ភ្នំពេញៈ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានអញ្ជើញតំណាងស្ថាននីយទូរទស្សន៍ជាម្ចាស់សង្វៀនប្រដាល់មានអាស៊ីអាគ្នេយ៍ ប៉ុស្តិ៍លេខ ៥ CNC បាយ័ន និង PNN ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់សហព័ន្ធ និងក្រសួងអប់រំ យុវជន និងកីឡាដើម្បីបើកកិច្ចប្រជុំពិសេសមួយក្នុងកំណែទម្រង់ឲ្យការកាត់សេចក្តីក្នុងការប្រកួតប្រដាល់ដែលមានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រៀងរាល់ចុងសប្តាហ៍នោះគេចផុតពីការរិះគន់ពីមហាជន។
ការឈានដល់ការបើកកិច្ចប្រជុំដែលត្រូវបានធ្វើនៅអគ្គនាយកដ្ឋានកីឡានៃពហុកីឡដ្ឋានជាតិកាលពីព្រឹកថ្ងៃអង្គារម្សិលមិញនោះគឺបន្ទាប់ពីមានការរិះគន់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្ងន់ៗចំពោះសង្វៀនទូរទស្សន៍មួយចំនួនដែលលទ្ធផលប្រកួតមានភាពមិនប្រក្រតី ហើយលោកបានព្រមានឲ្យសហព័ន្ធប្រឹងប្រែងកំណែទម្រង់ បើមិនដូច្នេះលោកនាយករដ្ឋមន្ត្រីនឹងលូកដៃចាត់ការរឿងនេះមិនខាន។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានថ្លែងថា៖ «សម្តេចនាយករដ្ឋមន្ត្រីយកចិត្តទុកដាក់ខ្លាំង និងតាមដានសកម្មភាពប្រដាល់យើងនេះជាប់ជាប្រចាំ ហើយសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែឧបត្ថម្ភថវិកាជាច្រើនដល់កីឡាករយើង និងស្វែងយល់ពីសុខទុក្ខ និងការកាត់ក្តីពីចៅក្រម អាជ្ញាកណ្តាលយើងខ្លាំងណាស់ ខណៈដែលលោកបានមើលឃើញនូវការខ្វះខាតសមត្ថភាពរបស់មន្ត្រីមួយចំនួនមិនទាន់បានល្អ ពិសេសលទ្ធផលប្រកួតមួយចំនួនមានភាពមិនប្រក្រតី និងមានការរិះគន់ពីមហាជន»។
លោកបន្ថែមថា៖ «អង្គប្រជុំថ្ងៃនេះគឺយើងខិតខំពង្រឹងសមត្ថភាពអាជ្ញាកណ្តាលចៅក្រមឲ្យមានតម្លាភាព យុត្តិធម៌ ក្នុងការកាត់ក្តីដោយរួមសហការឲ្យបានកាន់តែល្អជាមួយម្ចាស់សង្វៀន និងខាងស្ពនស័រដោយគោរពតាមគោលការណ៍បច្ចេកទេសជាចម្បង»។
បន្ថែមពីលើនេះលោកជំរុញឲ្យពិនិត្យទៅលើការនាំកីឡាករពីបរទេសមកប្រកួតឲ្យគោរពច្បាប់ជាតិ និងអន្តរជាតិដើម្បីបញ្ចៀសបញ្ហាជួញដូរមនុស្ស ឬគ្រឿងញៀនព្រមទាំងពិនិត្យសុខភាពកីឡាករថ្លឹងទម្ងន់ ផ្គូផ្គង គឺអនុវត្តឲ្យបានម៉ឺងមាត់ ដើម្បីឆ្លើយតបទៅនឹងការណែនាំ និងយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្ត្រី។
