ភ្នំពេញ៖ ​កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង​ជំនាន់​ក្រោយ ប៊ុន សុធា បាន​ជួប​ការ​ខក​ចិត្ត​ជា​ថ្មី​ម្តង​ទៀត ចំពោះ​ការ​ខកខាន​ឈ្នះ​ប្រាក់​លាន​ពី​ការ​ប្រកួត ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន ទម្ងន់ ​៥៧ គីឡូក្រាម នៃ​កម្មវិធី​ Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន ខណៈ​រូប​គេ​មិន​អាច​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​បាន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទៅ​តាម​លក្ខខណ្ឌ​នោះ។

គេ​នៅ​ចាំ​បាន​ថា ប៊ុន សុធា ធ្លាប់​បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ នៃ​ការ​ប្រកួត​ម៉ារ៉ាតុង​ក្នុង​ទម្ងន់ ​៥៧ ​គីឡូក្រាម​ដូច​គ្នា​ម្តង​ហើយ ប៉ុន្តែ​ការ​ប្រកួត​គ្នា ​៩ នាទី​គ្មាន​ឈប់​នោះ ប៊ុន សុធា បាន​ត្រឹម​ខក​ចិត្ត ខណៈ​រូប​គេ​មិន​អាច​ផ្តួល យុគ យក្សផ្លែ ឲ្យ​សន្លប់​ទៅ​តាម​ច្បាប់ Mas Fight ដើម្បី​យក​ប្រាក់​លាន​ចំនួន ​៣,៤ ​លាន​រៀល​នោះ ​គឺ​អ្នក​ទាំង ​២ ត្រូវ​បាន​កំណត់​ឲ្យ​ស្មើ​គ្នា​ទៅ​តាម​លក្ខខណ្ឌ​បាន​កំណត់ ហើយ​បាន​ប្រាក់​រង្វាន់​ម្នាក់ ១,៨ ​លាន​រៀល។

យ៉ាង​ណា​មិញ សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី​២ នៅ​ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ​៥៧ គីឡូក្រាម កាល​ពី​ថ្ងៃអាទិត្យ កន្លង​មក​នេះ ប៊ុន សុធា ដែល​បាន​ឡើង​ទៅ​ជួប អេ ណារ័ត្ន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ នៅ​តែ​មិន​អាច​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​បាន ដើម្បី​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ដដែល ខណៈ​ការ​ប្រកួត​លើក​នេះ ប្រាក់​រង្វាន់​សរុប​សម្រាប់​ម្ចាស់​ជើង​ឯក​​មាន​រហូត​ដល់ ​៥ លាន​រៀល​ឯណោះ។

យ៉ាង​ណា​ក៏​ដោយ ការ​មិន​អាច​ផ្តួល អេ ណារ័ត្ន ឲ្យ​សន្លប់​បាន​ក្នុង​រយៈពេល ​៩ នាទី​​នេះ ត្រូវ​បាន ប៊ុន សុធា អះអាង​ថា មក​ពី​រូប​គេ​មាន​ស្នាម​បែក នៅ​ពេល​ប្រកួត​ជាមួយ ម៉ន សាម៉េត នៅ​ក្នុង​វគ្គ​ជម្រុះ ​៣ ​ទឹក។ ប៊ុន សុធា បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖​ «ខ្ញុំ​មាន​អារម្មណ៍​​សោក​ស្តាយ ចំពោះ​លទ្ធផល​នេះ»។

ប៊ុន សុធា បាន​បន្ត​ថា៖​ «បើ​ខ្ញុំ វាយ​សម្រុក​តាំង​ពី​ដើម​ទឹក​ទៅ ក៏​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្លាំង​ខ្ញុំ​ដែរ ដោយសារ​ខ្ញុំ​ហ្វឹកហាត់​បាន​គ្រាប់គ្រាន់​ តែ​ការ​ដែល​ខ្ញុំ​សម្រេច​វាយ​ថយ​វិញ​នោះ ព្រោះ​ឈាម​បាន​ហូរ​ចូល​ភ្នែក​ខ្ញុំ​ច្រើន​ពេក អ៊ីចឹង​ខ្ញុំ​ខ្លាច​ចូល​ដៃ​របស់​គាត់​ដែរ ហើយ​ម្យ៉ាង​ទៀត​ពេល​ចូល​ចាប់ អេ ណារ័ត្ន បាន​យក​ហ្គង់​ដៃ ញ៉ុក​ចូល​ស្នាម​របួស​ខ្ញុំ ហេតុ​នេះ​ខ្ញុំ​ក៏​បែរ​មុខ​ចេញ»។

