ភ្នំពេញៈ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​បើក​សិក្ខាសាលា ស្តីពី​ការ «លើក​កម្ពស់​ក្រម​សីលធម៌» មាន​រយៈ​ពេល ៥ ថ្ងៃ គឺ​ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ១០ ខែ​កញ្ញា ដើម្បី​ពង្រឹង​សមត្ថភាព​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស ក្រោម​ឱវាទ កាល​ពី​ព្រឹក​ម្សិល​មិញ នៅ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ,លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា និង​លោក ម៉ិល កាដូ អគ្គ​លេខា​ធិការ​សហព័ន្ធ​និង​ជា​អគ្គនាយក​រង​កីឡា បាន​ឡើង​ធ្វើជា​វាគ្មិន ខណៈ​ដែល​មន្ត្រី ចៅក្រម អាជ្ញា​កណ្តាល និង​មន្ត្រី​បច្ចេកទេស​ចំណុះ​ឲ្យ​សហព័ន្ធ​ទាំង ២ ត្រូវ​បាន​អនុញ្ញាត​ឲ្យ ចូល​រួម​ជាង ១០០ នាក់។

លោក ម៉ិ​ល កាដូ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «នេះ​ជាវ​គ្គមួយ​ក្នុងចំណោម​វគ្គ​ចំនួន ៥ ប្រចាំ​ឆ្នាំ ២០១៨ ដែល​គាំទ្រ​ថវិកា​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ក្នុង​នោះ​មាន វគ្គ​បណ្តុះ​បណ្តាល​សមត្ថភាព​គ្រូបង្វឹក មាន​ចំនួន ២ លើក វគ្គ​សិក្ខា​សាលា​ចំនួន ២ លើក និង​វគ្គ​ផ្សព្វផ្សាយ​ចំនួន ១ លើក។ ចំណែក​វគ្គ​នេះ មាន​សិក្ខាកាម ១២៦ នាក់ ដែល​ជា​គ្រូបង្វឹក ព្រមទាំង​អាជ្ញា​កណ្តាល ចៅក្រម មក​ពី​សមាគម និង​ក្លិប​ទាំង​អស់ គឺ​ភាគ​ច្រើន​បំផុត​នៅ​រាជធានី​ភ្នំពេញ»។

លោក តែម ម៉ឺន ឧទ្ទេសនាម​ជូន​សិក្ខាកាម នូវ​ក្រមសីលធម៌​របស់​កីឡាករ តួនាទី​របស់​កីឡាករ​ត្រូវ​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​គណៈ​កម្មការ​ប្រកួត ដោយ​មិន​សម្តែង​អាការៈ​មិន​សមរម្យ​ដាក់​ទស្សនិក​ជន ក្រោយ​ប្រកាស​លទ្ធផល។ ជាមួយ​គ្នា​នេះ​កីឡាករ​ត្រូវ​យល់​ពី​កាតព្វ​កិច្ច​របស់​ខ្លួន គឺ​ខំ​ថែទាំ​សុខភាព ហ្វឹកហាត់ តាម​កាល​វិភាគ ដែល​គ្រូ​ដាក់​ជូន និង​ឡើង​ប្រកួត​អស់​ពី​សមត្ថភាព ចៀស​វាង​ការ​ធ្វើ​ខុស​ពី​ច្បាប់។

លោក តែម ម៉ឺន បានបញ្ជាក់​ប្រាប់ថា៖ «មន្ត្រី គ្រូបង្វឹក ដែលជា​គណៈកម្មការ មាន​ចៅក្រម អាជ្ញា​កណ្តាល ក្នុង​សហព័ន្ធ​ប្រដាល់​ទាំង​អស់ គឺជា​មន្ត្រី​ស័គ្រចិត្ត បម្រើ​ការងារ​ទៅ​តាម​ជំនាញ ទទួល​តម្លៃ​ពលកម្ម​តាម​ការ​ព្រម​ព្រៀង​គ្នា គឺ​គ្មាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​រាជការ​ទេ។ ហេតុ​នេះ​អ្នក​ណា​ពេញ​ចិត្ត​ធ្វើការ​បាន​សូម​អញ្ជើញ​ធ្វើ ចំណែក​អ្នក​ណា​មិន​ពេញ​ចិត្ត​ក៏​ស្រេច​តែ​ចិត្ត គឺ​គ្មាន​បង្ខិត​បង្ខំ​នោះ​ឡើយ»។

ចំណែក​លោក ឆឹង យៅ​យ៉េន បង្រៀន​អំពី​ការងារ​គ្រប់គ្រង​កីឡាករ ការអប់រំ​ផ្នែក​សុខភាព​របស់​កីឡាករ ដោយ​មើល​ខុស​ត្រូវ​ទាំង​មុន​ប្រកួត ពេល​ប្រកួត និង​ក្រោយ​ប្រកួត ព្រម​ទាំង​តាម​ដាន​សុខភាព គឺ​មិន​អនុញ្ញាត​ឲ្យ​កីឡាករ​ឡើង​ប្រកួត​ទាំង​ឈឺ ដោយ​សារ​ចង់​បាន​លុយ​នោះ​ឡើយ។

លោក ឆឹង យ៉ៅ​យ៉េន ក៏បាន​រំឭក​ពី​ការប្រើប្រាស់​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​គប្បី​ត្រូវ​គោរព​សិទ្ធិ​គេ​ដទៃ​ផង ព្រោះ​កន្លង​មក​ក្នុង​ពិភព​ប្រដាល់​របស់​យើង ចេះ​តែ​មាន​ការ​ទម្លាយ​ព័ត៌មាន​ខុស​ពី​ការ​ពិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន និង​ថ្នាក់​ដឹកនាំ​យើង​មួយ​ចំនួន។

លោក​បាន​បន្ថែមថា៖ «ជាការពិត​ណាស់​គ្រប់​សហព័ន្ធ សមាគម ក្លិប កើតឡើង​ដោយ​មាន​ការ​ចូល​រួម​របស់​អ្នក​ស្ម័គ្រ​ចិត្ត ហេតុ​នេះ​អ្នក​ស្ម័គ្រ​ចិត្ត ជា​ធាតុ​មួយ​យ៉ាង​សំខាន់។ កន្លង​មក យើង​ធ្លាប់ ប្រើ ពាក្យ​ថា «អ្នក​ស្ម័គ្រ​ចិត្ត» ប៉ុន្តែ​វត្ថុ​បំណង និយម​ន័យ តួនាទី​ភារកិច្ច​កាតព្វ​កិច្ច​របស់​អ្នក​ស្ម័គ្រ​ចិត្ត​យើង ពុំទាន់​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ ជា​ពិសេស​គឺ​ក្រម​សីលធម៌​នេះ​តែ​ម្តង។ អ៊ីចឹង​សម្រាប់​សិក្ខា​សាលា​ពេល​នេះ យើង​មាន​ឳ​កាស​ស្វែង​រក​ឲ្យ​ឃើញ​នូវ ចំណុច​ខ្វះខាត ជា​ពិសេស គឺ ក្រម​សីល​ធម៌ នៃ​ការ​អនុវត្ត​ការងារ ត្រូវ​ពង្រឹង​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់»៕