ទីក្រុង​មីនស្ក៍៖ ខណៈ​ពេល​​ដែល​ប្រទេស​នៅ​អឺរ៉ុប​ដទៃ​ទៀត កំពុង​បិទ​ទ្វារ​ហាង​ទាំង​អស់ ដើម្បី​ប្រយុទ្ធ​ត​តាំង ក៏​ដូច​ជា​ទប់ស្កាត់​ការ​រាលដាល​វីរុស​កូរ៉ូណា​នោះ ប្រទេស ​បេឡារុស​ ហាក់​មិន​អើពើ​នឹង​បញ្ហា​វិបត្តិ​នេះ​ឡើយ ពោល​គឺ​នៅ​តែ​ដំណើរ​ការ​របរ​រកស៊ី​របស់​ខ្លួន ​ដោយ​ឥត​ញញើត​ដដែល​។​

គេ​ឃើញ​ភោជនីយដ្ឋាន​ទាំង​ឡាយ​របស់​អតីត​​ប្រទេស​សាធារណរដ្ឋ​សូវៀត មួយ​នេះ បន្ត​សេវាកម្ម​បម្រើ​ម្ហូប​អាហារ​របស់​ខ្លួន​ដដែល ហើយ​ការ​ប្រកួត​បាល់ទាត់​សម្រាប់​លីក​ក្នុង​ស្រុក​ មិន​បាន​ផ្អាក​ដូច​ប្រទេស​ផ្សេង​ៗ​ឡើយ​​ បើ​ទោះបី​ជា​​កំពុង​ស្ថិត​នៅ​​មាត់​ទ្វារ នៃ​ការ​ប្រឈម​នឹង​ជំងឺ​កូវីដ ​១៩ ​ដ៏​គ្រោះ​ថ្នាក់ នៅ​អឺរ៉ុប​​ក៏​ដោយ​ ក៏​ដំណើរ​ជីវិត​នៅ​ទីនេះ ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ស្ទើរ​តែ​ដូច​ជា​គ្មាន​បញ្ហា​អ្វី​ទាំង​អស់​។

ប្រធានាធិបតី​របស់​ប្រទេស ​បេឡារុស លោក lexander Lukashenko បាន​និយាយ​បដិសេធ​វិបត្តិ​សុខភាព​​សកល​លោក​ថា ​«ជា​ចិត្ត​រោគ»​ ហើយ​លោក​មិន​ព្រម​ដើរ​តាម​ប្រទេល​ជាច្រើន​ដទៃ​ទៀត​ ដោយ​ការ​ឲ្យ​ប្រជាជន​ខ្លួន​នៅ​ក្នុង​ផ្ទះ​នោះ​ឡើយ​។​

ដោយសារ​តែ​មាន​មនុស្ស​តិច​ជាង ១០០ ​នាក់ បាន​ឆ្លង​ជំងឺ​នេះ ហើយ​អត់​មាន​អ្នក​បាត់បង់​ជីវិត​ ក្នុង​ប្រទេស​របស់​លោក ទើប​លោក Lukashenko បាន​ថ្លែង កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថា ​គ្មាន​អ្វី​គួរ​ឲ្យ​ខ្លាច ​ចំពោះ​​ជំងឺ​នេះ​ឡើយ ហើយ​លោក​បាន​ជំរុញ​ឲ្យ​ប្រជាជន​ទាំង​អស់​បន្ត​កិច្ច​ការងារ​ដាំ​ដុះ​លើ​ដី​របស់​ខ្លួន​បន្ត​ទៀត​។​​ លោក​ប្រធានាធិបតី ដែល​ជា​អតីត​ប្រធាន​កសិដ្ឋាន​សមូហភាព​ដ៏​ស្មោះ​ត្រង់ ​ហើយ​​ចូល​កាន់​អំណាច​ក្នុង​ឆ្នាំ ​១៩៩៤​ បាន​ផ្ដល់​អនុសាសន៍​ថា​៖ ​«នៅ​ទី​នោះ ត្រាក់ទ័រ​ នឹង​ព្យាបាល​អ្នក​ទាំង​អស់​គ្នា​។ ដី​ស្រែ​នឹង​ជួយ​រក្សា​សុខភាព​របស់​អ្នក​គ្រប់​គ្នា ​ឲ្យ​បាន​ប្រសើរ​»​។​

