ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ​ដែល​ធ្លាក់​ចុះ​នូវ​ជយលាភី​មេដាយ​នៅ​​ស៊ីហ្គេម​ ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​លោក​អគ្គលេខាធិការ​សហព័ន្ធ​ថ្មី លោក ប៊ុយ សុភ័ណ្ឌ ​ដែល​មាន​ជំនាញ​ច្បាប់​កីឡា​នៅ​តែ​ចិញ្ចឹម​ចិត្ត​ដាក់​គោលដៅ ​និង​មាន​យុទ្ធសាស្ត្រ​​ស្វែងរក​ការ​ហ្វឹកហាត់​លក្ខណៈ​ទំនើប​នៅ​​ក្រៅ​ប្រទេស​ ដើម្បី​ទទួល​បាន​កម្រិត​បច្ចេកទេស​ល្អ​ មាន​ប្រៀប​ល្អ​ក្នុង​ការ​ប្រកួត​ដណ្តើម​មេដាយ​​ស៊ីហ្គេម​លើកទី​៣១ ​នៅ​ប្រទេស​វៀតណាម ​ចុង​ឆ្នាំ ​២០២១ ​នេះ​។

លោក ​ប៊ុយ​ សុភ័ណ្ឌ​ បាន​ប្រាប់​ថា​៖ «​សហព័ន្ធ​ត្រៀម​បញ្ជូន​កីឡាករ​ចំនួន ​២ ​រូប ​ដែល​មាន​គុណផល​ល្អ​ ឬ​កម្រិត​បច្ចេកទេស​​ល្អ​​ជាង​គេ​ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​លើកទី​៣១​ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម ​នា​ចុង​ឆ្នាំ​​​នេះ​ ដោយ​យើង​​នឹង​ធ្វើ​ឡើង​តាម​ការ​ហ្វឹកហាត់​ និង​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​ប្រភេទ​ទម្ងន់​ចំនួន ​៣ ​ប្រភេទ ​មាន​ទម្ងន់ ​៥២​, ៦៤ និង ​៦៩ ​គីឡូក្រាម ដើម្បី​​ជ្រើសរើស​​យក ​២ ​ប្រភេទ​ទម្ងន់ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង»។​​

លោក​​បន្ថែម​ថា​៖​ «ការ​បញ្ជូន​អត្តពលិក​ទៅ​ហ្វឹកហាត់​នៅ​​បារាំង​នេះ ​គឺ​សហព័ន្ធ​រង់ចាំ​ព័ត៌មាន​លម្អិត​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើកទី​៣២ ឆ្នាំ ​២០២៣ ​(CAMSOC) ​ដើម្បី​ពិនិត្យ​សម្រេច ​ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការ​ជួយ​ឧបត្ថម្ភ​​ក្នុង​ការ​បញ្ជូន​អត្ត​ពលិក​​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស ​ក៏​ដូច​ជា​ការ​រង់ចាំ​ព័ត៌មាន​ស្ដីពី​ការ​ចំណាយ​លម្អិត​របស់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​​សិន​ផង​ដែរ​។​ ​បើ​មាន​ភ្លើង​ខៀវ​ពី ​CAMSOC ​និង​គម្រោង​ចំណាយ​ច្បាស់​​លាស់ ​សហព័ន្ធ​នឹង​ស្វះស្វែង​រក​ការ​ឧបត្ថម្ភ​​ពី​វិស័យ​ឯកជន​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ ព្រោះ​​មាន​គុណផល​ល្អ ​គួរ​ជា​ទំនុក​ចិត្ត​ខ្ពស់»​។​

ជាមួយ​គ្នា​នេះ លោក​ ប៊ុយ សុភ័ណ្ឌ បាន​ឱ្យ​​ដឹង​ទៀត​ថា ​អត្តពលិក ​២ ​រូប ​ដែល​សហព័ន្ធ​គ្រោង​នឹង​បញ្ជូន​ទៅ​ហ្វឹកហាត់​នោះ​ គឺ​នឹង​ធ្វើ​ការ​សម្រិត​សម្រាំង​យក​តែ​កីឡាករ​ជម្រើស​ជាតិ​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ ចំណែក​កីឡាករ​ខ្មែរ-អាមេរិក​ ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ទម្ងន់​ធ្ងន់ ​អេរិក ​ភារ៉ុនប៉ែន​ ដែល​ត្រៀម​សម្រាប់​ទម្ងន់ ​៩១ ​គីឡូក្រាម និង​ជា​ក្តី​សង្ឃឹម​របស់​កម្ពុជា​ក្នុង​ការ​ឈាន​ទៅ​ដណ្តើម​បាន​មេដាយ​មាស​នោះ មិន​រាប់​បញ្ចូល​ឡើយ ​​ដោយ​សំណើរ​នេះ​ ​ធ្វើ​តាមរយៈ​ក្រសួង​អប់រំ​ និង​ ​CAMSOC​។​

