ភ្នំពេញៈ ថ្នាក់ដឹកនាំមកកីឡាសាកលវិទ្យាល័យអាស៊ាន តំណាងឲ្យប្រទេសក្នុងតំបន់អាស៊ានចំនួន ៨ បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ានលើកទី ២៤ (24th AUSC Meeting) ដែលត្រូវបានធ្វើឡើងនៅកម្ពុជាជាលើកដំបូងនៅសណ្ឋាគារ Green Palace កាលពីថ្ងៃអង្គារ។
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅទៅដល់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន និងប្រធានប្រតិភូតំណាងមកពីប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងម្ចាស់ផ្ទះកម្ពុជាដែលបានចូលរួមក្នុងពិធីបើកកិច្ចប្រជុំកាលពីព្រឹកថ្ងៃអង្គារនោះ ហើយលោកក៏បានប្រគល់ក្រមាខ្មែរ និងវត្ថុអនុស្សាវរីយ៍ដល់មន្ត្រីកីឡាតំណាងឲ្យប្រទេសទាំងនោះផងដែរ តែភាគីវៀតណាម ប្រ៊ុយណេ និងទីម័រខាងកើតមិនបានមកចូលរួមទេ។
លោក ស សុខា បានថ្លែងក្នុងពិធីបើកការប្រកួតនោះថា៖ «ថ្ងៃនេះក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមនស្សរីករាយក្រៃលេងបំផុតដែលបានចូលរួមជាអធិបតី និងបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ានលើកទី ២៤ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជាពេលនេះ»។
កូនប្រុសលោកឧបនាយករដ្ឋមន្ត្រី ស ខេង រូបនេះបានបន្ថែមថា៖ «កិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ានលើកទី ២៤ នេះគឺដើម្បីប្រជុំតាមដានក៏ដូចជាប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំជូនក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យ អាស៊ាន ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងសមាជិកនៃប្រទេសក្នុងតំបន់អាស៊ាន»។
ថ្នាក់ដឹកនាំសំខាន់ៗរបស់ AUSC សុទ្ធតែបានសម្តែងការគាំទ្រដល់កម្ពុជា សម្រាប់ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំជាលើកដំបូងនេះដោយពួកគាត់បានលើកឡើងស្រដៀងគ្នាថា កិច្ចប្រជុំនេះជាការផ្លាស់ប្តូរនូវបទពិសោធរវាងប្រទេសជាសមាជិក AUSC ទាំងអស់ ដើម្បីធ្វើឲ្យមានការរីកចម្រើនទាំងអស់គ្នា។
ក្រៅពីកិច្ចប្រជុំដែលបានធ្វើឡើងពេញមួយព្រឹកកាលពីថ្ងៃអង្គារនោះ ម្ចាស់ផ្ទះកម្ពុជាក៏បានជូនក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន និងប្រធានប្រតិភូតំណាងមកពីប្រទេសនីមួយៗទៅទស្សនាសារមន្ទីរជាតិ និងដើរកម្សាន្តនៅតំបន់សំខាន់ៗមួយចំនួនក្នុងទីក្រុងភ្នំពេញផងដែររួចបន្តដំណើរទៅចូលរួមពិសាអាហារល្ងាចជុំគ្នានៅសណ្ឋាគារសុខាមុនពេលពួកគាត់ វិលត្រឡប់ទៅមាតុប្រទេសវិញនៅថ្ងៃពុធនេះ។
នៅក្នុងពិធីជប់លៀងនោះលោក ស សុខា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន និងប្រធានប្រតិភូតំណាងឲ្យប្រទេសនីមួយៗដែលបានជួយសម្របសម្រួលធ្វើឲ្យកម្ពុជា ទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនេះផងដែរ។
លោក ស សុខា បានថ្លែងថា៖ «នេះជាលើកដំបូង និងថ្មីបំផុតសម្រាប់កម្ពុជា ក្នុងការទទួលរៀបចំកិច្ចប្រជុំនេះ ប៉ុន្តែខ្ញុំមានក្តីសប្បាយរីករាយក្រៃលែងបំផុត ព្រោះថាលើកទី ១ មានការខ្វះខាត ឬមិនគ្រប់ជ្រុងជ្រោយក៏ពិតមែន តែវាជាបទពិសោធដ៏ល្អបំផុត ដើម្បីយើងបានរៀបចំកែលម្អនូវចំណុចខ្វះខាត សម្រាប់ធ្វើឲ្យប្រសើរឡើងក្នុងការរៀបចំនាឱកាសក្រោយៗទៀត។ តែទោះបីជាយ៉ាងណាខ្ញុំសូមយកឱកាសនេះ សូមអភ័យទោសបើសិនជាការបដិសណ្ឋាកិច្ច ឬការរៀបចំទូទៅមានការខ្វះខាត និងសូមឲ្យការពិសាអាហារនៅល្ងាចអង្គារនេះបានឆ្ងាញ់ពិសា»៕