ភ្នំពេញៈ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន និងលោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្តេជ្ញាសហការគ្នា ធ្វើកំណែទម្រង់ ដឹកនាំការប្រកួតឲ្យបានល្អ ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ ២០១៨ ដែលតាមការគ្រោងទុកនឹងប្រកួតចាប់ពីថ្ងៃទី ៣០ ខែ ឧសភា នេះ ដល់ថ្ងៃទី ៤ ខែមិថុនា នៅពហុកីឡដ្ឋានមរតកតេជោ។
លោកតែម ម៉ឺន បានថ្លែង ក្នុងកិច្ចប្រជុំបច្ចេកទេសផ្គូផ្គងចាប់គូប្រកួត ជាមួយប្រធានប្រតិភូតំណាងឲ្យខេត្ត-រាជធានី កាលពីព្រឹកថ្ងៃអង្គារថា៖ «ការចាប់គូ,ថ្លឹងទម្ងន់,ពិនិត្យសុខភាព និងបច្ចេកទេសកាត់សេចក្តីពេលប្រកួត គឺត្រូវធ្វើដោយតម្លាភាពយុត្តិធម៌ ហើយកំណែរទម្រង់នេះ ដើម្បីកីឡាជាតិទាំងមូល ឆ្ពោះទៅការរៀបចំស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ»។
លោក តែម ម៉ឺន បន្ថែមថា ការប្រកួតកីឡាជាតិ លើកទី២នេះ កីឡាគុនខ្មែរមានប្រតិភូចូលរួម ១៤ ស្ថាប័ន មកពីខេត្ត និងរាជ-ធានីចំនួន ១២ រួមទាំងក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដោយមានកីឡាករសរុប ៩១ នាក់ គណៈកម្មការ ៤០ នាក់ ប្រតិភូ និងគ្រូបង្វឹក ២៨ នាក់។ រីឯការប្រកួតមាន ៨ ប្រភេទទម្ងន់គឺ ៤៩,៥១, ៥៤, ៥៧, ៦០, ៦៣, ៦៧ និង ៧១ គ.ក្រ។
លោក តែម ម៉ឺន បានបញ្ជាក់ថា៖ «ទោះបីជាសហព័ន្ធកីឡាប្រដាល់សកល និងគុនខ្មែរ នៅដាច់ពីគ្នា ប៉ុន្តែយើងនៅតែសហការគ្នា ក្នុងការរៀបចំការប្រកួតឲ្យបានល្អ ព្រោះមន្ត្រីបច្ចេកទេសទាំងនេះ ក៏ធ្លាប់នៅធ្វើការរួមជាមួយគ្នាដែរ ពិសេសកីឡាករខ្លះ បានប្តូរពីប្រដាល់គុនខ្មែរ ទៅប្រដាល់សកល ក៏មានច្រើនដែរ ដោយសារតែការបែងចែកទម្ងន់ បានតែម្នាក់ ក្នុងមួយប្រភេទទម្ងន់ ហើយមានតែ ៨ ប្រភេទទម្ងន់ប៉ុណ្ណោះ»។
ចំណែកលោក ឆឹង យ៉ៅយ៉េន បានថ្លែងថា ចំពោះប្រដាល់សកល មានកីឡាករសរុប ៧០ នាក់ មកពីខេត្ត-រាជធានីចំនួន ១០ រួមទាំងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ហើយមានគណៈកម្មការបច្ចេកទេសចំនួន ៤០ នាក់ ប្រតិភូ និងគ្រូបង្វឹក ២៤ នាក់។ រីឯប្រភេទទម្ងន់ប្រកួតមាន ៨ គឺ ៤៩, ៥២, ៥៦, ៦០,៦៤, ៦៧,៧៥,និង ៨១ គីឡូក្រាម ដែល ១ ប្រភេទទម្ងន់មានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ ដូចប្រដាល់គុនខ្មែរដែរ។
