ភ្នំពេញ៖ ផ្ទុយពីអ្នកកើតជំងឺគ្រុនឈីកផ្សេងទៀត ដែលភាគច្រើនបានត្រឹមដេកលើគ្រែព្យួរសេរ៉ូម ដើរមិនចង់កើត ព្រោះឈឺចាប់នៅគ្រប់សន្លាក់ ឈឺខ្លួនប្រាណ និងអស់កម្លាំងនោះ កីឡាករ បឺត សង្ឃឹម បែរជាហ៊ានជំទាស់នឹងការផ្តល់ដំបូន្មានរបស់គ្រូពេទ្យ ដោយសម្រេចចិត្តដោះសេរ៉ូមចេញពីដៃ ហើយឡើងប្រកួតជាមួយ យុគ យក្សផ្លែ ទាំងខ្លួនកើតជំងឺនេះ ហើយអ្វីដែលអស្ចារ្យបំផុតនោះ គឺរូបគេបានវ៉ៃ យក្សផ្លែ ឱ្យលោកអាជ្ញាកណ្តាលបញ្ឈប់នៅទឹកទី៤ ទាំងមិនគួរឱ្យជឿ ដើម្បីឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
ការហ៊ានលះបង់ទាំងដឹងថា ខ្លួនវិលមុខហូបអីអត់បាន គ្មានកម្លាំង ជាមួយការកើតជំងឺគ្រុនឈីក ដើម្បីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទម្ងន់ ៥៧ គីឡូក្រាម រដូវកាលទី៥ នៃកម្មវិធី «កម្ពុជាសង្វៀនគុនខ្មែរ» ជាមួយ យុគ យក្សផ្លែ នៅលើសង្វៀន CNC កាលពីព្រឹកថ្ងៃសៅរ៍ កន្លងមកនេះ បានក្លាយជារឿងថ្មី ហើយក៏អាចនឹងគ្មានអ្នកផ្សេង ហ៊ានលះបង់ និងតស៊ូធ្វើដូច បឺត សង្ឃឹម នោះដែរ។
កីឡាករវ័យ ២៥ ឆ្នាំ បឺត សង្ឃឹម ក៏បានដឹងថា អ្វីដែលរូបគេបានធ្វើនោះ វាប្រឈមទៅនឹងគ្រោះថ្នាក់ខ្លាំងផងដែរ ប៉ុន្តែការចង់សម្រេចបំណងឈ្នះខ្សែក្រវាត់ឱ្យបានម្តងនៅក្នុងអាជីព និងការចង់បានប្រាក់រង្វាន់ច្រើនពីការប្រកួតនេះ ដើម្បីយកទៅកែប្រែជីវភាពក្នុងគ្រួសារ វាជាចំណុចសំខាន់ ដែលជំរុញឱ្យ បឺត សង្ឃឹម ត្រូវតែហ៊ានប្តូរក្នុងការធ្វើរឿងដ៏គ្រោះថ្នាក់មួយនេះ។
បឺត សង្ឃឹម បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យថា៖ «គ្រូពេទ្យ ដែលដាក់សេរ៉ូមឱ្យខ្ញុំ គាត់មិនឱ្យខ្ញុំទៅប្រកួតទេ ដោយគាត់ប្រាប់ខ្ញុំថា អាយុជីវិត វាសំខាន់ជាង ប៉ុន្តែខ្ញុំសុំគាត់ឱ្យដោះសេរ៉ូមឱ្យខ្ញុំ ព្រោះខ្ញុំត្រូវទៅប្រកួតហើយ ហើយគាត់ក៏ធ្វើតាមខ្ញុំ។ ខ្ញុំត្រូវតែទៅប្រកួត ប្រសើរជាងការដេកស្តាយ ព្រោះទិសដៅរបស់ខ្ញុំ គឺខ្ញុំចង់បានខ្សែក្រវាត់ ហើយបើយើងឈ្នះបានខ្សែក្រវាត់ក៏យើងបានប្រាក់មួយចំនួនយកទៅទិញដីទុក និងបង្កើតមុខរបររកស៊ីនឹងគេផងដែរ ព្រោះជីវភាពគ្រួសារខ្ញុំពេលនេះ វាមិនមានទេ គឺបានត្រឹមតឹកៗ»។
ទាក់ទងទៅនឹងបញ្ហាជំងឺគ្រុនឈីកនេះ អ្នកប្រដាល់កូន ១ បឺត សង្ឃឹម បានរៀបរាប់ថា៖ «កាលពីថ្ងៃព្រហស្បតិ៍ ពេលខ្ញុំហាត់ពេលថ្ងៃចប់ ខ្ញុំទៅងូតទឹក រួចមកស្រាប់តែញាក់យកតែម្តង តែខ្ញុំមិនទាន់ទៅដាក់សេរ៉ូបទេ ព្រោះស្មានថា ជាគ្រុនក្តៅធម្មតា ដោយគ្រាន់តែទិញថ្នាំលេប ប៉ុន្តែដល់យប់ ខ្ញុំដេកញាក់មួយយប់។ ស្អែកឡើង ខ្ញុំក្រោកទៅរត់ទៀតក៏ញាក់ទៀត ហេតុនេះខ្ញុំក៏បានទៅដាក់សេរ៉ូម ២ ប្លោក ព្រោះពេលល្ងាចថ្ងៃសុក្រនោះ ខ្ញុំត្រូវទៅថ្លឹងគីឡូ»។