ចំណែកលោក វ៉ា ស៊ិនភារម្យ ទីប្រឹក្សាជាន់ខ្ពស់ NOCC និងជាអនុប្រធានទី ១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរថ្លែងថា៖ «តាមការលើកឡើងរបស់សម្តេចកាលពីដើមខែមេសា ឆ្នាំ ២០១៩ គឺល្មមដល់ពេលយើងខិតខំធ្វើឲ្យបាននូវសមត្ថភាពចៅក្រមអាជ្ញាកណ្តាលគឺកាត់សេចក្តីឲ្យត្រឹមត្រូវ ហើយក្នុងនោះសហព័ន្ធដែលបានបង្កើតក្រុមប្រឹក្សាចំនួន ២ គឺក្រុមប្រឹក្សាវិន័យចំនួន ១១ នាក់ និងក្រុមប្រឹក្សាបច្ចេកទេសចំនួន ៧ នាក់នោះត្រូវតែមានសកម្មភាពពិនិត្យវាយតម្លៃជាប្រចាំនូវរឿងមិនប្រក្រតីមួយចំនួនដែលបានកើតឡើង ពិសេសមិនចាំបាច់មានការប្តឹងតវ៉ាពីភាគីណាទេគឺឲ្យតែពិនិត្យឃើញថាមិនស្របតាមបច្ចេកទេសត្រូវសុំគោលការណ៍ប្រធានដើម្បីពិនិត្យ និងស្វែងរកមូលហេតុឲ្យឃើញពិតប្រាកដ»។
លោកសង្កត់ធ្ងន់ថា៖ «រឿងនេះមិនមែនអនុវត្តចំពោះតែកីឡាករទេ សូម្បីតែចៅក្រមអាជ្ញាកណ្តាល ឬស្នងការប្រកួត ឬប្រធានវិនិច្ឆ័យត្រូវតែជាប់ពិន័យទាំងអស់ពេលរកឃើញមានកំហុស»។
លោក ញាន សុធី នាយកគ្រប់គ្រងកម្មវិធីសង្វៀនអាស៊ីអាគ្នេយ៍បានស្នើទៅសហព័ន្ធឲ្យទទួលខុសត្រូវផ្នែកបច្ចេកទេសត្រូវជួយមើលកីឡាករយកមកផ្គូផ្គងគប្បីដឹងពីទម្ងន់ កម្ពស់ តាមដានការហ្វឹកហាត់ ពិសេសសមត្ថភាពបទពិសោធក្នុងកម្រិតណាដើម្បីឲ្យការប្រកួតបានល្អ ឈរទឹកបានគ្រប់ និងមានសមត្ថភាពប្រកួតទាក់ទាញតាមបច្ចេកទេស មហាជនចូលចិត្តគាំទ្រ ហើយមិនគួររុញកំហុសដាក់គ្នានោះទេ ព្រោះកន្លងមកមហាជនយល់ច្រឡំថា ខាងប៉ុស្តិ៍ជាអ្នកសម្រេចចាញ់ ឬឈ្នះ តែតាមពិតគឺមន្ត្រីសហព័ន្ធទាំងស្រុង។
ចំណែកលោក អូឡាឡា តំណាងសង្វៀនប៉ុស្តិ៍លេខ ៥ ស្នើសុំឲ្យសហព័ន្ធកំណត់តម្លៃខ្លួនកីឡាករ តម្លៃខ្លួនមន្ត្រីបច្ចេកទេសដោយបែងចែកស៊េរី A B ឬ C ឲ្យបានច្បាស់លាស់ ព្រោះពេលបើកលុយកីឡាករខ្លះទាមទារខ្ពស់ជាងគម្រោងដែលបានចរចាគ្នា ធ្វើឲ្យលំបាក ហើយសុំកុំឲ្យមានចងជើងកីឡាករសម្រាប់តែប៉ុស្តិ៍មួយគឺគួរតែអនុញ្ញាតឲ្យមានការប្រកួតគ្រប់សង្វៀនគឺកីឡាទាំងអស់គ្នា។
លោក ម៉ា ស៊ីថេត តំណាងសង្វៀន CNC បានលើកឡើងថា ការសម្រេចសេចក្តីជាភារកិច្ចរបស់មន្ត្រីសហព័ន្ធទាំងស្រុង ប៉ុន្តែដល់ពេលមានការខុសឆ្គងគេចោទតែខាងប៉ុស្តិ៍។ លោកបន្ថែមថាខាងសង្វៀនរបស់លោកបានលះបង់ខ្ពស់គឺជួយសម្រួលទាំងតម្លៃខ្លួន ឲ្យបានប្រសើរ តម្លៃសោហ៊ុយមកពីខេត្តព្រមទាំងទទួលដោះស្រាយជូន ១០០ ភាគរយរាល់បញ្ហារងរបួស ពេលប្រកួតនៅសង្វៀនរបស់លោកហេតុនេះសុំឲ្យសហព័ន្ធពិនិត្យទៅលើបច្ចេកទេស និងជួយវាយតម្លៃសមត្ថភាពកីឡាករក្នុងការផ្គូផ្គងឲ្យមានភាពសុក្រឹត ដើម្បីប្រកួតល្អមើល។
ចំណែកលោកឧត្តមសេនីយ៍ឯក ស៊ិន ខាំចាន់តារ៉ុង ទីប្រឹក្សាជាន់ខ្ពស់របស់ NOCC និងអនុប្រធានកិតិ្តយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានផ្តាំផ្ញើឲ្យមន្ត្រីបច្ចេកទេសខិតខំយ៉ាងណាឲ្យការងាររលូនមានយុត្តិធម៌ក្នុងការសម្រេចក្តី ពិសេសការយកកីឡាករពីបរទេសត្រូវគោរពតាមច្បាប់ មិនមែនយកកីឡាករថៃមកហើយថា កីឡាករមកពីឡាវនោះទេ ព្រោះពេលមានបញ្ហាអ្វីមួយគឺពាក់ព័ន្ធខាងស្ថានទូតសាមីរបស់គេ៕