាគរយ​ហើយ​គឺ​នៅ​ខ្វះ​ចន្លោះ​ប្រហោង​នៅ​ត្រង់​តំបន់​ការពារ​ខ្លះ ដែល​យើង​ត្រូវ​ធ្វើការ​ពង្រឹង​បន្ថែម​»​។

ដោយឡែក​សម្រាប់​ការប្រកួត​បើកឆាក​កាលពី​ថ្ងៃ​សៅរ៍​នោះ​ដែរ​ក្រុម​ម្ចាស់​ផ្ទះ​គិរីវង់​សុខសែនជ័យ​បាន​យក​ឈ្នះ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​រហូត​ដល់ ៤-១ ប៉ុន្តែ​ក្រុម​ម្ចាស់​ផ្ទះ​អគ្គិសនី​កម្ពុជា​បាន​ចាញ់​ក្រុម​ចំណូល​ថ្មី ខេត្ត​កំពង់ចាម ១-០ ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​ការប្រកួត​បើក​ឆាក​លីក​កំពូល​កម្ពុជា​នេះ​៕