ភ្នំពេញ៖ ​កីឡាករ​ប្រដាល់​ជម្រើស​ជាតិ​កម្ពុជា​ចំនួន ​៦ នាក់ ​បាន​ចាកចេញ​ពី​មាតុភូមិ​កម្ពុជា ​ឆ្ពោះ​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ប្រទេស ​ថៃ​ ចាប់​ពី​ថ្ងៃទី ៥​ ដល់​ថ្ងៃ​ទី ២៧ ខែ ​វិច្ឆិកា​ ឆ្នាំ ​២០១៩​ ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​៣០ ​នៅ​ប្រទេស ​ហ្វីលីពីន​ នា​​ថ្ងៃទី ​៣០ ​ខែ​វិច្ឆិកា​ ដល់​ថ្ងៃទី ​១១ ​​ខែ ធ្នូ ​ឆ្នាំ ​២០១៩​។​

ការ​បញ្ជូន​អត្តពលិក​ទាំង ​៦ ​នាក់ ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ថៃ​នេះ វា​ជា​បេសកកម្ម​មួយ​បន្ថែម​ទៀត​ បន្ទាប់​ពី​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ​បាន​បញ្ជូន​កីឡាករ កីឡាការិនី​ចំនួន​ ៣ នាក់ ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​កន្លង​មក​នេះ ដោយ​ក្នុង​នោះ​មាន​ កីឡាករ​ ណាត​ សៀកនិន​ ហៅ ពេជ្រ ម្ទេសខ្មាំង​ ព្រម​ទាំង​កីឡាការិនី ​វី ស្រីខួច​ និង​កីឡាការិនី ​នូវ ស្រីពៅ​ ដែល​អ្នក​ទាំង​នេះ ​សុទ្ធ​តែ​បេក្ខភាព​ត្រៀម​ប្រកួត​​ស៊ីហ្គេម​នៅ​ហ្វីលីពីន​ដូច​គ្នា​។​

លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍ ​កាល​ពី​ព្រឹក​អង្គារ​​ថា​​៖ ​«អត្តពលិក​ ដែល​ត្រៀម​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​ក្រៅ​ស្រុក ​គឺ​ជា​បទពិសោធ​ល្អ ​ដែល​ទទួល​បាន​បច្ចេកទេស​ថ្មីៗ​ សម្រាប់​សន្សំ​បាន​កម្រិត​បច្ចេកទេស​កើន​ឡើង​បន្ថែម​ទៀត»​។

ចំពោះ​អត្តពលិក​​ទាំង​ ​៦ ​នាក់ ដែល​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ប្រទេស ​ថៃ រយៈពលេ ​២២ ​ថ្ងៃ​នេះ ​រួម​​មាន​​កីឡាករ​ សៅ ​រង្សី ​ទម្ងន់ ៤៩ គីឡូក្រាម​ កីឡាករ បាំង ​ណុន ​ទម្ងន់ ៥២ ​គីឡូក្រាម ​​កីឡាករ ស៊ឹម វិសិដ្ឋ ​ទម្ងន់ ៦០ ​គីឡូក្រាម​ កីឡាករ យ៉ុន ដារ័ត្ន ​ទម្ងន់ ​៦៤ គីឡូក្រាម​ ​​កីឡាករ ស៊ីវ សុងម៉េង​ ទម្ងន់ ​៨១ ​គីឡូក្រាម​ និង​កីឡាករ ​វី សុភ័ស្ស​។​

លោក​ ប៊ុយ​ សុភ័ណ្ឌ​ បាន​បញ្ជាក់​​ថា​៖ ​«ការ​ចេញ​ទៅ​បោះ​ជំរំនៅ​ប្រទេស ​ថៃ ​នេះ គឺ​ក្រុម​អត្តពលិក​របស់​យើង នឹង​ធ្វើ​ការ​ហ្វឹកហាត់​រួមគ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​មក​ពី​ប្រទេស ​វៀតណាម ​និង​ថៃ ​ដើម្បី​ពង្រឹង​សមត្ថភាព​ និង​​ត្រៀម​ចូលរួម​ការ​ប្រកួត​ក្នុង​​ស៊ីហ្គេម​នៅ​ប្រទេស ​ហ្វីលីពីន ចុង​ឆ្នាំ ​២០១៩ នេះ ​ដូច​គ្នា»​។​

ចំណែក​លោក​សាស្ត្រាចារ្យ​វេជ្ជ​បណ្ឌិត​ ឆឹង​ យ៉ៅ​យ៉េន ​ប្រធាន​ប្រដាល់​សហព័ន្ធ​កីឡា​ប្រដាល់​​សកល​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា​៖ ​​«​ក្នុង​​ឆ្នាំ ​២០១៩ ​នេះ​ សហព័ន្ធ​បាន​​ស្វះស្វែង​រក​ដៃ​គូ​សហប្រតិបត្តការ​ ក្នុង​ការ​បញ្ជូន​អត្តពលិក​ឲ្យ​ចេញ​ទៅ​ហ្វឹកហាត់​ និង​ប្រកួត​​បាន​ច្រើន ​ដើម្បី​ពង្រឹង​សមត្ថភាព​អត្តពលិក​យើង​ឲ្យ​​បាន​ល្អ​»។

លោក​បាន​បន្ថែម​ថា៖ ​«ការ​ខិតខំ​ប្រឹងប្រែង​របស់​សហព័ន្ធ​ ពិសេស​លោក​អគ្គលេខាធិការ ប៊ុយ ​សុភ័ណ្ឌ​ នៅ​លើ​ឆាក​អន្តរជាតិ ​បាន​ធ្វើ​ឲ្យ​សកម្មភាព​ប្រដាល់​សកល​មាន​សកម្មភាព​ច្រើន​នៅ​លើ​អន្តរជាតិ​ ហើយ​ជាមួយ​គ្នា​នេះ ​ក្តី​រំពឹង​របស់​យើង​ក្នុង​ព្រឹត្តិការណ៍​​ស៊ី​ហ្គេម ​ឆ្នាំ ​២០១៩ ​នេះ​នៅ​ហ្វីលីពីន ​គឺ​នឹង​ទទួល​បាន​លទ្ធផល​ល្អ ​មិន​ឲ្យ​​ខក​បំណង​នោះ​ឡើយ»​​។​

លោក ​ជ័យ ​តារា ​គ្រូ​ជំនួយ​ក្រុម​​ជម្រើស​ជាតិ​ដែល​ដឹកនាំ​ក្រុម​អត្តពលិក​ចេញ​​ទៅ​ឲ្យ​​​ដឹង​ថា៖ ​«យើង​បាន​ចាកចេញ​ពី​ព្រលឹម ​ថ្ងៃទី ​៥ ​ខែ​វិច្ឆិកា​ ​តាម​រថយន្ត​ក្រុង​ឆ្ពោះ​ទៅ​ប្រទេស​ ​ថៃ ​ហើយ​កម្មវិធី​ហ្វឹកហាត់​ និង​ប្រកួត​ដក​ស្រង់​បច្ចេកទេស​ គឺ​រួម​គ្នា​រយៈពេល​ជាង ​២០ ​ថ្ងៃ ​ទើប​​ត្រឡប់​មក​វិញ»​៕​