ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងលើកយកការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០២០ មកធ្វើនៅថ្ងៃ ១៨ ដល់ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២១ នៅសាលទីលានហ្វឹកហាត់ក្រុមជម្រើសជាតិក្នុងពហុកីឡដ្ឋានជាតិ ហើយជាមួយនឹងទស្សនវិស័យកំណែទម្រង់ និងធ្វើការប្រកួតដាច់ដោយឡែកពីប្រដាល់គុនខ្មែរនេះ សហព័ន្ធបានកំណត់សម្រួចជ្រើសរើសយកអត្តពលិកឆ្នើមចំនួន ១៦ នាក់ ចេញពីប្រភេទទម្ងន់ចំនួន ៧ ដើម្បីត្រៀមការប្រកួតស៊ីហ្គេម ព្រមទាំងដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួន ៦ ចំណុច។
អគ្គលេខាធិកាសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានប្រាប់ថា៖ «ការប្រកួតថ្នាក់ជាតិឆ្នាំ ២០២០ នេះ គឺបានពន្យារពេលដូចគ្នាទៅនឹងសហព័ន្ធកីឡាផ្សេងទៀតដែរ ដោយសារបញ្ហាវិបត្តិកូវីដ ១៩ ហើយមកដល់ពេលនេះ យើងទទួលបានអ្នកចូលរួមសរុប ៥៧ នាក់ (ស្រី ៧ នាក់) មកពីខេត្ត រាជធានីភ្នំពេញ និងក្រសួងចំនួន ១០ ហើយពួកគេត្រូវប្រកួតលើប្រភេទចំនួន ៧ គឺ ៤៩, ៥២, ៥៤, ៥៦, ៦៩ និងទម្ងន់ ៧៥ គីឡូក្រាម ចំណែកកីឡាការិនីមានតែ ១ ប្រភេទទេ គឺទម្ងន់ ៥៤ គីឡូក្រាម»។
លោកបានបន្តថា៖ «ជាមួយគ្នានេះ គោលដៅសំខាន់ក្នុងកំណែទម្រង់ជាយុទ្ធសាស្ត្ររបស់សហព័ន្ធ គឺតាមរយៈការប្រកួតថ្នាក់ជាតិ លើកនេះ យើងនឹងធ្វើការជ្រើសរើសយកអត្តពលិកឆ្នើមៗចំនួន ១៦ នាក់ មិនគិតពីថ្នាល ឬឈុតធំទេ ដើម្បីស្វែងរកការហ្វឹកហាត់នៅក្រៅប្រទេស គឺបង្វឹកសម្រាប់ត្រៀមការប្រកួតស៊ីហ្គេមនៅវៀតណាម ចុងឆ្នាំ ២០២១ នេះ និងសម្រាប់ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ជាផ្ទះ»។
ទាក់ទងទៅនឹងគោលដៅសំខាន់ និងទស្សនវិស័យ ដើម្បីឱ្យប្រដាល់សកលទទួលបានលទ្ធផលល្អតាមផែនការកំណត់ គឺយ៉ាងហោចដណ្តើមឱ្យបានមេដាយមាស ១ ក្នុងស៊ីហ្គេមនោះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាមានយុទ្ធសាស្ត្របើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិ និងស្វែងរកការប្រកួតឱ្យបានច្រើនលើឆាកអន្តរជាតិ ព្រមទាំងមានយុទ្ធសាស្រ្តសំខាន់ៗមួយចំនួនទៀត ដែលត្រូវអនុវត្តនៅឆ្នាំ ២០២១ នេះផងដែរ។
លោក សុភ័ណ្ឌ បានបញ្ជាក់ថា៖ «យុទ្ធសាស្ត្រសំខាន់ៗរបស់សហព័ន្ធក្នុងឆ្នាំ ២០២១ នេះ ទី១ កំណែទម្រង់លើបច្ចេកទេសនៃការបង្វឹក ទី២ កំណែទម្រង់លើការជ្រើសរើសក្រុមជម្រើសជាតិ គឺផ្តោតទៅលើសមត្ថភាពជាក់ស្តែងនៃការហាត់ និងគោរពវិន័យ ទី៣ បណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិ»។
អ្នកជំនាញកីឡាវ័យក្មេងរូបនេះ បន្ថែមថា៖ «ចំណែកទី៤ ការរៀបចំការប្រកួតផ្ទាល់របស់សហព័ន្ធ ដូចជាប្រកួតធ្វើតេស្តប្រចាំសប្តាហ៍ ជាដើម ទី៥ ការត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ក្រុមជម្រើសជាតិពីគុណភាព សមត្ថភាព និងកម្រិតបច្ចេកទេស ហើយទី៦ ស្វែងរកឱកាសប្រកួតអន្តរជាតិឱ្យបានច្រើន ដើម្បីឱ្យអត្តពលិកទទួលបានបទពិសោធច្រើន»។
គួរបញ្ជាក់ថា ប្រតិភូកីឡាដែលបានចូលរួមការប្រកួតថ្នាក់ជាតិលើកនេះ គឺក្រសួងមហាផ្ទៃមាន ១០ នាក់ រាជធានីភ្នំពេញ ៨ នាក់ ខេត្តកំពត ៦ នាក់ ខេត្តកណ្តាល ១០ នាក់ ខេត្តរតនគីរី ៩ នាក់ ខេត្តស្វាយរៀង ៤ នាក់ ខេត្តព្រៃវែង ៧ នាក់ ក្រសួងការពារជាតិ ៩ នាក់ ខេត្តមណ្ឌលគិរី និងក្រសួងហិរញ្ញវត្ថុ អាចនឹងប្រែប្រួលចំនួន។ ទោះជាយ៉ាងណាក្តី ចំពោះប្រតិភូកីឡា ដែលអាចប្រកួតប្រជែងលំដាប់ជួរមុខ គឺមានម្ចាស់ជយលាភីចាស់ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួងការពារជាតិ និងរាជធានីភ្នំពេញ៕