លោក ​វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ​ CAMSOC ​​បាន​ប្រាប់​ថា​ លោក​ទទួល​បាន​គម្រោង​របស់​សហព័ន្ធ​កីឡា​ប្រដាល់​សកល​នេះ​ហើយ​ ដែល​​ជា​ផែនការ​យុទ្ធសាស្ត្រ​ល្អ​សម្រាប់​គោលដៅ​ប្រកួត​ប្រជែង​ យក​មេដាយ​ជូន​ជាតិ​ ប៉ុន្តែ​ក្នុង​ដំណាក់​កាល​ជំងឺ​កូវីដ ១៩ ​រាត​ត្បាត​នេះ គឺ​​អ្វីៗ​​មិន​ដូច​គម្រោង​នោះ​ឡើយ​។​

លោក​បាន​បន្ថែម​ថា​៖ «​សំណើ​នេះ​ នឹង​ដាក់​ប្រជុំ​ឆ្លង​គណៈ​អចិន្រៃ្តយ៍​នៅ​ដើម​សប្តាហ៍​នេះ​ ​ទើប ​CAMSOC​ នឹង​ឆ្លើយ​តប​បាន​។ ជាមួយ​គ្នា​នេះ ​ប្រដាល់​សកល​នឹង​ចូលរួម​ប្រកួត​នៅ​ស៊ីហ្គេម​ច្រើន​ប្រភេទ​ទម្ងន់ អ៊ីចឹង​វា​ជា​ឱកាស​ដែល​សហព័ន្ធ​ត្រូវ​ប្រឹងប្រែង​ដណ្តើម​មេដាយ​ឱ្យ​​បាន​ ដោយ​ក្នុង​នោះ​ផ្នែក​បុរស​មាន​ទម្ងន់ ​៤៩,​ ៥២, ៥៧, ៦៤, ៦៩, ៧៥, ​៨១ និង ​៩១ ​គីឡូក្រាម​ ​ចំណែក​ផ្នែក​នារី​មាន​ទម្ងន់ ​៥១​, ៥៧, ​៦៤, ៦៩​ និង ​៧៥ ​គីឡូក្រាម​ ​តែ​​លំបាក​រក​កីឡាការិនី»​។​

គួរ​រំឭក​ថា មេដាយ​ធំ​បំផុត​ដែល​ក្រុម​ប្រដាល់​សកល​កម្ពុជា ធ្លាប់​ដណ្តើម​បាន​នៅ​ស៊ីហ្គេម គឺ​មេដាយ​ប្រាក់​ដែល​លើក​ទី​១ ​រក​បាន​ដោយ​កីឡាករ ផល សុផាត កាល​ឆ្នាំ ​២០០៩ និង​កីឡាករ វ៉ែន រដ្ឋា កាល​ឆ្នាំ ​២០១៥ ប៉ុន្តែ​ក្រោយ​ពេល​ប្រដាល់​សកល​ផ្តាច់​ខ្លួន​ចេញ​ពី​ប្រដាល់​គុន​ខ្មែរ ក្រោម​ការ​ដឹកនាំ​របស់​លោក ឆឹង​ ​យ៉ៅយ៉េន ជា​ប្រធានសហព័ន្ធ​នោះ គឺ​រក​មេដាយ​មិន​បាន​ល្អ​ដូច​មុនៗ​ឡើយ​។ ​

ចំពោះ​បញ្ហា​នេះ លោក​ ប៊ុយ​ សុភ័ណ្ឌ​ បញ្ជាក់​​ថា៖​ «​កីឡាករ​ល្អ ​និង​ជើង​ចាស់​មួយ​ចំនួន​បាន​​លាឈប់​ដោយ​ខ្លួន​ឯង ​ចំណែក​​កីឡាការិនី​ឆ្នើម​មួយ​ចំនួន​បាន​​ចាក​ចេញ​ ដោយ​គេ​ផ្តល់​ផលប្រយោជន៍​បន្ថែម​ខ្លះ ដើម្បី​ទៅ​​លេង​ឱ្យ​​សហព័ន្ធ​ផ្សេង ​ប៉ុន្តែ​យើង​គ្មាន​សិទ្ធិ​ហាម​ឃាត់​គេ​ទេ ព្រោះ​​វា​ជា​សេរីភាព​របស់​បុគ្គល​ផ្ទាល់​ខ្លួន​។​ ទោះ​យ៉ាងណា ស៊ីហ្គេម​លើក​នេះ យើង​នឹង​ប្រកួត​​ប្រជែង​យក​មេដាយ​ឱ្យ​​បាន​ល្អ​»​៕