«ខ្ញុំក៏បានសុំខាងប៉ុស្តិ៍ ថាអត់វ៉ៃដែរ ប៉ុន្តែខាងប៉ុស្តិ៍ប្រាប់ថា បើខ្ញុំមិនវ៉ៃនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិតាមលក្ខខណ្ឌប្រកួត ហើយពេលនោះគីឡូខ្ញុំលើសគេ អ៊ីចឹងខ្ញុំក៏ដោះសេរ៉ូម រត់សម្រក ៤ គីឡូទៀត ហើយក្រោយពេលថ្លឹងគីឡូរួច ខ្ញុំមកញាក់នៅលើកង់បីតែម្តង តែយប់ឡើង ខ្ញុំដាក់សេរ៉ូមអស់ ៦ ប្លោក ដោយដោះចេញនៅម៉ោង ៣ យប់ ហើយព្រឹកឡើង ខ្ញុំទៅវ៉ៃតែម្តង ប៉ុន្តែពេលប្រកួតហើយ ខ្ញុំមកដាក់សេរ៉ូមទៀត គឺគិតមកដល់ពេលនេះ សរុបទៅអស់ចូល ២០ ប្លោកហើយ»។
នៅពេលសួរពីស្ថានភាពពេលប្រកួតជាក់ស្តែង បឺត សង្ឃឹម បានបញ្ជាក់ថា៖ «ពេលប្រកួត ខ្ញុំទន់ដៃទន់ជើង និងវិលមុខខ្លាំង គ្រាន់តែថា ពេលម៉ោងវ៉ៃនោះ វាអត់រងាញាក់។ និយាយរួម ពេលប្រកួតកម្លាំងកាយអត់មានទេ មានតែកម្លាំងចិត្ត ព្រោះទី១ ខ្ញុំស្តាយកម្មវិធីខ្សែក្រវាត់ ដែលយើងមិនងាយបានលេង ទី២ ខ្ញុំគិតថា បើគង់តែចាញ់ដោយស្វ័យប្រវត្តិដដែល ខ្ញុំសម្រេចវ៉ៃទាំងចាញ់តែម្តងទៅ ហើយខ្ញុំគិតទៀតថា បើខ្ញុំមិនវ៉ៃ គឺ វ៉ាន់ វឿន ប្រហែលជាសប្បាយចិត្ត ដោយគាត់នឹងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកខ្សែក្រវាត់ ហេតុនេះខ្ញុំសម្រេចដោះសេរ៉ូម ឡើងវ៉ៃទាំងឈឺតែម្តងទៅ»។
តាមរយៈការប្រកួតកាលពីព្រឹកថ្ងៃសៅរ៍នោះ បឺត សង្ឃឹម បានវ៉ៃ យុគ យក្សផ្លែ ឱ្យលោកអាជ្ញាកណ្តាលរាប់ចំនួន ៣ លើក និងឈានដល់បញ្ឈប់ការប្រកួត នៅទឹកទី៤ បន្ទាប់ពី សង្ឃឹម បានបុកជង្គង់ឱ្យ យក្សផ្លែ ដួលជាលើកទី៤ នោះ។ ជ័យជម្នះនេះ បានជួយឱ្យ បឺត សង្ឃឹម ឡើងទៅជួប វ៉ាន់ វឿន នៅវគ្គផ្តាច់ព្រ័ត្រប្រចាំក្រុមទី១ ដោយគ្រោងធ្វើនៅថ្ងៃទី ៥ ខែធ្នូ ព្រោះ វ៉ាន់ វឿន ក៏បានផ្តួល សេន កុសល ត្រឹមទឹកទី៣ នៅថ្ងៃសៅរ៍នោះដូចគ្នា។
ជុំវិញការផ្តួល យុគ យក្សផ្លែ ឱ្យសន្លប់ ទាំងខ្លួនកើតជំងឺគ្រុនឈីកនេះ បឺត សង្ឃឹមនិយាយថា៖ «វាជាអារម្មណ៍សប្បាយចិត្តមួយដែលយើងអាចធ្វើបាន ហើយគ្រប់គ្នាបានលើកទឹកចិត្តដល់ខ្ញុំ ព្រោះខ្ញុំក៏មិនគិតថា ខ្ញុំអាចធ្វើបាននោះដែរ ដោយសារទី១ ខ្ញុំកំពុងដាក់សេរ៉ូម ទី២ មុនថ្លឹងទម្ងន់ខ្ញុំលើសគេដល់ជិត ៤ គ.ក្រ តែខ្ញុំបានដោះសេរ៉ូម រត់សម្រករហូតសល់ត្រឹម ៥៧ គ.ក្រ តាមការកំណត់ ព្រោះបើខ្ញុំលើសគេ តែ ១ ខាំ ក៏ខ្ញុំត្រូវធ្លាក់ដោយស្វ័យប្រវត្តិដែរ»៕