ក្រុង​ប៉ារីស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បែលហ្ស៊ិក​បាន​រំលាយ​ក្ដី​សង្ឃឹម​របស់​ក្រុម​អង់គ្លេស​ទាំង​ស្រុង​​ហើយ ក្នុង​ការ​ចង់​ឆ្លង​ទៅ​វគ្គ​ ៤ ចុង​ក្រោយ​នៃ​កម្មវិធី UEFA Nations League ដោយ​ការ​យក​ឈ្នះ ២-០ កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​​អ៊ីតាលី​កៀក​នឹង​​ពាន​​រង្វាន់​នា​ឆ្នាំ​ក្រោយ​នេះ​ហើយ​។

បែលហ្ស៊ិក​ខ្វះ​តែ​ ៥ ​នាទី​ទៀត​ប៉ុណ្ណោះ ដើម្បី​បាន​ចូលរួម​ជាមួយ​ក្រុម​ជើងឯក​ពិភព​លោក​បារាំង​ក្នុង​វគ្គ ​៤ ក្រុម​​របស់​ព្រឹត្តិការណ៍ ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ខែ​​តុលា ​ឆ្នាំ​ក្រោយ នៅ​ពេល​ក្រុម​អ៊ីស្លង់​ ស្មើ​ ១-១ ជាមួយ​ដាណាម៉ាក ​ក្រុម​ដែល​​កំពុង​មាន​ពិន្ទុ​ប្រជែង​គ្នា​​ក្នុង​គ្រុប។

តែ​​ការ​ប្រកួត​ នៅ​ឯ​ទីក្រុង​កូប៉ិនហាក​នោះ​ គ្រាប់​បាល់​ប៉េណាល់​ទី​​ចុង​ក្រោយ​របស់ Christian Eriksen ជួយ​ឱ្យ​​ដាណាម៉ាក​ឈ្នះ​អ៊ីស្លង់ ២-១ ដែល​លទ្ធផល​នោះ បាន​​​បន្ត​រក្សា​ឱកាស​ក្នុង​ការ​ប្រជែង​ជាមួយ​បែលហ្ស៊ិក​ ដើម្បី​ទៅ​ឈរ​ទី​កំពូល​នៃ​គ្រុប​ទី​២ លីគ A​។

ខ្សែ​បម្រើ ២ រូប គឺ​ Youri Tielemans និង Dries Mertens រួម​ចំណែក​គ្នា​ម្នាក់ ១ ​គ្រាប់​ នៅ​វគ្គ​ទី ១ ដែល​ជា​គ្រាប់​បាល់​ជួយ​ឱ្យ​ក្រុម​ចំណាត់​ថ្នាក់​លេខ ១ របស់​ពិភព​លោក បែលហ្ស៊ិក​មាន​ជ័យជម្នះ​លើ​ក្រុម​អង់គ្លេស​របស់​លោក​ Gareth Southgate​។

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ​គ្រូបង្វឹក​របស់​បែលហ្ស៊ិក លោក Roberto Martinez ​និយាយ​ថា​៖ «យើង​តែងតែ​មាន​អារម្មណ៍​មិន​សូវ​​តានតឹង ពេល​នាំ​មុខ ២-០។ ពេល​ខ្លះ វា​អាច​មាន​គ្រោះ​ថ្នាក់​។ អ្នក​មាន​អារម្មណ៍​ថា ស្រួល​តែ​យើង​ប្រឹងប្រែង​​ជួយ​​ការពារ​អ្នក​ចាំទី​ Thibaut Courtois ខ្លាំង​ណាស់​»​។

បរាជ័យ ២ ​លើក​ជាប់ៗ​គ្នា​នេះ ​ធ្វើ​ឱ្យ​អង់គ្លេស​ធ្លាក់​ទៅ​លេខ ៣ ក្នុង​គ្រុប ដោយ​មាន​គម្លាត​ដល់​ទៅ ៥ ពិន្ទុ​ពី​ក្រុម​លេខ ១ បែលហ្ស៊ិក ខណៈ​​នៅ​សល់​តែ ១ ប្រកួត​ទៀត​ប៉ុណ្ណោះ​។

គ្រូបង្វឹក​របស់​​អង់គ្លេស លោក​ Southgate​ ថ្លែង​ថា​៖ «​យើង​អត់​ចូលចិត្ត​បរាជ័យ​ឡើយ តែ​​ក្រុម​ទាំង​មូល​នៅ​តែ​សម​នឹង​ទទួល​បាន​ការ​សរសើរ​ពោល ​គឺ​គ្រប់​យុទ្ធសាស្ត្រ​ទាំង​អស់ ដូច​ជា​ការ​បង្កើត​បញ្ហា​លើ​គូ​ប្រជែង និង​ការ​ការពារ​យ៉ាង​រឹងមាំ​»​។

ជ័យជម្នះ​នៅ​ចុង​ម៉ោង​របស់​ដាណឺម៉ាក មាន​ន័យ​ថា បែលហ្ស៊ិក​ដែល​មាន ១២ ពិន្ទុ​ ចាំ​បាច់​យក​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ១ ​ពិន្ទុ​​ ពេល​ក្រុម​ទាំង ២ ប៉ះ​គ្នា នៅ​ថ្ងៃ​ពុធ ដើម្បី​បាន​ឡើង​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​។

ចំណែក​ឯ​ការ​ប្រកួត នៅ​លីគ A នេះ​ដែរ ក្នុង​គ្រុប​ទី១ ឃើញ​ថា ក្រុម​ម្ចាស់​ផ្ទះ​អ៊ីតាលី ទោះ​ជា​អវត្តមាន​កីឡាករ​ជា​ច្រើន និង​គ្រូបង្វឹក​លោក Roberto Mancini ដោយ​សារ​របួស និង​ឆ្លង​វីរុស​កូរ៉ូណា​ក៏​ដោយ ក៏​នៅ​​អាច​គេច​ផុត​ពី​វិបត្តិ​នេះ ដោយ​ការ​យក​ឈ្នះ​ក្រុម​ប៉ូឡូញ ២-០។

៣​ ពិន្ទុ​ ពី​ប្រកួត​ទី ៥ នេះ នាំ​ឱ្យ​អ៊ីតាលី ​ឡើង​ទៅ​ឈរ​លេខ ១ ក្នុង​គ្រុប ដោយ​មាន ៩​ ពិន្ទុ ពោល​​​គឺ​មាន ១ ពិន្ទុ​ពី​លើ​​ហូឡង់ ដែល​មាន​ជ័យជម្នះ​លើ​​បូស្ន៊ី ៣-១ ហើយ​អ៊ីតាលី​នឹង​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ បើ​ឈ្នះ​ប្រកួត​ចុង​ក្រោយ​នៅ​ក្រុង​សារ៉ាយ៉េវ៉ូ​របស់​បូស្ន៊ី៕ AFP/VN