ភ្នំពេញ: ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី ២ ឆ្នាំ ២០១៨ បាន​បញ្ចប់​កាល​ពី​ម្សិលមិញ នៅ​សង្វៀន​ប្រដាល់​មរតក​តេជោ បន្ទាប់​ពី​ដំណើរការ អស់ ៧ ថ្ងៃ។ ប្រតិភូ និង​កីឡាករ​មក​ពី​ខេត្ត និង​រាជធានី​ចំនួន ១២ និង​ក្រសួង ២ មាន​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ ដែល​មាន​កីឡាករ​ចំនួន ៩១ នាក់ បែង​ចែក​ជា ៨ ប្រភេទ​ទម្ងន់ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ។

ជា​លទ្ធផល​រួមការ​ប្រដាល់​គុន​ខ្មែរ​នេះ ចំណាត់ថ្នាក់​លេខ ១ បាន​ទៅ​រាជធានី​ភ្នំពេញ លេខ ២ បាន​ទៅ​ក្រសួង​មហាផ្ទៃ លេខ ៣ បាន​ទៅ​ខេត្ត​បន្ទាយមានជ័យ និង​លេខ ៤ ខេត្ត​បាត់ដំបង ខណៈ​ក្រសួង​ការពារ​ជាតិ បាន​ធ្លាក់​ទៅ​ដល់​លេខ ៥ ហើយ​ខេត្ត​ដែល​មិន​ទទួល​បាន​មេដាយ​សោះ​មាន​ខេត្ត​រតនគិរី ស្វាយរៀង និង​ខេត្ត​កំពង់ឆ្នាំង។

ការប្រកួត​ទម្ងន់ ៤៨ គីឡូក្រាម លេខ១ មេដាយមាស បាន​ទៅ​កីឡាករ ហ៊ឹម គឹម​រៀង របស់​រាជធានី​ភ្នំពេញ លេខ ២ នួន ម៉ាន់ឌី មក​ពី​ក្រសួង​មហាផ្ទៃ។ ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ចំណាត់​ថ្នាក់​លេខ ១ បាន​ទៅ​កីឡាករ​ហ៊ឹម សេរី មក​ពី​រាជធានី​ភ្នំពេញ លេខ ២ សុខ រិទ្ធ មក​ពី​ខេត្ត​បន្ទាយមានជ័យ។

ចំណែក​ទម្ងន់ ៥៤ គីឡូក្រាម ចំណាត់ថ្នាក់​លេខ ១ មេដាយមាស បាន​ទៅ​កីឡាករ ខេម ចាន់ មក​ពី​ក្រសួង​ការពារ​ជាតិ លេខ ២ បាន​ទៅ​កីឡាករ ផាន់ ផាត់​យុទ្ធ មក​ពី​ក្រសួង​មហាផ្ទៃ​ឯ​ទម្ងន់ ៥៧ គីឡូក្រាម មេដាយ​មាស បាន​ទៅ​លើ​កីឡាករ សុខ ធី មក​ពី​ខេត្ត​បន្ទាយមានជ័យ លេខ ២ ឈុត វ៉ាន់ថន មក​ពី​ខេត្ត​បាត់ដំបង។

ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម មេដាយមាស បាន​ទៅលើ​កីឡាករ សេន កុសល មកពី​ខេត្ត​បាត់ដំបង និង​លេខ ២ តាំង តាក់ មក​ពី​ខេត្ត​បន្ទាយមានជ័យ។

ចំពោះ​ប្រភេទ​ទម្ងន់ ៦៣,៥ គីឡូក្រាម មេដាយមាស បាន​ទៅ ឃុន ឌីម៉ា មកពី​រាជធានី​ភ្នំពេញ និង​លេខ ២ សែម ណាង មក​ពី​ក្រសួង​មហាផ្ទៃ។ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម លេខ ១ មេដាយ​មាស បាន​ទៅ​កីឡាករ មុត ខ្លឹម​ខ្មៅ មក​ពី​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​កីឡាករ ពុយ វណ្ណៈ មក​ពី​ខេត្ត​ត្បូងឃ្មុំ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។

ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម មេដាយមាស បាន​ទៅ​កីឡាករ​ពេជ្រ សីហា មកពី​ក្រសួង​មហាផ្ទៃ ខណៈ​ចំណាត់​ថ្នាក់​លេខ ២ បាន​ទៅ​កីឡាករ​ថុល មករា មក​ពី​ខេត្ត​ត្បូងឃ្មុំ។

លោក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ មានប្រសាសន៍ថា៖ «ការ​ប្រកួត​ដំណើរការ​រលូន​ក្នុង​លក្ខណៈ​យោគ​យល់​សាមគ្គី​ក្នុង​គ្រួសារ​កីឡា​ប្រដាល់ ក្នុង​នោះ​ការ​ស្នាក់​នៅ ហូបចុក និង​ដឹក​ជញ្ជូន​ធ្វើ​ដំណើរ​គឺ​ល្អ​ទាំង​អស់ ចំណែក​ឯ បច្ចេកទេស យើង​នៅ​មាន​បញ្ហា​សេស​សល់​ខ្លះ​ត្រូវ​កែលម្អ​ឡើង​វិញ​ផង​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ ថវិកា​ប្រាក់​រង្វាន់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ផ្តល់​ជូន​អ្នក​ឈ្នះ​មេដាយ​មាស​ប្រាក់ និង​សំរឹទ្ធ ត្រូវ​បាន​បើក​ភ្លាមៗ​ពេល​បិទ​កម្មវិធី​នេះ​តែ​ម្តង»។

ទោះបីជា​យ៉ាងណា សម្រាប់​ការកាត់ក្តី​ពី​សំណាក់​មន្ត្រី​បច្ចេកទេស​នៅតែមាន​បញ្ហា​ខ្លះ​ដែលមាន​ការ​តវ៉ា​ពី​លទ្ធផល​ឈ្នះ និង​ចាញ់​ទាំង​មិន​យុត្តិធម៌។

ឪពុក​កីឡាករ​សុខ ធី និង​សុខ រិ​ទ្ធ មកពី​ខេត្តបន្ទាយមានជ័យ បាន​ប្រតិកម្ម​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្រោយ​ប្រកាស​លទ្ធផល​ថា៖ «ការ​កាត់​ក្តី​មិន​យុត្តិធម៌​ធ្វើ​ឲ្យ​កីឡាករ​ខូច​ទឹកចិត្ត និង​រក​អ្នក​ខ្លាំង​ពិត​ប្រាកដ​មិន​បាន​ទេ»។

លោក​បន្ថែមថា៖ «កូន​របស់ខ្ញុំ​ឈ្មោះ​សុខ រិ​ទ្ធ (ប្រើ​ឈ្មោះ​សុខ វិទូ) មានប្រៀប​ឈ្នះ​កីឡាករ​ហ៊ឹម សេរី ដាច់ ប៉ុន្តែ​ត្រូវ​គេ​កាត់​ឲ្យ​ចាញ់​ជា​រឿង​អយុត្តិធម៌។ ចំណែក​ឯ​កូន​ខ្ញុំ​ម្នាក់​ទៀត សុខ ធី​បាន​ចាញ់​ប្រៀប​កីឡាករ​ឈុត វ៉ាន់ថន សោះ គេ​ឲ្យ​ឈ្នះ​វិញ​ដែល​ខ្ញុំ​មិន​ទទួល​យក​បាន​ទេ​បែបៗ​នេះ​នោះ​»៕