ទាក់ទងទៅនឹងបទបញ្ជា និងលក្ខខ័ណ្ឌប្រកួត លោក ឆឹង យ៉ៅយ៉េន ដែលជាអនុប្រធានសហព័ន្ធកីឡាគុនខ្មែរ ទទួលបន្ទុកបច្ចេកទេសផងនោះ បាននិយាយថា៖ «ប្រតិភូដឹកនាំ អាចតវ៉ាពីលទ្ធផលប្រកួតបាន ដោយបង់ប្រាក់ចំនួន ១០ ម៉ឺនរៀលក្នុងការតវ៉ា ក្នុង ១ ករណីបន្ទាប់ពីគណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការភ្លាមៗ គឺអនុវត្តតាមច្បាប់ទាំងអស់ ហើយប្រតិភូនីមួយៗ ដែលតាមដានការប្រកួតរបស់កីឡាករខ្លូន អាចថតសកម្មភាពប្រកួតបាន ដើម្បីទុកជាឯកសារ ឬភ័ស្តុតាង»។
លោក ម៉ិល កាដូ អគ្គនាយករងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននិយាយថា៖ «សុំឲ្យប្រធានប្រតិភូនីមួយៗ មេត្តារក្សានូវ មិត្តភាព សាមគ្គីភាព យោគយល់គ្នា ក្នុងគ្រួសារកីឡាប្រដាល់ ហើយបើមានករណីណា មិនសមរម្យមិនពេញចិត្តយ៉ាងណានោះ គឺសុំឲ្យមានការតវ៉ា តាមឋានានុក្រម មិនត្រូវរំលងទេ គឺគណៈកម្មការ និងដោះស្រាយជូនទៅតាមច្បាប់។ ចំពោះករណីកីឡាករ បានចុះឈ្មោះចូលរួមប្រកួតហើយ តែអវត្តមាន ដោយគ្មានមូលហេតុនោះ សាមីខ្លួន គ្រូបង្វឹក ព្រមទាំងក្លិប ឬសមាគម ជាប្រតិភូនោះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់»។
បន្ថែមលើនេះ លោក តែម ម៉ឺន បានសង្កត់ធ្ងន់ថា៖ «ចំពោះកីឡាករ ឬមន្ត្រីបច្ចេកទេសដែលអវត្តមាន ក្នុងការប្រកួតថ្នាក់ជាតិដ៏ធំនេះ សហព័ន្ធ នឹងមានវិធានការដាក់ពិន័យឲ្យបានសមរម្យ តាមការស្នើសុំរបស់សមាគម ឬប្រតិភូ ដែលបានស្នើសុំ ដើម្បីកុំឲ្យពួកគេរួចខ្លួនហើយទៅប្រកួតនៅសង្វៀនឯកជនបាន»។
ទោះបីយ៉ាងណាសម្រាប់ការចាប់គូថ្លឹងទម្ងន់ នៅថ្ងៃដំបូង កាលពីម្សិលមិញ មានប្រតិកម្មពីអ្នកស្រី ឡុង រ៉ាវី ប្រធានក្លិបខ្លារខិនមានរិទ្ធ ប្តឹងជំទាស់ចំពោះវត្តមានកីឡាករ ធូ សេងថៃ ដែលធ្លាប់នៅក្នុងក្លិបរបស់អ្នកស្រី ហើយត្រូវបានឃើញទៅចុះឈ្មោះប្រកួតឲ្យរាជធានីភ្នំពេញ ដោយដូឈ្មោះទៅជាកីឡាករ ពេញ វិច្ឆិកា ប្រកួតសកល។ អ្នកស្រី ឡុង រ៉ាវី បានបង្ហាញឯកសារ មានសៀវភៅប្រកួតរបស់កីឡាករនេះ ដោយមានចុះហត្ថលេខាលោក តែម ម៉ឺន កាលពីនៅជាមួយគាត់។
លោក ម៉ិល កាដូ ដែលជាមន្ត្រីជាន់ខ្ពស់ទទួលផ្នែកប្រដាល់នេះ បានបិទទូរស័ព្ទភ្លាមគេចពីការទទួលខុសត្រូវ ខណៈដែលភ្នំពេញ ប៉ុស្តិ៍បានសួរពីបញ្ហាកីឡាករប្តូរ ឈ្មោះ និងប្តូរក្លិបមិនគោរពច្បាប់ ដូចករណីកីឡាករ ពេញ វិច្ឆិកា នេះ ដោយលោកបញ្ជាក់ថា «សូមកុំឡូកឡំនឹងការប្រកួតថ្នាក់ជាតិ ជាមួយសហព័ន្ធ ហើយទូរស័ព្ទក៏ត្រូវផ្តាច់»។
តាមរូបមន្តប្រកួត គឺមន្ត្រីបច្ចេកទេសបានចាប់គូរួចហើយ ក្នុងនោះឲ្យកីឡាករ ពេញ វិច្ឆិកា នេះប្រកួតជាមួយកីឡាករ ឌុល មូសា ក្នុងទម្ងន់ ៧៥ គីឡូក្រាម ផ្នែកប្រដាល់សកលហើយអ្នកស្រី ឡុង រ៉ាវី កំពុងស្វែងរកដាក់ពាក្យប្តឹងទៅថ្នាក់លើបន្ត ដើម្បីស្វែងរកយុត្តិធម៌ជូនគាត់៕