សិស្ស​គណសមាគម​កីឡា​ប្រដាល់​កង​យោធពល​ខេមរភូមិន្ទ ប៊ុន សុធា ​បានបញ្ជាក់​ថា៖​ «បើ​ខ្ញុំ​អត់​មាន​ស្នាម​បែក ប្រហែល​ខ្ញុំ​វាយ​បាន​ល្អ​ជាង​ហ្នឹង ហើយ​ខ្ញុំ​គិត​ថា អាច​វាយ​ អេ ណារ័ត្ន ​ឲ្យ​សន្លប់​បាន​ ប៉ុន្តែ​នៅ​ពេល ខ្ញុំ​បែក បែប​នេះ ខ្ញុំ​ញញើត​នឹង​ស្នាម​បែក​នេះ​ដែរ»។

នៅ​ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នោះ ប៊ុន សុធា ដែល​មាន​ស្នាម​បែក​ក្រោម​ផ្លែ​កែង ម៉ន សាម៉េត នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ ​៣ ទឹក​នោះ បាន​វាយ​សម្រុក អេ ណារ័ត្នុ ស្ទើ​ងើប​មុខ​មិន​ចង់​កើត​នៅ​ក្នុង​នាទី​ដំបូង ប៉ុន្តែ​កណ្តាប់​ដៃ​វាយ​សង​របស់ អេ ណារ័ត្ន បាន​ធ្វើ​ឲ្យ​របួស​ចាស់​របស់​ សុធា ហូរឈាម​ស្រោច​ពេញ​ផ្ទៃ​មុខ ហើយ​ដោយសារ​ភ្នែក​មើល​មិន​សូវ​ច្បាស់ ព្រោះ​តំណក់​ឈាម​នេះ សុធា បាន​បន្ថយ​ការ​ប្រកួត​វាយ​សម្រុក និង​បាន​បញ្ចប់​ការ​ប្រកួត​ដោយ​លទ្ធផល​ស្មើ​តាម​ច្បាប់ Mas Fight។

យ៉ាង​ណា​ក៏​ដោយ ដោយសារ​ការ​ប្រកួត​របស់​អ្នក​ទាំង ​២ នេះ មាន​ភាព​ស្វិតស្វាញ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​អ្នក​គ្រប់គ្រង​ប្រដាល់​នៅ​សង្វៀន​ថោន បាន​សម្រេច​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ ម្នាក់ ​២០ ម៉ឺន​រៀល បន្ថែម​ពី​លើ​ប្រាក់​រង្វាន់ ​១,៨ លាន​រៀល ដែល​ធ្វើ​ឲ្យ​ ប៊ុន សុធា និង អេ ណារ័ត្ន ទទួល​បាន​ប្រាក់​រង្វាន់​សរុប ​២ លាន​រៀល​ស្មើៗ​គ្នា។

ចំណែក អេ ណារ័ត្ន ដែល​បាន​ទម្លាក់ សៅ ប៊ុនធឿន នៅ​វគ្គ​ជម្រុះ​នោះ មាន​ការ​ពេញ​ចិត្ត​នឹង​លទ្ធផល​ស្មើគ្នា​ជាមួយ ប៊ុន សុធា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ដោយ​គេ​បាន​បញ្ជាក់​ថា៖ ​«ខ្ញុំ​គិត​ថា លទ្ធផល​នេះ​ល្អ​ហើយ ព្រោះ​ខ្ញុំ​មិន​ធ្លាប់​ប្រកួត ​៩ ​នាទី​ពេញ​បែប​នេះ​ទេ អ៊ីចឹង​ធ្វើ​ឲ្យ​​ខ្ញុំ​ហត់ ហើយ​ខ្ញុំ​បាន​ប្រឹងប្រែង​ប្រកួត​​អស់​ពី​សមត្ថភាព​ហើយ»៕