ភ្នំពេញ៖ អ្នកប្រដាល់មានបទពិសោធថ្មីក្នុងរយៈពេលត្រឹម ៣ ឆ្នាំ ឡុង បេនលឿន របស់ក្លិបសាលវ័ន្តកីឡា ត្រូវបានដាក់ឱ្យជួបជើងខ្លាំងសម្បូរល្បិច ផល សោភ័ណ្ឌ ក្នុងទម្ងន់ ៦៥ គីឡូក្រាម នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នាថ្ងៃសុក្រនេះ ខណៈជំនួបជាលើកដំបូងរបស់អ្នកទាំង ២ នេះ ត្រូវបានគេមើលឃើញថា ផល សោភ័ណ្ឌ មានភាគរយខ្ពស់ក្នុងការទទួលបានជ័យជម្នះ។
កីឡាករ ឡុង បេនលឿន ទោះបីមានបទពិសោធខ្ចី ប៉ុន្តែមួយរយៈនេះ រូបគេបានឈ្នះជើងចាស់ល្បីៗមួយចំនួនសឹងរកគូប្រកួតមិនបាន ហើយថ្មីៗនេះ បេនលឿន ធ្លាប់ឈ្នះ សេក គឹមរួន ឈ្នះ រិន សារ័ត្ន ឈ្នះ ឌុម កែវដា និងឈ្នះ សូត្រ ខេវិន ដែលចាស់វស្សាជាង។ ចំណែកការប្រកួតលើកនេះ ទាំង ឡុង បេនលឿន និងគ្រូបង្វឹកមិនសង្ឃឹមច្រើនទេ។
លោក ឡុង សាលវ័ន្ត ជាគ្រូបង្វឹកទទួលស្គាល់ថា ឡុង បេនលឿន នៅខ្ចីវស្សាជាង ផល សោភ័ណ្ឌ មែន ប៉ុន្តែមួយរយៈចុងក្រោយនេះ បេនលឿន ប្រកួតឈ្នះជានិច្ច ពិសេសឈ្នះជើងចាស់ខ្លាំងៗមួយចំនួន។ លោក សាលវ័ន្ត បានបន្ថែមថា៖ «ចំពោះការប្រកួតជាមួយ ផល សោភ័ណ្ឌ ទោះបីវាចាញ់ក៏ទទួលបានបទពិសោធល្អដែរ ព្រោះប៉ះជើងខ្លាំងពិតជាដកស្រង់បានបច្ចេកទេសល្អៗ ហើយការប្រកួតនេះ ខ្ញុំសង្ឃឹមត្រឹម ៥០ ភាគរយប៉ុណ្ណោះ តែធានាថា ចាញ់ឬឈ្នះ តឹងតែងណាស់ មិនងាយស៊ីផុយឡើយ»។
ចំណែក ឡុង បេនលឿន បាននិយាយថា៖ «ខ្ញុំឡើងវ៉ៃ គឺធានាអស់ពីសមត្ថភាព ប៉ុន្តែរឿងចាញ់ ឬឈ្នះ មិនទាន់ហ៊ាននិយាយទេ ព្រោះ ផល សោភ័ណ្ឌ ជាកីឡករជើងចាស់ មានការប្រកួតយូរ ប៉ុន្តែខ្ញុំនឹងប្រឹង ដើម្បីចង់ឈ្នះដែរ តែខ្ញុំសង្ឃឹមឈ្នះ ៥០ ភាគរយដូចលោកគ្រូដែរ»។
ជើងខ្លាំង ផល សោភ័ណ្ឌ មានជំនាញខ្លាំងទាំងប្រដាល់សកល និងប្រដាល់គុនខ្មែរ ហើយគេជាកីឡាករជើងខ្លាំងលំដាប់ជួរមុខ មានជំនាញកណ្តាប់ដៃល្អ និងប្រកួតជាមួយជើងខ្លាំងបរទេសញឹកញាប់ ប៉ុន្តែមួយរយៈនេះ ផល សោភ័ណ្ឌ ទំនងមានកម្លាំងធ្លាក់ចុះបន្តិច ខណៈដែលការប្រកួតចុងក្រោយថ្មីៗនេះ បានចាញ់កីឡាករ លន បញ្ញា ដោយសន្លប់ក្នុងទឹកទី៣។
ទោះបីជាយ៉ាងណា សម្រាប់ជំនួបនេះ លោក ម៉ាក សុខន គ្រូបង្វឹក ផល សោភ័ណ្ឌ ជឿជាក់ថា ឡុង បេនលឿន មិនឈ្នះសិស្សរបស់គាត់នោះទេ។ លោកនិយាយថា៖ «ផល សោភ័ណ្ឌ ហាត់បានល្អ ហើយជំនួបប្រកួតជាមួយ ឡុង បេនលឿន លើកនេះ ខ្ញុំយល់ឃើញថា មិនឈ្នះកូនសិស្សខ្ញុំទេ ព្រោះបទពិសោធវាល្អណាស់ ប៉ុន្តែវាមានចំណុចខ្សោយផ្នែកកម្លាំង រីឯបច្ចេកទេសនៅតែល្អ»។
គ្រូបង្វឹកក្លិបតាឡីដំរីមានរិទ្ធ លោក ម៉ាក សុខន បានបន្ថែមថា៖ «ខ្ញុំនិយាយមិនអួតទេ តាមខ្ញុំគិតមើល ខ្ញុំយល់ថា ៩០ ភាគរយ គឺ ផល សោភ័ណ្ឌ នឹងឈ្នះ ប៉ុន្តែក៏តឹងតែងណាស់ដែរ។ បើនិយាយពីបទពិសោធប្រកួតវិញ ឡុង បេនលឿន មានប្រវត្តិប្រកួតតិចជាង ផល សោភ័ណ្ឌ ចំនួន ៤ ដង ព្រោះ ឡុង បេនលឿន មានបទពិសោធនៅលើសង្វៀនប្រដាល់ ទើបតែ ៣ ឆ្នាំទេ ឯ ផល សោភ័ណ្ឌ បានឆ្លងកាត់ការប្រកួតបានជាង ១០ ឆ្នាំមកហើយ»៕