ភ្នំពេញៈ ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ចៅក្រម​អាជ្ញា​កណ្តាល​ប្រចាំ ២០១៨ រយៈពេល ៣ ថ្ងៃ ដោយ​បាន​ចាប់​ផ្តើម នៅ​ទីស្នាក់ការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាល​ពី​ថ្ងៃ​ពុធ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី ២៨ ខែធ្នូ ដោយ​មាន​ចៅក្រម​អាជ្ញា​កណ្តាល ៤០ នាក់​ចូលរួម ហើយ​វគ្គ​នេះ​ជា​ផែនការ​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ ដោយ​ចំណាយ ៣៥ ភាគរយ នៅ​ក្នុង​គម្រោង​ចំណាយ​សរុប​ប្រចាំ ឆ្នាំ ២០១៨ នៃ​កញ្ចប់​ថវិកា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

លោក ប៊ុ​យ សោ​ភ័​ណ្ឌ មន្ត្រី NOCC និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​ចំណោម​គ្រូ​ប្រដាល់​សកល​ចំនួន ៤០ នាក់​នោះ មាន​មក​ពី​បណ្តា​ក្លិប​ជាច្រើន នៅ​រាជធានី​ភ្នំពេញ និង​មក​ពី​ខេត្ត​បាត់ដំបង និង​បន្ទាយ​មានជ័យ ខណៈ​ដែល​ចៅក្រម​អាជ្ញា​កណ្តាល​មួយ​ចំនួន មាន​ការ​ងារ​ជា​ចៅក្រម អាជ្ញា​កណ្តាល​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ដែល​មាន​ការ​ប្រកួត​នៅ​តាម​សង្វៀន​ប្រដាល់​របស់​ស្ថានីយ​ទូរទស្សន៍​ឯកជន រៀង​រាល់​ចុង​សប្តាហ៍។

លោក​បន្តថា៖ «សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា មិនអាច​ផ្តាច់ចេញ​បាន​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​នោះ​ទេ ដោយសារ​តែ​ទីផ្សារ​ប្រកួត​របស់​ប្រដាល់​សកល នៅ​មិន​ទាន់​មាន​ព្រឹត្តិការណ៍​ប្រកួត​ជា​លក្ខណៈ​ឯក​ជន​ច្រើន​នៅ​ឡើយ​ទេ គឺ​យើង​មាន​តែ​ប្រកួត​ជម្រើស​ជើង​ឯក​ជាតិ​ប្រចាំ​ឆ្នាំ​តែ​ប៉ុណ្ណោះ»។

ជាមួយនឹង​ការបើក​វគ្គប​ណ្តុះបណ្តាល​ចៅក្រម​អាជ្ញាកណ្តាល ប្រចាំ​ឆ្នាំ ២០១៨ នេះ សហព័ន្ធ គ្រោង​នឹង​ជ្រើសរើស​ចៅក្រម​អាជ្ញា​កណ្តាល​វ័យ​ក្មេង ៥ នាក់ ដែល​មាន​សមត្ថភាព​ប្រឡង​ធ្វើ​តេស​ជាប់​ក្នុង​ស្រុក និង​មាន​ចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស​ផង សម្រាប់​ចេញ​ទៅ​រៀន​វគ្គ​កម្រិត​អន្តរជាតិ​នៅ​បរទេស ដើម្បី​ឲ្យ​កម្ពុជា​មាន​ចៅក្រម​អាជ្ញា​កណ្តាល​កម្រិត​អន្តរជាតិ ព្រោះ​គិត​មក​ត្រឹម​បច្ចុប្បន្ន យើង​មិន​ទាន់​មាន​នៅ​ឡើយ។

នៅពេល​សួរនាំ​ពី​សកម្មភាព​នៃ​ការដឹកនាំ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ដែល​មាន​លោក ឆឹង យ៉ៅ​យ៉េន ជា​ប្រធាន គឺ​ហាក់​ដូចជា​ស្ងាត់ ហើយ​មិន​សូវ​មាន​ព្រឹត្តិការណ៍​ប្រកួត​ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​នោះ លោក ប៊ុយ សោភ័ណ្ឌ បាន​បក​ស្រាយ​ថា៖ «តាម​ពិត​ប្រភេទ​កីឡា​អ្វី​ក៏ដោយ បើ​ពឹង​ទៅ​លើ​កម្មវិធី​ប្រកួត​ដែល​ក្រសួង​ផ្តល់​ជូន គឺ​មាន​តិច ហើយ​អ្វី​ដែល​ប្រព្រឹត្ត​ទៅ​មាន​ការ​ប្រកួត​ច្រើន​បាន គឺ​អាស្រ័យ​លើ​វិស័យ​ឯកជន​បន្ថែម​ទៀត»។

លោក​បាន​បន្ថែមថា៖ «ប៉ុន្តែ​វិស័យ​ឯកជន​មួយរយៈ​នេះ គេ​និយម​ទៅលើ​តែ​ប្រដាល់​គុន​ខ្មែរ​ហេតុ​នេះ​យើង​ខាង​សកល មាន​ការ​លំបាក​ណាស់។ ជាមួយ​គ្នា​នេះ​នៅ​ក្នុង​កម្មវិធី​ប្រកួត​នានា​របស់​អន្តរជាតិ​មួយ​ចំនួន គេ​តម្រូវ​ទៅ​លើ​ចំណាត់​ថ្នាក់ ឬ Ranking ដែល​មាន​ឯកសារ​នៅ​សហព័ន្ធ​អន្តរជាតិ ដែល​គ្មាន​នរណា​បន្លំ​បាន​ទេ»។

គួររំឭកថា បច្ចុប្បន្ន​ទីផ្សារ ឬ​ព្រឹត្តិការណ៍​ប្រកួត​របស់​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា កំពុង​ធ្លាក់​ចុះ​សឹង​តែ​គ្មាន ដោយ​សារ​តែ​ម្ចាស់​សង្វៀន​នៅ​តាម​ស្ថានីយ​ឯកជន មិន​ទទួល​យក​ឲ្យ​ប្រកួត​ទេ ខណៈ​ដែល​កាល​ពី​ឆ្នាំ​មុន មាន​សង្វៀន​ខ្លះ ដូចជា​បាយ័ន និង​អាស៊ី​អាគ្នេយ៍ ផ្តល់​ឲ្យ ១ សប្តាហ៍ ១ គូ ប៉ុន្តែ​ក្នុង​ឆ្នាំ ២០១៨ នេះ​គឺ​ត្រូវ​ស្ងាត់​ឈឹង។

យ៉ាងណាក៏ដោយ តាម​ការអះអាង​ពី​លោក ប៊ុ​យ សោ​ភ័​ណ្ឌ គឺ​នៅ​ឆ្នាំ ២០១៩ ខាង​មុខ​នេះ ប្រដាល់​សកល នឹង​មាន​ការ​ប្រមូល​ផ្តុំ​ក្រុម​ជម្រើស​ជាតិ​ថ្នាក់​ថ្នាល ៨ នាក់ និង​ក្រុម​ធំ ៦ នាក់ ដូច​បណ្តា​ឆ្នាំ​កន្លង​មក​ដែរ៕