ក្រុងម៉ាឌ្រីដ៖ ទោះបី​ជា​ការ​ស្លាប់​របស់​ខ្សែ​ប្រយុទ្ធ​ដ៏​​ឆ្នើម​ Jose Antonio Reyes បាន​កន្លង​ទៅ​ជិត ​១ ឆ្នាំ​ហើយ​ក្ដី ប៉ុន្តែ​​មូលហេតុ​ពិត​ប្រាកដ​ដែល​ធ្វើ​ឲ្យ​អតីត​កីឡាករ​របស់​ក្រុម​ Sevilla រូប​នេះ បាត់បង់​ជីវិត​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ ទើប​តែ​បង្ហាញ​ឲ្យ​ដឹង​នាពេល​នេះ​ប៉ុណ្ណោះ។

នៅ​ក្នុង​របាយការណ៍​មួយ​ របស់​ក្រុម​ប៉ូលិស​ ដែល​ធ្វើ​ការ​ស៊ើប​អង្កេត​អស់​ជា​ច្រើន​ខែ​មក​បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ឡាន​របស់​អតីត​កីឡាករ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal មាន​បញ្ហា​រហូត​បង្កើត​បាន​ជា​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ដោយ​សារ​កង់​ក្រោយ​ខាង​ឆ្វេង​ផ្ទុះ​​បែក​។​

របាយការណ៍​របស់ ​Civil Guard ដែល​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ចំពោះ​​គ្រោះ​ថ្នាក់​នេះ ​បាន​ឲ្យ​ដឹង​ថា ​អតីត​កីឡាករ​របស់​ក្រុម​អធិរាជស Real Madrid ដែល​ស្លាប់​ក្នុង​វ័យ ​៣៥ ឆ្នាំ​ ដោយសារ​ឧប្បត្តិហេតុ​ដ៏​សែន​រន្ធត់​នា​ពេល​នោះ​ បាន​បើកបរ​ឡាន​ម៉ាក Mercedes S 550 ក្នុង​ល្បឿន ១៨៧ ​គីឡូ​ម៉ែត្រ​ក្នុង ​១ ​ម៉ោង​ ​មុន​នឹង​កង់​ឆ្វេង​ខាង​ក្រោយ​ផ្ទុះ​​។

បន្ទាប់​ពី​មាន​​សេចក្ដី​សរុប​ចុង​ក្រោយ នៅ​ក្នុង​របាយការណ៍​ ដែល​ត្រូវ​បាន​ផ្សាយ​តាម​វិទ្យុ​ Cadena- SER រួច​មក បង្ហាញ​ឲ្យ​ឃើញ​ថា ​សេចក្ដី​រាយការណ៍​ចាស់​ ដែល​អះអាង​ថា ​​Reyes បើកបរ​ក្នុង​ល្បឿន​លឿន​រហូត​ដល់​ទៅ​ ២៣៤ ​គីឡូ​ម៉ែត្រ​ក្នុង ​១ ​ម៉ោង គឺ​មិន​ត្រឹមត្រូវ​ទេ​។

គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ​១ ខែ ​មិថុនា​ ឆ្នាំ ​២០១៩​ នៅ​ឯទីក្រុង Alcala de Guadaira ភាគ​ខាង​ត្បូង​ប្រទេស ​អេស្ប៉ាញ ​ពេល​នោះ មិន​ត្រឹម​តែ​ផ្ដាច់​ជីវិត​របស់​អតីត​កីឡាករ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ប៉ុណ្ណោះ​ទេ តែ​ប្អូន​ប្រុស​ជីដូន​មួយ​របស់​គេ ​២ ​នាក់ ដែល​រួម​ដំណើរ​ជាមួយ​គ្នា​​ គឺ Jonathan Reyes បាន​ស្លាប់​ក្នុង​សោកនាដកម្ម​នោះ​ដែរ ក្នុង​វ័យ​ ២៣ ​ឆ្នាំ ខណៈ​ម្នាក់​ទៀត​ Juan Manuel Calderon រួច​ជីវិត តែ​ត្រូវ​ភ្លើង​ឆេះ​ពេញ​ខ្លួន ៦០ ​ភាគរយ​។​​

ក្រោយ​បញ្ចប់​ពិធី​បុណ្យ​សព ឪពុក​របស់ Reyes លោក Francisco Reyes ក្នុង​បទសម្ភាស​ជាមួយ​ទូរទស្សន៍​អនឡាញ Viva la Vida បាន​ថ្លែង​ទាំង​សោកសៅ​ថា​៖​ «​នៅ​ពេល​ពួក​យើង​នៅ​ស្ងាត់ៗ​ យើង​ចាប់​ផ្ដើម​យំ​ទាំង​អស់​គ្នា។ ពួក​យើង​មិន​អាច​ទប់​អារម្មណ៍​បាន​ឡើយ ឲ្យ​តែ​ពេល​ណា​ពួក​យើង​និយាយ ពួក​យើង​តែងតែ​បង្ហូរ​ទឹក​ភ្នែក​។ ពួក​យើង​ព្យាយាម​មិន​និយាយ​អ្វី​ឡើយ ព្រោះ​បើ​យើង​និយាយ​ គ្រប់​គ្នា​តែង​នឹក​ឃើញ​រាល់​ពាក្យ​សម្ដី និង​សកម្មភាព​របស់​គាត់​​គ្រប់​យ៉ាង​»​។​

លោក​ឪពុក​រូប​នេះ បាន​បន្ត​ទៀត​ថា៖ «​ម្ដាយ​របស់​គេ មិន​ហ៊ាន​សូម្បី​តែ​ដើរ​ទៅ​មាត់​ទ្វារ។ ពួក​យើង​ពិបាក​ធ្វើ​ចិត្ត​ណាស់។ ប្រពន្ធ​របស់​ខ្ញុំ ដើរ​ពី​គ្រែ​ទៅ​សាឡុង ហើយ​ត្រឡប់​ពី​សាឡុង​មក​គ្រែ​វិញ។ យើង​ពិត​ជា​ចង់​ដឹង​ណាស់​ តើ​កន្លែង​ណា​ ដែល​អាច​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ពួក​យើង​បាន​»។

អតីត​កីឡាករ​ ធ្លាប់​លើក​ពាន​ក្របខ័ណ្ឌ La Liga ជាមួយ​ក្រុម​អធិរាជស បាន​ចាកចេញ​គ្មាន​ថ្ងៃ​ត្រឡប់​ដោយ​បន្សល់​ទុក​ឲ្យ​នារី​ម្នាក់​នៅ​ម៉េម៉ាយ​ និង​ក្មេង​ស្រី ​២ ​នាក់ ព្រម​ទាំង​ក្មេង​ប្រុស​ម្នាក់​ឲ្យ​នៅ​កំព្រា​៕​ ​AFP/VN