ក្រុងឡាអេ៖ តុលាការបានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេស ហ្គំប៊ី នឹងបើកសំណុំរឿងរបស់ខ្លួនប្រឆាំងនឹងប្រទេស មីយ៉ាន់ម៉ា នៅចំពោះមុខតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ដោយបានចោទប្រទេសភាគច្រើនកាន់ពុទ្ធសាសនា ពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងជនមូស្លីមរ៉ូហ៊ីងយ៉ារបស់ខ្លួន។
ប្រទេស អាហ្វ្រិក តូចនេះ ដែលភាគច្រើនកាន់សាសនាមូស្លីម នឹងស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចេញបញ្ជាបន្ទាន់មួយ ដើម្បីការពារជនរ៉ូហ៊ីងយ៉ាទាំងនោះ ដោយរង់ចាំសេចក្តីសម្រេចថា តើគួរដោះស្រាយសំណុរឿងដ៏ធំនេះបែបណា?
សំណុំរឿងរបស់ប្រទេស ហ្គំប៊ី នៅ ICJ ចោទប្រកាន់មីយ៉ាន់ម៉ាពីបទរំលោភសន្ធិសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍អង្គការសហប្រជាជាតិឆ្នាំ ១៩៤៨ តាមរយៈយុទ្ធនាការយោធាយ៉ាងសាហាវឃោរឃៅ ដោយយកជនភាគតិចរ៉ូហ៊ីងយ៉ានៅរដ្ឋរ៉ាក់ឃីនជាគោលដៅ។ សំណុំរឿងនោះ បានបន្ថែមទៀតថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ICJ បានថ្លែងថា ខ្លួននឹងធ្វើសវនាការជាសាធារណៈនៅក្នុងសំណុំរឿងនេះពីថ្ងៃទី ១០ ដល់ ១២ ខែធ្នូ។
ប្រទេស ហ្គំប៊ី បាននិយាយថា ខ្លួនដាក់ពាក្យប្តឹងក្នុងនាមជាអង្គការនៃកិច្ចសហប្រតិបត្តិការអ៊ិស្លាមមានប្រទេសសមាជិកចំនួន ៥៧។
ជនរ៉ូហ៊ីងយ៉ាប្រហែល ៧៤ ម៊ឺននាក់ ត្រូវបានបង្ខំឲ្យរត់ភៀសខ្លួនចូលនៅក្នុងជំរំនានានៅក្នុងប្រទេស បង់ក្លាដែស ក្រោយពីមានការបង្ក្រាបដោយយោធារបស់ប្រទេស មីយ៉ាន់ម៉ា នៅក្នុងឆ្នាំ ២០១៧៕ AFP/PSA