ភ្នំពេញ: ការប្រកួត​ប្រដាល់​គុន​ខ្មែរ​លក្ខណៈ​មិត្តភាព​ថ្នាក់​ជាតិ ដែល​ឧបត្ថម្ភ​ដោយ​ផលិតផល​កសិកម្ម​គូបូតា នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ១៧ ខែ​ឧសភា ឆ្នាំ ២០១៨ នេះ បន្ទាប់​ពី​មាន​ការ​ប្រកួត​រួច​រាល់​នៅ​ទឹកដី​ខេត្ត​តាកែវ កាល​ពី​សប្តាហ៍​មុន។

លោក​ជា វង្ស​វិចិត្រ អ្នករៀបចំ​ដែល​តំណាង​ក្រុមហ៊ុន ដ្រាហ្វ​អេតវើរ​ថាយស៊ីង បាន​ឲ្យ​ដឹង​ថា៖ «ខ្លឹមសារ​នៃ​ការ​ប្រកួត​គឺជា​ការ​កម្សាន្ត​សប្បាយ​រីករាយ ក្នុង​ពិធី​ឲ្យ​កសិករ​ជា​អ្នក​ស្រែ​ចម្ការ​ស្វែង​យល់​អំពី​ប្រយោជន៍​ការ​ប្រើប្រាស់​គ្រឿង​យន្ត កសិកម្ម​គូបូតា​ទាន់​សម័យ​ទទួល​បាន​ផល​ល្អ​ផង និង​ជា​ការ​លើក​ស្ទួយ​វិស័យ​ប្រដាល់​គុន​ខ្មែរ​ដែល​កំពុង​តែ​ពេញ​និយម​ឲ្យ​បងប្អូន​អ្នក​នៅ​មូលដ្ឋាន​បាន​ទស្សនា​ផ្ទាល់​ភ្នែក​ពិតៗ​ផង»។

លោក​បាន​បន្ថែមថា៖ «ការជ្រើសរើស​កីឡា​ប្រភេទ​ប្រដាល់​គុន​ខ្មែរ​នេះ ភ្ជាប់​ជាមួយ​ការបង្ហាញ​ពី​របៀប​ធ្វើ​កសិកម្ម​តាម​លក្ខណៈ​ទំនើប​គឺជា​ការ​ជួយ​ដោយ​ផ្ទាល់​ដល់​កសិករ​ផង និង​បាន​ប្រយោជន៍​ដល់​កីឡាករ​គុន​ខ្មែរ​ឲ្យ​ទទួល​បាន​តម្លៃ​ខ្លួន ប្រកួត​ក៏​ដូចជា​លើក​ស្ទួយ​ជីវភាព​របស់​ពួក​គាត់​ឲ្យ​ប្រសើរ​ផង​ដែរ»។

ការប្រកួត​នេះ​មិនមែន​ដណ្តើម​ពានរង្វាន់ ឬ ខ្សែក្រវាត់​លក្ខណៈ​តឹងតែង​ស៊ី​សាច់​ហុត​ឈាម​គ្នា​នោះ​ទេ គឺ​ប្រកួត មិត្តភាព​ដក​ស្រង់​បច្ចេកទេស និង​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​វ័យ​ក្មេងៗ ដែល​មិន​សូវ​ទទួល​បាន​ការ​ប្រកួត​តាម​ប៉ុស្តិ៍​នៅ​សង្វៀន​ភ្នំពេញ បាន​ប្រកួត​ដោយ​សហការ​ជាមួយ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ និង​អង្គភាព​កីឡា​នគរបាល​ជាតិ​កម្ពុជា។ លោក​ស៊ុយ សុខុម អនុ​ប្រធាន​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​បេសកកម្ម​គ្រប់គ្រង​ដឹកនាំ​ការ​ប្រកួត​តាម​ខេត្ត​មាន​ប្រសាសន៍​ថា៖ «ព្រឹត្តិកាណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​តាម​ខេត្ត​នេះ ប្រព្រឹត្ត​ទៅ​បាន​ដោយ​យើង​ទទួល​បាន​ការ​សហការ​រវាង​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ និង​ក្រុមហ៊ុន ដ្រាហ្វ​អេតវើរថាយស៊ីង បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ឲ្យ​មាន​ការ​ប្រកួត​តាម​ខេត្ត​ចំនួន ៨ ក្នុង​ឆ្នាំ ២០១៨ ដោយ​ក្រុមហ៊ុន​ជា​អ្នក​ចេញ​ថវិកា»។

លោក​បាន​ប្រាប់​បន្តថា៖ «យើង​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង ពិសេស​អង្គភាព​កីឡា​នគរបាល​ជាតិ​កម្ពុជា មាន​ការ​អនុញ្ញាត​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ព្រម​ទាំង​គាំទ្រ​លើក​ទឹកចិត្ត​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុង​ស្មារតី​លើក​ស្ទួយ​វិស័យ​កីឡា​ប្រដាល់​ធ្វើ​ដំណើរ​ទៅ​មូលដ្ឋាន​ឆ្ពោះ​ទៅ​ស៊ីហ្គេម​លើក​ទី ៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ»។

តាម​កិច្ចសន្យា​រវាង​សមាគម និង​ក្រុមហ៊ុន ដ្រាហ្វ​អេតវើរថាយស៊ីង​បន្ទាប់ពី​ខេត្ត​កំពង់ស្ពឺ នឹង​បន្ត​ទៅ​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង ក្រចេះ ព្រៃវែង និង​ឧត្តរមានជ័យ។ លោក​ជួន សំណាង ដែល​ជា​អ្នក​ដឹកនាំ​កីឡាករ​ទៅ​ប្រកួត បាន​និយាយ​ថា៖ «ការ​ប្រកួត​មាន​ជា​រៀងរាល់​សប្តាហ៍ នា​ថ្ងៃ​ព្រហស្បត៍​ក្នុង​លក្ខណៈ​មិត្តភាព​បង្ក​ឲ្យ​មាន​ការ​សប្បាយ​រីករាយ​ជូន​មហាជន​ដល់​មូលដ្ឋាន​ប៉ុណ្ណោះ»។

លោក​បាន​បន្តថា នៅក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ ២០១៨ នៅ​ទី​រួម​ខេត្ត​កំពង់ស្ពឺ មាន​តែ ៣ គូ​គឺ​កីឡាករ​ជើង​ថ្មី​ហេង វុទ្ធី មក​ពី​លំពែង​រាជសីហ៍ ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​ឡុង ណារិន មក​ពី​សាលវ័ន្ត​កីឡា​ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម។ កីឡាករ​លី តឿន មក​ពី​ក្លិប​មិត្ត ប៉ូលិស ប្រកួត​ជាមួយ​កីឡាករ​ឡូញ វណ្ឌី មក​ពី​ក្លិប​ពន្លឺ​វិបុល​ជារិទ្ធ ក្នុង​ទម្ងន់ ៦០ គីឡូក្រាម ហើយ​គូ​ឯក​កីឡាករ​ឈិន ក្វាន់ង៉ុយ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ប៉ះ ប្រកួត​ជាមួយ​កីឡាករ​ជឹម ចិត្ត្រា ក្នុង​ទម្ងន់ ៦៥ គីឡូក្រាម៕