ប៉ារីស៖ Romelu Lukaku ​ជួយ​ក្រុម​បែលហ្ស៊ិក​ឱ្យ​ឡើង​​ទៅ​ជុំ​ចុង​ក្រោយ​នៃ​កម្មវិធី UEFA Nations League ដោយ​ការ​ស៊ុត​បញ្ចូល​ទី ២ គ្រាប់​ អំឡុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ពុធ ដែល​ក្រុម​បិសាច​ក្រហម​ប្រចាំ​​អឺរ៉ុប​​ យក​ឈ្នះ​ដាណឺម៉ាក ៤-២ ខណៈ​អ៊ីតាលី​ក៏​ធានា​​កៅអី​ ៤ ​ក្រុម​ចុង​ក្រោយ​ដែរ។

បែលហ្ស៊ិក ក្រុម​នៅ​​លេខ ១ ​របស់​សហព័ន្ធ​បាល់​ទាត់​ពិភព​លោក ត្រូវ​ការ​ស្មើ​ប៉ុណ្ណោះ​ពី​ការ​ប្រកួត​ចុង​ក្រោយ​នៅ​លីគ A គ្រុប​ទី២ ទល់​​នឹង​​ដាណឺម៉ាក នៅ​ទឹក​ដី​ខ្លួន​ឯង​នេះ ហើយ​លទ្ធភាព​​ឆ្លង​ទៅ​វគ្គ​បន្ត ចាប់​ផ្ដើម​មាន​រឹត​តែ​ខ្ពស់​នៅ​ពេល Youri Tielemans ស៊ុត​ឱ្យ​ក្រុម​នាំ​មុខ​​នៅ​នាទីទី​៣​។

Jonas Wind បាន​ជួយ​ឱ្យ​ដាណឺម៉ាក​ស្មើ​វិញ នៅ​នាទី​ទី​១៧ មុន​នឹង Lukaku ទម្លុះ​សំណាញ់​ទី ២ គ្រាប់​បន្ត​បន្ទាប់​នៅ​នាទីទី៥៦ និង​៦៩ ដើម្បី​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ​ជាថ្មី​ម្ដង​ទៀត ៣-១ ខណៈ​ Nacer Chadli ធ្វើ​ចូល​ទី​ខ្លួន​ឯង​នាំ​ឲ្យ​ក្រុម​ភ្ញៀវ​តាម ៣-២ នៅ​នាទីទី ​៨៦ តែ ១ ​នាទី​បន្ទាប់​ពី​ហ្នឹង Kevin De Bruyne ​ធានា​នូវ​​ជ័យជម្នះ​សម្រាប់​ក្រុម​របស់​លោក Roberto Martinez​។

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ De Bruyne បាន​និយាយ​​ថា​៖ «​ដាណឺម៉ាក ល្អ​ណាស់​។ យើង​ចាំ​បាច់​ត្រូវ​បន្ថែម​ជម្រើស​​ច្រើន​ទៀត ហើយ​ព្យាយាម​លេង​ពី​ខាង​ក្រោម​មក​វិញ ដូច​យើង​ធ្វើ​នៅ​វគ្គ​ទី​២​។ វា​មិន​មែន​ជា​ការ​កែប្រែ​ស្ថានការណ៍​ តែ​វា​ជា​ការ​លេង​បាល់​ដោយ​ក្លាហាន​។ យើង​គ្រប់គ្រង​បាល់​តិច​ណាស់​មុន​សម្រាក​វគ្គ​ទី១​»​។

កីឡាករ​ប្រធាន​ក្រុម​រូប​នេះ បន្ត​ទៀត​ថា​៖ «​នៅ​ពេល​​យើង​ចាប់​ផ្ដើម​សហការ​គ្នា​បាន​ល្អ​​ជាង​មុន​ វា​ធ្វើ​ឱ្យ​យើង​លេង​កាន់​តែ​ស្រួល​ផង​ដែរ​។ យើង​ក៏​មាន​ការ​អៀន​ខ្មាស់​ចំពោះ​ការ​ភ្លាត់​ឱ្យ​របូត​គ្រាប់​បាល់​ ដែល​មិន​គួរ​កើត​ឡើង តែ​យ៉ាង​ណា យើង​នៅ​តែ​ឈ្នះ​យ៉ាង​ស័ក្ដិសម​បំផុត​»​។

ចំណែក​អ៊ីតាលី ក៏​បាន​ធ្វើ​ដំណើរ​ទៅ​វគ្គ​ ៤ ក្រុម​នៃ​កម្មវិធី​លីគ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​នេះ​ដែរ ក្រោយ​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​គ្រុប​ទី​១ នៃ​លីគ A ដោយ​ការ​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​បូស្ន៊ី ២-០ នៅ​ក្រុង​សារ៉ាជេវ៉ូ ដែល​គ្រាប់​ជ័យ​ជម្នះ​នោះ បាន​មក​ដោយ​កីឡាករ Andrea Belotti និង Domenico Berardi​។

ក្រោយ​បញ្ចប់​ប្រកួត​ទី៦ នៃ​គ្រុប ឬ​ពូល​​នី​មួយ​ៗ​សម្រាប់​នៃ​កម្មវិធី Nations League របស់​អឺរ៉ុប​នេះ ក្រុម​ដែល​ត្រូវ​ប្រឈម​ជាមួយ​គ្នា​​ ដើម្បី​ដណ្ដើម​ពាន គឺ​​បារាំង អេស្ប៉ាញ បែលហ្ស៊ិក និង​អីុតាលី​។ ការ​ចាប់-​ឆ្នោត​សម្រាប់​​ទាំង ៤ ក្រុម នឹង​ធ្វើ​នៅ​ថ្ងៃ​ទី ៣ ខែ​ធ្នូ​ ហើយ​ការ​ប្រកួត​នឹង​រៀបចំ​ធ្វើ​ឡើង​​នៅ​ប្រទេស​អ៊ីតាលី នា​ដើម​ខែ​តុលា​ ឆ្នាំ​ ២០២១​​៕ AFP/VN