នៅ​ក្នុង​កម្មវិធី​ប្រកួត​អាយហុកគី (ice hockey) កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន លោក Lukashenko ដែល​បច្ចុប្បន្ន​មាន​វ័យ ៦៥ ​ឆ្នាំ បាន​ថ្លែង​បន្ថែម​ថា​៖ ​«​ស្លាប់​ដោយ​ភាព​ថ្លៃ​ថ្នូរ ប្រសើរ​ជាង​រស់​នៅ​ដោយ​ភ័យ​ខ្លាច​»​។ ​​ហេតុ​នេះ ទើប​ការ​ប្រកួត​ជើង​ឯក​ប្រចាំ​ប្រទេស ​បេឡារុស មិន​ខុស​ពី​ត្រាក់​ទ័រ​ភ្ជួរ​ដី​ ដោយ​​នៅ​តែ​បន្ត​ធ្វើ ដោយ​ឥត​បារម្ភ​អ្វី​ទាំង​អស់​ គឺ​ផ្ទុយ​ទាំង​ស្រុង​ពី​លីក​ផ្សេង​ៗ​​ជា​ច្រើន នៅ​ទ្វីប​អឺរ៉ុប ដែល​ត្រូវ​បាន​ផ្អាក ឬ​ពន្យារពេល។ ​ ​​

ជាក់​ស្ដែង​ សម្រាប់​ការ​ប្រកួត​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ គឺ​ពេល​ដែល​​ក្រុម​ម្ចាស់​ផ្ទះ​ Slavia Mozyr បាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​ចាស់ BATE Borisov ២-១ នោះ គេ​ឃើញ​មាន​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ចូល​រួម​ទស្សនា ហើយ​ថែម​ទាំង​មាន​​ផ្សាយ​បន្ត​ផ្ទាល់ តាម​កញ្ជាក់​ទូរទស្សន៍​របស់​ប្រទេស ​រុស្ស៊ី ​ទៀត​ផង​។​​

អ្នក​គាំទ្រ​ម្នាក់​ ដែល​មាន​ឈ្មោះ​ថា Igor វ័យ ៣៣ ឆ្នាំ បាន​ប្រាប់ AFP ថា៖​ «​បើ​ទោះបី​ជា​ យើង​បាន​មក​ទី​នេះ​ពិត​មែន តែ​យើង​ព្យាយាម​នៅ​ឆ្ងាយ​ពី​គ្នា យើង​មក​ដោយ​ឡាន ហើយ​យើង​លាង​ដៃ​របស់​យើង ១០ ​ដង​»​។​ ​​

អ្នក​គាំទ្រ​ដដែល ក៏​សម្ដែង​ការ​បារម្ភ​ដែរ ​ចំពោះ​ការ​បង្ហាញ​នូវ​ភាព​រីករាយ​របស់​អ្នក​គាំទ្រ​មួយ​ចំនួន​ ដោយ​គេ​និយាយ​ថា​៖ ​«​មើល​ទៅ​ពួក​គេ​ហាក់​ដូច​មិន​ដឹង​អ្វី​ទាំង​អស់ ពួក​គេ​ដើរ​គ្រប់​កន្លែង ហើយ​នាំ​គ្នា​សើច​សប្បាយ​»​។​

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ប្រទេស ​បេឡារុស​ ​មិន​បាន​ប្រមាទ​ទេ ចំពោះ​វីរុស​ថ្មី​នេះ ដោយ​បាន​មាន​​វិធានការ​ពិសេសៗ​​ជា​ច្រើន​ ត្រូវ​បាន​ដាក់​ចេញ រួម​ទាំង​​ការ​ដាក់​កាមេរ៉ា​វាស់​កម្ដៅ​អ្នក​គាំទ្រ​ពេល​ដើរ​ចូល​ក្នុង​​កីឡដ្ឋាន ដែល​ត្រូវ​បាន​គេ​បាញ់​ថ្នាំ​សម្លាប់​មេរោគ ​១ ​ថ្ងៃ​ ២ ​ដង​។ ​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ឲ្យ​សហព័ន្ធ​បាល់​ទាត់​​ប្រទេស ​បេឡារុស លោក​ Alexsandr Aleinik បាន​និយាយ​ប្រាប់ AFP ថា​៖ ​«​យើង​បាន​ចាត់​គ្រប់​វិធានការ​ដែល​ណែនាំ​ដោយ​រដ្ឋមន្រ្តី​កីឡា។ អ្នក​ដែល​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​អ្នក​គាំទ្រ ត្រូវ​ពាក់​ស្រោម​ដៃ​»​។​

ក្នុង​ជំនួប​មួយ​ជាមួយ​អគ្គ​រដ្ឋទូត​នៃ​ប្រទេស ​ចិន លោក​ប្រធានាធិបតី Lukashenko បាន​ថ្លែង​បញ្ជាក់​ថា ​ប្រទេស​របស់​លោក​ កំពុង​គ្រប់គ្រង​ស្ថានការ​ណ៍នេះ​យ៉ាង​តឹងរ៉ឹង​បំផុត ហើយ​​លោក​ក៏​ប្រាប់​ដែរ​ថា​ ការ​ឲ្យ​ប្រជាជន​នៅ​ផ្ទះ​ មិន​មែន​ជា​ដំណោះស្រាយ​នោះ​ទេ​៕​ AFP/VN