ភ្នំពេញ: កីឡាករ​ប្រដាល់​សូត្រ ប៊ុន​ធី មកពី​ក្លិប​បក្សី​ស្លាប​ដែក​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ និង​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ចំនួន ២ ស្ថាប័ន នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Ling Loum ក្នុង​ទម្ងន់ ៦០ គីឡូក្រាម​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​នា​យប់​ថ្ងៃ​សៅរ៍ ខាង​មុខ។

កាល២សប្តាហ៍​មុន សូត្រ ប៊ុន​ធី បានឈ្នះ​ខ្សែក្រវាត់​ខា​រ៉ាបាវ ដែល​អម​ដោយ​ទឹកប្រាក់​ចំនួន ៥ ពាន់​ដុល្លារ​អាមេរិក ខណៈ​ដែល​ការ​ប្រកួត​នោះ រូបគេ​បាន​ទម្លាយ​អាថ៌កំបាំង​ក្រោយ​ប្រកួត​ថា «មាន​សុខភាព​មិន​សូវ​ល្អ ហើយ​លទ្ធផល​ប្រកួត​ឈ្នះ​ទាំង​លំបាក​បំផុត»។

តាម​គណៈកម្មការ​ផ្គូផ្គង​ប្រចាំ​សង្វៀន​អាស៊ីអាគ្នេយ៍ សូត្រ ប៊ុន​ធី នឹងត្រូវ​ដាក់​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Ling Loum ក្នុង​ទម្ងន់ ៦០ គីឡូក្រាម ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ។

កីឡាករ​ថៃ​រូបនេះ​ត្រូវបាន​លោក​ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រចាំ​សង្វៀន​ប្រកួត​អះអាង​ថា ជា​ជើង​ខ្លាំង​ល្បី​មួយ​រូប​នៅ​ប្រទេស​ថៃ ប៉ុន្តែ​មិន​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​ឡើយ។ តាមរយៈ​គណៈ​កម្មការ​ផ្គូផ្គង ប្រវត្តិ​ប្រកួត​របស់​កីឡាករ​ថៃ Ling Loum ក្នុង​ទម្ងន់ ៦០ គីឡូក្រាម មាន​ចំនួន​តិច​ជាង​សូត្រ ប៊ុន​ធី រហូត​ដល់ ៥០ ដង ប៉ុន្តែ​ពួកគេ​មាន​កម្ពស់ ១,៧០ ម៉ែត្រ​ដូចគ្នា។

សូត្រ ប៊ុន​ធី មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន ១១៥ លើក ឈ្នះ ៩០ លើក ចាញ់​ចំនួន ២០ លើក និង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ចំនួន ២ ស្ថាប័ន​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​ឆ្នើម​រយៈពេល ៥ ឆ្នាំ។

កីឡាករ​ថៃ Ling Loum មាន​ប្រវត្តិ​ប្រកួត​តែ ៦៥ លើក ឈ្នះ ៥៣ លើក និង​ចាញ់​ចំនួន ១២ លើក ប៉ុន្តែ​ត្រូវ​បាន​គេ​អះអាង​ថា ជា​កីឡាករ​លំដាប់​ខ្លាំង ១ រូប នៅ​ប្រទេស​ថៃ និង​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​នោះ​ទេ។

លោក​ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត បាន​ឲ្យ​ដឹងថា៖ «Ling Loum ក្នុង​ស្រុកថៃ មាន​លំដាប់​ត្រឹម​ស៊េរី C ប៉ុណ្ណោះ ប៉ុន្តែ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រូបង្វឹក​សមត្ថភាព​របស់​គេ​មិន​អាច​ចាញ់​សូត្រ ប៊ុនធី ដោយ​ងាយៗ ឬ​ចាញ់​ដោយ​ផុយ​ស្រួយ​នោះ​ឡើយ ពោល​គឺ​ចាញ់ ឬ​ឈ្នះ ខ្ញុំ​មិន​ហ៊ាន​និយាយ​មុន​ទេ ប៉ុន្តែ ត្រូវ​ឆ្លង​កាត់​ការ​ប្រកួត​ក្នុង​លក្ខណៈ​តឹង​តែង និង​ស្វិត​ស្វាញ»។

លោក​សួន ប៊ុន​សូត្រ គ្រូបង្វឹក និង​ជា​ឪពុក​សូត្រ ប៊ុន​ធី បាន​និយាយថា៖ «ក្រោយ​ឈ្នះ​ខ្សែ​ក្រវាត់​ថ្មីៗ​កន្លង​មក ប៊ុន​ធី មិន​សូវ​បាន​ហ្វឹកហាត់​ខ្លាំង​នោះ​ទេ ព្រោះ​ចង់​សម្រាក ដើម្បី​សម្រួល និង​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ។ សម្រាប់​ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​លើក​នេះ ខ្ញុំ​ជា​គ្រូបង្វឹក​គិត​ថា មិន​អាច​ចាញ់​កីឡាករ​ថៃ​បាន​ទេ ពីព្រោះ​អាវុធ ឬ​ស្នៀត​ល្អ​របស់​វា​ដែល​ល្អ​នោះ​គឺ​កែង និង​ជង្គង់​ដែល​មាន​ប្រៀប​ជាង»។

លោក​សួន ប៊ុន​សូត្រ បាន​ប្រាប់​បន្ថែមទៀតថា៖ «តាម​ខ្ញុំ​មើល​រូបថត និង​ឃ្លី​ប​វីដេអូ​ឃើញ​ថា កីឡាករ​ថៃ​ដែល​ត្រូវ​ប្រកួត​ជាមួយ​ប៊ុនធី ថ្ងៃ​សៅរ៍ សប្តាហ៍​នេះ ខ្ញុំ​ធ្លាប់​ឃើញ​មក​ប្រកួត​នៅ​សង្វៀន​ស៊ីធីអិន​ម្តង ប្រហែល ១ ឆ្នាំ​មុន​ជាមួយ​ប៊ុនធី ហើយ​ត្រូវ​ប៊ុន​ធី វាយ​ឲ្យ​សន្លប់​ប្រហែល​នៅ​ក្នុង​ទឹក​ទី ៣ ពីព្រោះ​ខ្ញុំ​ដូចជា​ចាំ​មិន​ច្បាស់»៕